(កំពត)៖ នៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៨នេះ នគរបាលជំនាញនៃអធិការក្រុងកំពត បានឃាត់ និងប្រមូលរថយន្តធុនធំជាច្រើនគ្រឿង ដើម្បីធ្វើការអប់រំណែនាំ ដល់ម្ចាស់រថយន្តដឹកដី ដឹកថ្មក្រួសនានា ឲ្យបង្អាកសកម្មភាពដឹកជញ្ជូនឆ្លងកាត់ក្រុងកំពតមួយរយៈខ្លី ខណៈចំណុចដងផ្លូវជាច្រើនកន្លែង បាននិងកំពុងជួសជុល បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់បន្តជាប់គ្នាជាង១០ថ្ងៃកន្លងមកនោះ។ទាក់ទិននឹងការឃាត់-ប្រមូលរថយន្តខ្នាតធំប្រភេទដឹកដីដូចខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ការអនុវត្តបែបនេះ តាមគោលការណ៍របស់រដ្ឋបាលក្រុងកំពត ដែលតម្រូវឲ្យសមត្ថកិច្ចត្រូវតែឃាត់និងប្រមូលរថយន្តដឹកដី ដឺកខ្សាច់-ថ្ម និងរថយន្តដឹកទំនិញខ្នាតធំមកកាន់អធិការដ្ឋាន ក្នុងគោលបំណងហៅម្ចាស់រថយន្តមកណែនាំដើម្បីសុំផ្អាកការដឹកជញ្ជូនដី ថ្ម ខ្សាច់ និងទំនិញធុនធ្ងន់ឆ្លងកាត់ផ្លូវជាតិ និងផ្លូវក្នុងក្រុងដើម្បីទុកឱកាសឲ្យផ្នែកជំនាញធ្វើការជួសជុលផ្លូវដែលកំពុងខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ភ្លៀងកន្លងមក។លោកលាង រឿនសុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកំពត បានប្រាប់កម្ពុជាថ្មី ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៨នេះថា ការឃាត់រថយន្តដឹកដី ដឹកថ្ម-ខ្សាច់និងរថយន្តដឹកទំនិញធុនធំខាងលើ គឺអនុវត្តតាមបទបញ្ជា របស់លោកអភិបាលខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួលដល់ការជួសជុលដងផ្លូវសំខាន់ៗជាច្រើនក្នុងភូមិសាស្ត្រក្រុងកំពត ខណៈផ្លូវខាងលើរងការខូចខាតជាច្រើនអន្លើ បន្ទាប់ពីទឹកភ្លៀងជោរជន់រយៈពេលជាង១០ថ្ងៃកន្លងមកនោះ។លោកអភិបាលក្រុងកំពត បានបញ្ជាក់ទៀតថា ការជួសជុលផ្លូវជាតិលេខ៣និងផ្លូវមួយចំនួនទៀត ផ្នែកជំនាញនឹងខិតខំអនុវត្តឲ្យបានរួចរាល់នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ទើបតម្រូវឲ្យម្ចាស់រថយន្តដែលធ្វើអាជីវកម្មដឹកជញ្ជូនធុនធ្ងន់សូមផ្អាកធ្វើចរាចរចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០១ខែសីហា ឆ្នាំ២០១៨ ហើយអនុញ្ញាតឲ្យដំណើរការវិញអំឡុងពេលបោះឆ្នោតរួចរាល់។សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈមានភ្លៀងធ្លាក់បន្តបន្ទាប់ជាច្រើនថ្ងៃ ដោយស្របពេលមានការលិចលង់ផ្លូវជាតិលេខ៤(ភ្នំពេញ-ព្រះសីហនុ)និងត្រូវបិទមិនឲ្យចរាចរផងនោះ ទើបមានរថយន្តខ្នាតធំជាច្រើនគ្រឿងត្រូវបង្ខំចិត្តដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៣ និងឆ្លងកាត់ខេត្តកំពត ហើយក៏បានបណ្តាលឲ្យផ្លូវក្នុងភូមិសាស្ត្រក្រុងកំពតទាំងមូល ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ជាមួយគ្នានេះដែរ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ក៏បានជំរុញដល់ផ្នែកជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ត្រូវសម្រុកជួសជុលផ្លូវជាតិលេខ៣ និងផ្លូវក្នុងក្រុងកំពតដែលកំពុងខូចខាតឲ្យបានរួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៨ ពោលគឺត្រូវអនុវត្តឲ្យបានរួចរាល់មុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ