ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្បែរស្តង់ពោត និងដំឡូងមីមួយកន្លែង ស្ថិតនៅចំណុចភ្នំដោះក្រមុំ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានត្អូញត្អែរថា សព្វថ្ងៃនេះ ពួកគាត់ពិតជាទ្រាំរស់នៅទាំងក្តីលំបាកវេទនា អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ឱ្យតែដល់រដូវប្រមូលផលម្តងៗ ខណ:ពេលដែលឈ្មួញ ធ្វើការកិនពោត ឬដំឡូងមីម្តងៗ បណ្តាលឱ្យហុយកំទេច ចូលទៅក្នុងផ្ទះរបស់ពួកគាត់ ធ្វើឱ្យលំបាកក្នុងការដកដង្ហើម ការហូបអាហារ និងបង្កទៅជាជម្ងឺរោគារផ្សេងៗ ដូចជាផ្តាសាយ រលាកបំពង់ក ជាពិសេសកុមារតូចៗ តែម្តង ។ ពួកគាត់ធ្លាប់ប្តឹងទៅខាងអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យចុះទៅពិនិត្យកែតម្រូវដែរ ស្រាប់តែក្រោយមកខាងឈ្មួញនៅបង្កផលប៉ះពាល់ដល់បរិស្ថានដដែល និងកាន់តែលើសដើម ដោយមិនខ្លាចញញើតនឹងច្បាប់នោះឡើយ ។ ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ប៊ុន អឿន អាយុ៦១ឆ្នាំ បានរៀបរាប់កាលពីរសៀលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៨នេះថា ពួកគាត់ពិតជាលំបាកក្នុងការរស់នៅយ៉ាងខ្លាំង ពេលដល់រដូវប្រមូ លផលម្តងៗ ឈ្មួញតែងតែយកម៉ាស៊ីនកិនពោត និងដំឡូងមី ក្នុងស្តង់របស់ខ្លួន នៅពីលើខ្យល់ ដែ លជាហេតុធ្វើឱ្យកំទេចធូលីសារធាតុពុល រមាស ហុយចូលទៅក្នុងផ្ទះរបស់គាត់ បង្កជាកម រមាស និងលំបាកក្នុងការដកដង្ហើម ។ គាត់បន្តទៀតថា ជាពិសេសកូនចៅតូចៗ របស់គាត់ បានកើតជម្ងឺគ្រុនរងា និងរលាកផ្លូវដង្ហើម ស្ទើរតែ១ខែ ៣០ថ្ងៃទៅហើយ ព្រោះឈ្មួញកិនបង្ហុយធូលីពោត និងដំឡូងមីចូលទៅក្នុងផ្ទះរបស់គាត់ពេញទំហឹងតែម្តង ។ លើសពីនេះ បើសិនជាឈ្មួញនៅតែធ្វើបែបនេះបន្តទៀត មើលទៅគ្រួសាររបស់គាត់នឹងទទួលរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរទៅៗ ជាក់ជាមិនខាន ឡើយ ខណ:ធ្លាប់ប្តឹងទៅអាជ្ញាធរ និងមន្ទីរបរិស្ថានដែរ ក្រោយពីចុះពិនិត្យរួច ក៏ស្ងាត់ឈឹងទៅវិញតែម្តង តើឱ្យប្រជាពលរដ្ឋមានសង្ឃឹមអ្វីទៀត បើមិនអើពើបែបនេះ ។ គាត់បញ្ជាក់ថា ការសាងសង់ស្តង់ពោត និងដំឡូងមីនេះ គឺគេធ្វើក្រោយផ្ទះរបស់ពួកគាត់ ដោយក្រុមឈ្មួញទើបតែសាងសង់ឡើងកាលពីរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។ បើនៅរដូវភ្លៀងធ្លាក់ជោកជាំវិញ ក្លិនស្អុយដំឡូងមី ពិតជាបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ក្រុមគ្រួសារគាត់ ពោលគឺស្អុយសារធាតុពុលដំឡូងមី ដោយម្នាក់ៗ ស្ទើរតែលេបបាយមិនចូលនោះឡើ យ ព្រោះស្អុយជាងលាមកទៅទៀត ហើយក៏មានដង្ហូវវាររវីមរវាមតាមប្រឡាយពេលកំទេចដំឡូងមីស្អុយរលួយទៅនោះគួរឱ្យខ្ពើម លុះសត្វមាន់ទាដែលចិញ្ចឹមចុះទៅផឹកទឹកនោះ បណ្តាលឱ្យងាប់អស់ គ្មានសល់អ្វីមួយឡើយ ។ គាត់ក៏សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាខាងមន្ទីរបរិស្ថានខេត្ត មេត្តាចុះទៅត្រួតពិនិត្យ ណែនាំដល់ម្ចាស់ស្តង់ខាងលើ ឱ្យរៀបចំយ៉ាងណា ត្រឹមត្រូវតាមលក្ខណ:ស្តង់ដារផងដែរ ព្រោះបើចេះតែបណ្តែតបណ្តោយបែបនេះ ប្រជាពលរដ្ឋក្រីក្រដូចជាគ្រួសាររបស់គាត់ មិនដឹងជានាំគ្នាទៅរស់នៅទីណានោះទេ ។ ភ្នាក់ងារយើងបានទាក់ទងទៅម្ចាស់ស្តង់ខាងលើដែលមាន ឈ្មោះថា វ៉រ៉ាវ៉ាត់ ធូនីយ៉ាផល (WORRAWAT TUNYAPHOL) ដើម្បីធ្វើការបំភ្លឺដែរ តែទូរស័ព្ទអត់ចូល ។ ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកអត់ដឹងរឿងនេះទេ លុះក្រោយពីទទួលបានព័ត៌មាននេះ ខាងលោកនឹងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅត្រួតពិនិត្យនៅព្រឹកថ្ងៃស្អែកនេះ ដើម្បីឱ្យម្ចាស់ស្តង់កែតម្រូវឡើងវិញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ