(កំពត)៖ នៅព្រឹកថ្ងៃ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងអញ្ជើញជាព្រះរាជាធិបតីភាពដ៏ខ្ពស់បំផុត ក្នុងព្រះរាជពិធីរុក្ខទិវា នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត អមដំណើរ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដាក់នាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាជាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត។បន្ទាប់ពី លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតបានធ្វើរបាយការណ៍ ស្តីពីសក្តានុពលសំខាន់ៗ និងការរីចម្រើនលើគ្រប់វិស័យ នៅទូទាំងខេត្តរួចមក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖ ការប្រារព្វពិធីរុក្ខទិវានេះ មានអត្ថន័យសំខាន់ណាស់ចំពោះប្រទេសជាតិយើង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងក្របខណ្ឌកំណែទម្រង់សីុជម្រៅរបស់រាជរដ្ឋាភិបាល លើការថែរក្សាការពារព្រៃឈើ ការដាំដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីពហុប្រយោជន៍នៃព្រៃឈើ ហើយគោលនយោបាយដ៏ប្រពៃនេះត្រូវបានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋយើងចូលរួមយ៉ាងសកម្មនិងសស្រាក់សស្រាំបំផុត ។ផ្អែកលើគោលនយោបាយដ៏ត្រចះត្រចង់នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញយ៉ាងខ្លាំងក្លាដល់រដ្ឋបាលព្រៃឈើដែលជាសេនាធិការ និងដោយមានការចូលរួមសហការពីស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្តផងនោះ បានរៀបចំប្រារព្វ"រុក្ខទិវា"នៅលើទីតាំងតាមបណ្តារាជធានី-ខេត្តជារៀងរាល់ឆ្នាំនាពេលកន្លងមក។លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ជាលទ្ធលជាក់ស្តែងគិតចាប់ពីឆ្នាំ១៩៨៩រហូតមកដល់ឆ្នាំ២០១៧ ពិធី"រុក្ខទិវា"បានប្រារព្វធ្វើនៅតាមបណ្តារាជធានី-ខេត្តមានចំនួន១៤ ទូទាំងប្រទេស សរុបចំនួន២៧លើក នៅលើផ្ទៃដីទំហំ៤៨៤,៦៥ហិកតា ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ចាម ព្រះសីហនុ មណ្ឌលគិរី និងព្រះវិហារ ហើយទទួលបានផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមានលើការបង្កើតធនធាន និងគម្របព្រៃឈើឡើងវិញ។តាមព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានរាជបន្ទូលថា ព្រៃឈើជាប្រភពធនធានធម្មជាតិដ៏ប្រសើរមួយមិនអាចខ្វះបានសម្រាប់ធានាអាយុជីវិតប្រជារាស្ត្រយើង ហើយចាំបាច់យើងត្រូវតែរក្សាការពារ និងប្រើប្រាស់ផល និងអនុផលព្រៃឈើឲ្យបានសមស្រប។ដូច្នេះពិធី"បុណ្យរុក្ខទិវា"ជាសកម្មភាពដ៏ឧត្តុង្គឧត្តម ដែលយើងរួបរួមគ្នាស្តារ និងថែរក្សាប្រភពធនធានជាតិដ៏សំខាន់ ជារតនសម្បតិ្តដ៏មានតម្លៃសម្រាប់លើកស្ទួយសង្គមជាតិយើង។ពិសេសព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាការរំឭកនិងចងចាំផងដែរនូវព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបដិសន្ធិ "បុណ្យរុក្ខទិវា"នេះឡើងជាព្រះរាជប្បវេណីតាំងពីឆ្នាំ១៩៥២ នៅសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៅក្នុងសង្គមជាតិយើងទាំងមូល ហើយនៅទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា"បុណ្យរុក្ខទិវា"តរៀងមកទល់បច្ចុប្បន្ននេះ។ទិវានេះពិតជាផ្តល់នូវឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាតិយើង ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ជាសក្ខីកម្មបង្ហាញពីសាមគ្គីភាពស្អិតល្មួតរវាងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើ ការពារថែរក្សាព្រៃឈើ សត្វព្រៃគ្រប់ប្រភេទ ដើម្បីផ្តល់សារប្រយោជន៍ដ៏សម្បូរបែបដល់សង្គមជាតិយើងទាំងមូល។ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រទាននូវសម្ភារៈ និងថវិកាមួយចំនួន ដល់លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលចូលរួមក្នុងពិធីនេះ និងដាំដើមឈើជានិមិត្តរូបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ