ឯ.ឧ ស សុខា និង ឯ.ឧ ជា សុមេធី ប្រគល់អំណោយជាគ្រឿង ឧបភោគបរិភោគ សម្ភារសិក្សាជាច្រើន ជូនអង្គការក្មេងកំព្រា និងពិការចំនួន៥ ក្នុងខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រគល់អំណោយជាគ្រឿង ឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារក្មេងលេងជាច្រើន
ជូនអង្គការក្មេងកំព្រានិង សហព័ន្ធនារីពិការ ចំនួន០៥ ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រោយពីប្រគល់អំណោយ ក៏មានការរៀបចំអាហារសាមគ្គីជូនដល់កុមារកំព្រា និងនារីពិការផងដែរ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់បងប្អូនពិការ និងកុមារកំព្រាជានិច្ចកាល។
ក្នុងនោះ ដើម្បីលើកកម្ពស់តម្លៃជនពិការ រាជរដ្ឋាភិបាល បានបង្កើតច្បាប់ស្ដីពីជនពិការ ដោយតម្រូវឲ្យទទួលជនពិការធ្វើការងារទាំងរដ្ឋ និងឯកជន ព្រមទាំងតម្រូវឲ្យតាមអគាររដ្ឋ ឯកជន តាមទីសាធារណៈ ត្រូវធ្វើជម្រាលសម្រាប់ជនពិការងាយធ្វើដំណើរចេញចូលចុះឡើង។
ចំណែកកុមារកំព្រាវិញ ឯកឧត្តម ស សុខា ក៏បានថ្លែងលើកទឹកចិត្តផងដែរថា ជាការពិត ប្អូនៗក្មេងកំព្រាទាំងអស់ ដោយសារឪពុកម្ដាយស្លាប់ ព្រោះជំងឺអេដស៍ ឫគ្រោះថ្នាក់ផ្សេងៗទៀត ប៉ុន្តែប្អូនៗមិនឯកោទេ ប្អូនៗមានអ្នកយកចិត្តទុកដាក់ មានភាពកក់ក្ដៅ ពិសេសប្អូនៗ មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនដើម្បីឈានទៅមុខ។ អ្វីដែលសំខាន់ប្អូនៗត្រូវតែរឹងប៉ឹង ត្រូវតែជឿជាក់លើខ្លួនឯង ហើយដាក់ក្ដីសុបិន្ត ឫគោលដៅទៅមុខឲ្យច្បាស់ រួចធ្វើដំណើរពីមួយជំហានទៅមួយជំហាន។
ឯកឧត្តមបន្តទៀតថា ក្នុងនាមយុវជនម្នាក់ និងក្រុមការងារ ខ្ញុំនឹងបន្តគាំទ្រផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗតាមរូបភាពនានា ដោយប្រឹងឲ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ជាអាទិ៍ ដូចជា ការកៀរគរជំនួយឧបត្ថម្ភជីវភាពរស់នៅ និង ការសិក្សា ។ ជំរុញលើកទឹកចិត្តការសិក្សាបន្ត របស់ប្អូនៗតាមរយៈការស្វែងរកអាហារូបករណ៍ ទាំងក្នុង និង ក្រៅប្រទេសជូនប្អូនៗ។ ក្រៅពីនេះ ក៏នឹងស្វែងរកឱកាសការងារទាំងក្នុងវិស័យឯកជន និងក្របខណ្ឌរដ្ឋជាដើម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អំណោយដែលឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងផ្តល់ជូនក្នុងឱកាសនោះ រួមមាន ៖
១.មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ទទួលបាន ៖ អង្ករ ១តោន , កុំព្យូទ័រ ១គ្រឿង , សៀវភៅសរសេរ ៤០០ក្បាល , ប៊ិច ទឹកលប់ , កាបូបស្ពាយ ៤៥ , សឺមីកាបូប សំភារ:សិក្សា ថ្នាំដុសធ្មេញ ៥០កញ្ចប់ , មី ៥កេសធំ , នំកញ្ចប់ ៣០០កញ្ចប់ , ត្រីខ ១០០កំប៉ុង , សាប៊ូដុំ ៥០ដុំ , ថ្នាំដុសធ្មេញ ៥០ប្រអប់ , សំភារ:ក្មេងលេង ៣ឈុតធំ , សាប៊ូ កក់សក់ ១០កេស , ប្រអប់ដាក់បាយ ៤៨សំរាប់ , សំលៀកបំពាក់កីឡា ៥០កំប្លេរ , សំលៀកបំពាក់មួយចំនួន ។
២.សហព័ន្ធនារីពិការ ទទួលបាន ៖ អង្ករ ១តោន, រទេះពិកា ៥សំរាប់ ,កុំព្យូទ័រ ១គ្រឿង ,សៀវភៅសរសេរ ២០០ក្បាល ,កាបូបស្ពាយ ៤៥ , មី ៥កេសធំ , ត្រីខ ១០០កំប៉ុង , សាប៊ូ Life boy ៥០ដុំ , ថ្នាំដុសធ្មេញ ៥០ប្រអប់ ,សាប៊ូកក់សក់ ១០កេសធំ , ប្រអប់ដាក់បាយ ៤៨ , សំលៀកបំពាក់កីឡា ៥០កំប្លេរ ។
៣.អង្គការតំណក់ទឹក ទទួលបាន ៖ អង្ករ ១តោន ។
៤.អង្គការ មេកាលា ទទួលបាន ៖ អង្ករ ១តោន ។
៥.អង្គការ ពន្លឺនៃក្តីសង្ឃឹម ទទួលបាន ៖ អង្ករ ១តោន៕