កំពត ៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាំគ្នាចោទប្រកាន់ថា ចេះធ្វើអំពើអាប ធ្មប់ និងចេះមន្តអាគមអូមអាម(ផ្លូវងងឹត) ដែលកន្លងមកតែងតែបង្កហេតុធ្វើឲ្យមនុស្សឈឺនិងស្លាប់ជាហូរហែរ លុះមានរឿងកើតឡើងផ្ទួនៗបែបនេះ ទើបប្រជាពលរដ្ឋក្នុងភូមិចេះតែនាំគ្នាសរសេរបង្ហោះFacebookចោទប្រកាន់មកលើស្ត្រីម្នាក់នោះ ថាជាអ្នកធ្វើអំពើមកលើសាច់ញាតិរបស់ខ្លួនឲ្យឈឺរាំុរ៉ៃមើលមិនជារហូតដល់មានអ្នកខ្លះស្លាប់ជាបន្តបន្ទាប់ទៀតផង។ការមានប្រតិកម្មឈានដល់ប្រមូលផ្តុំគ្នានេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៨ នៅឯសាលាឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈពេលពលរដ្ឋក្នុងភូមិដឹងថា ស្ត្រីសង្ស័យចេះអាប ធ្មប់នោះធ្វើដំណើរមកកាន់ប៉ុស្តិ៍ប៉ូលិស ដោយមានការសួនាំពីសំណាក់ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមសមត្ថកិច្ច។ប្រជាពលរដ្ឋក្នុងភូមិកណ្តាលទួលទាំងមូលបានអះអាងថា កន្លងមកអ្នកភូមិនេះឧស្សាហ៍មានអ្នកឈឺថ្កាត់មានសភាពរាំុរ៉ៃមើលមិនដែលជា ហើយអ្នកជំងឺទាំងនោះត្រូវបានស្លាប់ជាបន្តបន្ទាប់ ដោយករណីបែបនេះកើតឡើងជាយូរឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចហាក់គ្មានចាប់អារម្មណ៍នោះឡយ។អ្នកភូមិដដែលបានរៀបរាប់ទៀតថា កាលពីមុនគេធ្លាប់លេចឮថា ដូនចាស់ត្រូវជាម្តាយរបស់ស្ត្រីនេះបានរៀបអាសនៈ មានរៀបបាយសីនៅក្នុងផ្ទះយ៉ាងធំ ហើយម្តាយរបស់ស្ត្រីនេះជាអ្នកចេះវិជ្ជាផ្លូវងងឹត ដោយគាត់មុននឹងស្លាប់ទៅក៏បានផ្ទេរមន្តអាគមន៍នេះទៅឲ្យស្ត្រីឈ្មោះកោះ សុខ បន្តរហូតដល់សព្វថ្ងៃ ទើបពួកគាត់មានការសង្ស័យថាគាត់ពិតជាចេះវេទមន្តផ្លូវងងឹតនេះ។ អ្នកភូមិបានបញ្ជាក់ផងដែរថា ក្រោយពីអ្នកភូមិមានការសង្ស័យនិងនាំគ្នាបង្ហោះFacebookជាបន្តបន្ទាប់មក ស្ត្រីជាប់ពាក់ព៍ន្ធម្នាក់នេះ ក៌បានរុះរើអាសនៈចេញពីក្នុងផ្ទះអស់ក្នុងគោលបំណងបំបាត់ដាន ហើយពួកគាត់សង្ស័យថាស្ត្រីម្នាក់នេះពិតជាបានអ្នកប្រព្រឹត្តផ្លូវងងឹតធ្វើឲ្យអ្នកភូមិស្លាប់ពីម្នាក់ទៅម្នាក់យ៉ាងពិតប្រាកដ ហើយពួកគាត់ក៏សរសេរបង្ហោះក្នុងFacebookចោទប្រកាន់នេះ ក្នុងគោលបំណងឲ្យអាជ្ញាធរនិងសមត្ថកិច្ចបានដឹងដើម្បីសុំអន្តរាគមន៍។តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានខាងលើបានឲ្យដឹងថា ដើមចមដែលធ្វើឲ្យមានការចោទប្រកាន់បែបនេះ គឺមុនដំបូងកើតឡើងដោយសារស្ត្រីម្នាក់ដែលអ្នកភូមិចោទប្រកាន់ថាចេះអំពើអាប ធ្មប់ មានឈ្មោះកោះ សុខ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានមកប្តឹងសមត្ថកិច្ចថា មានប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិកណ្តាលទួលនាំគ្នាសរសេរសារបង្ហោះក្នុងFacebook ចោទប្រកាន់ថាគាត់ធ្វើអំពើងងឹតឲ្យគេឈឺនិងស្លាប់ជាច្រើននាក់។លុះប្រជាពលរដ្ឋដឹងថាស្ត្រីនេះមកប្តឹងសមត្ថកិច្ចដើម្បីទារសំណងពីអ្នកភូមិបែបនេះ ពួកគាត់ក៏បានលើកគ្នាមួយភូមិដែលមានគ្នាប្រមាណ២០០នាក់មកផ្តិចមេដៃនៅចំពោះមុខអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដោយចោទប្រកាន់ស្ត្រីឈ្មោះ កោះ សុខ នេះពិតជាចេះអំពើអាប(ផ្លូវងងឹត)បណ្តាលឲ្យអ្នកភូមិឈឺរាំុរ៉ៃ និងស្លាប់ជាបន្តបន្ទាប់មែន។ក្រោយពីមានការសាកសួរពីសមត្ថកិច្ច ស្ត្រីខាងលើនេះ បាននិយាយថា ខ្លួនមិនចេះធ្វើអំពើអាប-ធ្មប់ អ្វីឡើយ ហើយករណីចោទប្រកាន់បែបនេះគាត់មិនអាចទទួលយកបានឡើយ ព្រោះគាត់ក៏ជាស្ត្រីដូចគេឯងធម្មតា មិនចេះអាប ធ្មប់នោះទេ។ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋស្ថិតក្នុងភូមិកណ្តាលទួលទាំងមូល សុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចជួយធ្វើជាសាក្សី និងជួយជំរុញឲ្យស្ត្រី ឈ្មោះកោះ សុខ ទៅធ្វើពិធីស្បថស្បែ និងធ្វើសច្ចាប្រនិធាននៅមុខព្រះពុទ្ធរូប ក្នុងវត្តដងទង់ដែលល្បីថាស័ក្តិសិទ្ធិបំផុត ហើយអ្នកភូមិកណ្តាលទួលចំនួនដូចខាងលើនិងស្ត្រីឈ្មោះ កោះ សុខ បានព្រមព្រៀងគ្នារៀបចំពិធីស្បថស្បែនេះ នៅឯវត្តដងទង់ ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនេះ។ទាក់ទិននឹងអំពើផ្លូវងងឹត បែបជំនឿអរូបិយខាងលើនេះ មជ្ឈដ្ឋានមួយផ្នែកបានលើកឡើងថា ករណីមានជំងឺផ្សេងៗនៅតាមស្រុកស្រែ ចម្ការ ប្រជាពលរដ្ឋមួយភាគតូចតែងតែមានជំនឿលើបារមី ឬការបែរបន់ខ្មោចព្រាយ បិសាច ជួនកាលមានបញ្ជាន់អារក្ស និងការដង្វាយដោយភ្លេងពិណ្យពាធជាដើម។ចំណែកអ្នករស់នៅតាមទីប្រជុំជននិងតាមរាជធានី ខេត្ត ភាគច្រើនជឿលើផ្នែកវេជ្ជសាស្ត្រ ហើយអ្នកជំងឺតែងតែពឹងផ្អែកលើគ្រូពេទ្យព្យាបាលជំងឺ ដោយគេមិនសូវជឿមកលើអបិយជំនឿនោះឡើយ។យ៉ាងណាមិញការជឿស៊ុបនូវជំនឿមហិទ្ធឫទ្ធិដូចខាងលើ បើរឿងនេះមិនពិតប្រាកដវិញ អាចជាករណីលាបពណ៌រវាងគ្នានិងគ្នា ដែលធ្វើឲ្យមានការភាន់ច្រឡំ បង្កជាករណីគុំកួនគ្នាមិនចេះចប់មិនចេះហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ