(កំពត)៖ ផ្លូវជាតិលេខ៣ ដែលឆ្លងកាត់ខេត្តកំពតរងការខូចខាតដោយសារតែគ្រោះទឹកជំនន់ មួយសប្តាហ៍កន្លងមកដែលផ្លូវជាតិលេខ៤បានត្រូវផ្អាកការធ្វើចរាចរដឹកជញ្ជូនមួយរយៈ ហើយរថយន្តតូចធំដែលដឹកទំនិញចេញពីខេត្តព្រះសីហនុទៅភ្នំពេញ ពីភ្នំពេញទៅកាន់ខេត្តព្រះស៊ីហនុ គឺត្រូវធ្វើចរាចរ តាមផ្លូវជាតិលេខ៣ដោយឆ្លងកាត់តាមខេត្តកំពតអស់មួយរយៈមកនោះ។ ដោយសារតែការធ្វើចរាចរទាំងយប់ទាំងថ្ងៃរបស់រថយន្តដឹកទំនិញតូចធំខាងលើ ផ្លូវជាតិលេខ៣ដែលឆ្លងកាត់ខេត្តកំពតបានរងការខូចខាតអស់ជាច្រើនកន្លែងបើតាមតួរលេខប្រវែងនៃការខូចខាតសរុបចំនួន១៥គីឡូម៉ែត្រ។ បន្ទាប់ពីមានករណីខូចខាតផ្លូវជាច្រើនកន្លែងខាងលើ លោកអភិបាលខេត្តក៏បានសំណូមពរ ទៅក្រសួងសារធារណការនិងដឹកជញ្ជូន ដើម្បីសុំឲ្យជួយជួសជុលផ្លូវដែលរងការខូចខាតនេះឡើងវិញ ។ដោយមានការស្នើសុំរបស់លោក អភិបាលខេត្តកំពត លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ញ្ជនបានឲ្យមន្ត្រីជំនាញចុះពិនិត្យនិងសិក្សាការខូចខាតផ្លូវខាងលើ ហើយក៏បានប្រគល់ការងារជួសជុលផ្លូវដែលខូចខាតខាងលើជូនទៅក្រុមហ៊ុនចិនមួយ ដើម្បីធានានៃការជួសជុលផ្លូវខូចខាតដែលមានប្រវែង ១៥ គីឡូម៉ែត្រ គឺចាប់ពីព្រំប្រទល់ខេត្តព្រះស៊ីហនុ មកដល់ចំណុចផ្លូវបំបែកដូនស៊យ ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នងស្រុកទឹកឈូ ខេត្តកំពត គឺ PK130+50ទៅដល់PK 145+ 770 និងផ្លូវលេខ41ផងដែរ។ ប៉ុន្តែការជួសជុលផ្លូវខាងលើបើតាមមន្ត្រីមន្ទីរសាធារណការខេត្តម្នាក់បានឲ្យដឹងថា ផ្លូវដែលត្រូវជួសជុលខាងលើ ត្រូវបានក្រុមហ៊ុន២ដេញថ្លៃជួសជុល គឺក្រុមហ៊ុនទី១ (ក្រុមហ៊ុនចិន) ជួសជុលពីផ្លូវបំបែកដូនស៊យនិងកំណាត់ផ្លូវលេខ៤១ ផង រហូតមកដល់ស្ពានព្រះពន្លា ។ ហើយចាប់ពីស្ពានព្រះពន្លារហូតដល់ព្រំប្រទល់ខេត្តព្រះស៊ីហនុមានក្រុមហ៊ុនមួយផ្សេងទៀតបានដេញថ្លៃជួសជុលផងដែរ។ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យផ្ទាល់និងមើលការជួសជុលផ្លូវរបស់ក្រុមហ៊ុនចិនដែលកំពុងធ្វើសកម្មភាពកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៨នេះផងដែរ។ បើតាមប្រភពពត៌មានពីក្រុមការងារក្រសួងបានឯកភាពជាមួយក្រុមហ៊ុនទាំងពីរដែលបានធានាការជួសជុលផ្លូវខាងលើគឺក្នុងរយៈពេលមួយសប្តាហ៍ឲ្យហើយរួចរាល់ជាស្ថាពរ ឲ្យបានមុនថ្ងៃបោះឆ្នោត គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ជាមួយនិងការជួសជុលផ្លូវដែលខូចខាតឲ្យល្អឡើងវិញនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមដល់ម្ចាស់ក្រុមហ៊ុនដែលមានរថយន្តធំៗដឹកទំនិញទាំងអស់ សូមបងប្អូនមេត្តាយោគយល់កុំផ្ទុកទំនិញហួសចំណុះដូចពេលកន្លងមកបន្តទៅទៀត វានាំបណ្តាលឲ្យខូចខាតផ្លូវជាតិរបស់យើងហើយការជួសជុលក៏ត្រូវខាតបង់ថវិកាជាតិអស់យ៉ាងច្រើនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ