ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅតាមបណ្តាញសង្គម និងតាម គេហទំព័រសារព័ត៌មាននានាក្នងស្រុកជាច្រើន បានចុះផ្សាយ ព្រោងព្រាតពីទង្វើប្រឆាំងនឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងគឃ្លើន ពីសំណាក់មេឈ្មួញឈើជាស្ត្រីជើងខ្លាំងឈ្មោះចែណាត ដ៏ល្បី នៅខេត្រតនគិរី បាននឹងកំពុងធ្វើសកម្មភាពជួញដូរឈើជារៀងរាល់ថ្ងៃទៅលក់នៅស្រុកយួន ដោយមិនកោតខ្លាចនឹងការ បង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញណាឡើយ។ ផ្ទុយទៅវិញ គឺហ៊ានបែរក្បាលចង់ខាំសម្លាប់មន្ត្រីជំនាញរដ្ឋាបាលព្រៃឈើទៅវិញ ។ ជាក់ស្តែងករណីលោក ទន់ វីរៈភាព នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំត្រូវអ្នករកស៊ីដឹកឈើព្រលះយ៉ាងដំណំមិនសំចៃមាត់ ខណៈលោកដេញចាប់ បង្ក្រាបឡានដឹកឈើរបស់ចែណាត នៅក្នុងស្រុកបរកែវ ។ ហេតុការណ៍ដ៏កក្រើកមួយនេះ បានកើតឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល លើផ្លូវជាតិលេខ៧៨អា ត្រង់ចំណុចលើទួលអូរត្រាវ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតន:គីរី។បើតាមការឲ្យដឹងពី លោក ទន់ វីរភាព មុខងារនាយរងផ្នែករដ្ធបាលព្រៃឈើ ស្រុកអូរជុំ ជាអ្នកចុះចាប់ផ្ទាល់ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា នៅក្នុងសកម្មភាព ចុះបង្ក្រាបនេះគាត់មានគ្នាពីរនាក់ បានឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលមានស្លាកលេខ កំពុងចាម ២A-៥៥៨៨ ពណ៌សរផ្ទុកឈើប្រភេទធ្នុង ពេញមួយឡានសាំយ៉ុង បំណងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ។ លោកបានបន្តទៀតថា ពេលដែលលោកបានឃាត់រថយន្តដឹកឈើនោះ ម្ចាស់រថយន្តមិនព្រមឈប់ នឹងបើកបន្តព្យាយាមរត់គេចដោយឃើញសកម្មភាព មេឈ្មួញធ្វើបែបនេះលោក ទន់ វីរភាព នាយរងផ្នែករដ្ធបាលព្រៃឈើអូរជុំ បានយកដែកស្រួចចាក់បំបែកកង់ឡានដឹកឈើ ស្រាប់តែមានក្រុមឈ្មួញដែលមានគ្នាជាច្រើននាក់ មកចាប់តោងដៃមេព្រៃមិនឲ្យចាក់កង់ឡាន នឹងរុញទ្រូងមេព្រៃឲ្យផ្ងារក្រោយ និងមានបក្សពួកខាងឈ្មួញឈើពីរទៅបីនាក់ទៀត តោងបំពង់ទីប គំរាមវៃមេព្រៃទៀតផង។ ដែលមើលទៅគឺហាក់មានចេតនាប៉ុនប៉ង ធ្វើមនុស្សឃាតមកលើមន្ត្រីរដ្ឋាបាលព្រៃឈើ ។ ប្រភពបន្តថា ខណ:នោះ លោកមេព្រៃបានចាក់កង់ឡានបែក ដូចបំណង ពេលនោះក្រុមឈ្មួញ បានដូរកង់ឡាន រត់ទៅមុខបន្តទៀត រួចមេព្រៃបានបើកឡានម៉ាកលុចសុីស៣៣០កាក់ឡានដឹកឈើបន្ត ពេលនោះក្រុមឈ្មួញ យកឡានសេរីទំនើប ២គ្រឿងទៀត មកគៀររថយន្តមេព្រៃដូចនៅក្នុងរឿងហូលីវ៉ូតអញ្ចឹងហេតុការណ៍នេះធ្វើឲ្យ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរថយន្តលោកមេព្រៃ រងការខូចខាតដោយឆ្កូតថ្នាំខាងឆ្វេងយ៉ាងដំណំ។លោក ទន់ វីរភាព បានអះអាងថា អត់មានរបួសធ្ងន់ធ្ងរទេ គ្រាន់តែគ្រិចកដៃខាងស្តាំ ពេលដេញគៀរគ្នា តែរថយន្តដឹកឈើរត់គេចបានតែជាង២០គីឡូ ក៏ចាប់បានវេលាម៉ោង៧យប់ ក្នុងថ្ងៃដដែល ត្រង់ចំណុចភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ ។បច្ចុប្បន្ន វុត្ថុតាងឈើ និងរថយន្តយកមករក្សាទុក្ខនៅផ្នែករដ្ធបាលព្រៃឈើស្រុកបរកែវ ដើម្បីចាត់វិធាន ការតាមនិតិវិធីច្បាប់ ។លោក ទន់ វីរភាព បានបន្តទៀតថា មុននឹងឈានដល់ការបង្ក្រាបរថយន្តដឹកឈើនេះ បានមានការលំបាកខ្លាំង ដោយមានបទបញ្ជាពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានបន្ថែមកម្លាំងមេព្រៃ ៧ទៅ៨នាក់ទៀត ទើបចាប់បាន ហើយលោកទន់ វីរភាព បានអះអាងថា មេឈ្មួញដែលជាម្ចាស់ឈើ និងរថយន្ត មានឈ្មោះ ទូច និងប្រពន្ធឈ្មោះ ណាត ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតន:គីរី។ បើតាមរបាយ ការណ៍បានបញ្ជាក់ថា ក្នុងករណីដូចគ្នាដែល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក៏មានរថយន្តសាំយ៉ុង ដឹកឈើដែលមានស្លាកលេខ ភ្នំពេញ ២A-០៩០៩ បានបុកជាមួយឡានក្រុមអ្នកសារពត៌មាន បណ្ដាលឲ្យបែកកញ្ចក់រថយន្ត និងកាំម៉ារីគូទស្វិត ចំនួន៤គ្រឿង របស់នាក់កាសែត ខូចខាតយ៉ាងដំណំ បច្ចុប្បន្ន សមកិច្ចប៉ូលិសស្រុកកូនមំុ យកមករក្សាទុក២គ្រឿង ឡាននាក់កាសែតចំនួន២គ្រឿងទៀត បើករត់គេចបាត់់ សមត្ថកិច្ចស្រុកកូនមុំ បានឲ្យដឹងថា នៅរសៀលថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨ មានបងប្អូននាក់កាសែត ដែលជាម្ចាស់ឡាន មកសុំយករថយន្តគាត់វិញ តែសមកិច្ចមិនទាន់ប្រគល់ជូនទេ ដោយរង់ចាំថ្នាក់លើបញ្ជារមកសិន ទើបហ៊ានប្រគល់ជូន ។មហាជន និងប្រជាពលរដ្ឋបានលើកឡើងជាមតិ យោបល់ថា ថ្នាក់លើ ពិសេសក្រសួងកសិកម្ម ដែលមាន លោក វ៉េង សុខុន ជារដ្ឋមន្ត្រី ហើយកាន់តែពិសេសទៅទៀត គឺសម្តេចតេជោ ហ៊ុន សែន ផ្ទាល់តែម្តងគួរតែជួយអន្តរាគមន៍ លើកទឹកចិត្តដល់មន្ត្រីជំនាញរដ្ឋាបាលព្រៃឈើដែលតស៊ូ លះបង់អាយុជីវិតហ៊ានចេញមុខប្រដេញចាប់បង្ក្រាបពួកឈ្មួញឈើយ៉ាងអង់អាច ដូចលោក ទន់ វីរៈភាព គឺបានទទួល រងនូវការជេរប្រមាថជាសាធារណៈយ៉ាងអសីលធម៌ ។ ដូច្នេះមិនគួរណាលោក រដ្ឋមន្ត្រី វ៉េង សុខុន សម្ងំឈឹងបែបនេះទេ ឬ ទុកអោយឈ្មួញឈើជេរប្រមាថមន្ត្រីថ្នាក់ក្រោមតាមអំពើចិត្ត ចឹងឬ ? ។ ដោយឡែកលោក វីរៈភាពបានអោយដឹងចុងក្រោយ មុននេះបន្តិចថា លោក បានត្រៀមរៀបចំឯកសារដាក់ពាក្យ បណ្តឹង ប្តឹងចែណាត និង ប្តី របស់គាត់ទៅស្ថាប័នអយ្យការ ខេត្តរតនគិរីហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ