(កំពត)៖ នៅព្រឹកថ្ងៃទី ១២ខែកក្កដា ឆ្នាំ២០១៨នេះនៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបប្រជុំជាមួយមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធនិងហសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ដើម្បីពិភាក្សាជាបន្ទាន់ ក្នុងគោលបំណងរិះរកមធ្យោបាយបច្ចេកទេសនៃការផលិតអំបិលសម្រាប់ជាការឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងប្រទេសឲ្យបានគ្រប់គ្រាន់តាមសេចក្ដីត្រូវការនាពេលខាងមុខ។លោក ជាវ តាយបានបញ្ជាក់ថា៖ អំបិលគឺជាផលិតផលមួយ មានការផលិតតែនៅក្នុងខេត្តកំពតនិងខេត្តកែបនៃប្រទេសកម្ពុជាយើងប៉ុណ្ណោះ ហើយអំបិលក៏បានបម្រើនូវប្រយោជន៍សំខាន់ច្រើនយ៉ាងនៃសេចក្ដីត្រូវការរបស់មនុស្ស ទាំងជីវភាពប្រចាំថ្ងៃ ក៏ដូចវិស័យឧស្សាហកម្ម សិប្បកម្ម និងកសិកម្មផងដែរ។ ក៏ប៉ុន្តែនៅប្រទេសកម្ពុជាយើងការផលិតអំបិលបច្ចុប្បន្ននេះផ្អែកទៅតាមលក្ខណៈធម្មជាតិផ្ដេកផ្ដួលទៅតាមរដូវកាលនិងអាកាសធាតុអំណោយផលដែលធ្វើឲ្យការផលិតទទួលទិន្នផលមិនទៀងទាត់។ជាក់ស្ដែង ការផលិតអំបិលឆ្នាំ២០១៨នេះមិនបានទទួលលទ្ធផលល្អឡើយដោយមូលហេតុអាកាសធាតុមិនអំណោយផលដោយសារមានភ្លៀងធ្លាក់ពេញមួយរដូវនៃការផលិត។លោកថា៖ដោយមើលឃើញពីហេតុផលទាំងនេះ សម្រាប់ជាចក្ខុវិស័យវែងឆ្ងាយដើម្បីបញ្ជៀសនូវហានិភ័យកើតឡើងពីបញ្ហាការផ្គត់ផ្គង់សេចក្ដីត្រូវការអំបិលប្រើប្រាស់គ្រប់គ្រាន់ក្នុងប្រទេសក៏ដូចជាការនាំចេញផងដែរសម្រាប់នៅពេលខាងមុខ។ ដូច្នេះការជួបប្រជុំនាពេលនេះ គឺក្នុងគោលបំណងរួមគ្នា ពិភាក្សារកយុទ្ធសាស្ត្រថ្មីៗដើម្បីផលិតអំបិលឲ្យទទួលបានទាំងគុណភាពនិងបរិមាណ សំដៅឆ្លើយតបឲ្យបានទៅនឹងតម្រូវការផ្គត់ផ្គង់ប្រើប្រាស់គ្រប់គ្រាន់សម្រាប់ក្នុងប្រទេសក៏ដូចជាការនាំចេញផងដែរ។ជាមួយនេះយើងមិនអាចផ្ដេកផ្ដួលតែលើកត្តាធម្មជាតិអំណោយផលតែមួយមុខប៉ុណ្ណោះបានទេ បើនៅតែផ្ដេកផ្ដួលយ៉ាងនេះនៅពេលខាងមុខគឺយើងនៅតែជួបបញ្ហាប្រឈមខ្វះខាតអំបិលសម្រាប់ផ្គត់ផ្គង់លើទីផ្សារប្រើប្រាស់ដដែលដូចដែលយើងកំពុងបារម្ភដូចសព្វថ្ងៃនេះ។ លោកអភិបាលខេត្តក៏បានដាក់នូវសំណូមពរឲ្យថ្នាក់ដឹកនាំព្រមទាំងសមាជិកសហគមន៍អ្នកផលិតអំបិលក៏ដូចមន្ទីរជំនាញ នូវអ្វីមានហានិភ័យ អ្វីដែលមានបញ្ហាប្រឈមត្រូវរួមគ្នាធ្វើ ដោះស្រាយនិងទទួលខុសត្រូវ។ពិសេសនៅចំពោះមុខនេះយើងត្រូវរួមគ្នាពិភាក្សា ពិនិត្យមើលថាតើធ្វើដូចម្ដេចជម្រើសមួយណាល្អ ក្នុងការរកយុទ្ធវិធី តាមលក្ខណៈបច្ចេកទេសនិងបទពិសោធន៍ទាន់សម័យ ដើម្បីផលិតអំបិលបានប្រើប្រាស់គ្រប់គ្រាន់និងមិនមានកើតហានិភ័យនៅចំពោះមុខដោយយើងមិនត្រូវផ្ដេកផ្ដួលតែលើកត្តាអាកាសធាតុអំណោយផលនោះទេ។ ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានណែនាំដល់សហគមន៍ក៏ដូចមន្ទីរឧស្សាហកម្មនិងសិប្បកម្ម មានការប្រុងប្រយ័ត្នទប់ស្កាត់ថែរក្សាផ្ទែដីសម្រាប់ផលិតអំបិលទាំងបរិមាណផ្ទៃដីនិងតួលេខឲ្យនៅដដែលនិងសំណូមពរដល់អ្នកមានស្រែផលិតអំបិលត្រូវផលិតឲ្យអស់លទ្ធភាពដែលមាន សូមកុំផ្ដេកផ្ដួលរងចាំតែអន្តរាគមន៍ពីរាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលនេះ។ចំពោះបញ្ហាការសំណើរបស់សហគមន៍អ្នកផលិតអំបិល ស្ដីពីការសុំនាំចូលអំបិលមកផ្គត់ផ្គង់ចែកចាយក្នុងប្រទេសដោយរួចពន្ធនៅដំណាក់កាលនេះ លោកអភិបាលខេត្តក៏បានណែនាំឲ្យសហគមន៍និងមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ត្រូវធ្វើឯកសារ ពាក់ព័ន្ធទៅរាជរដ្ឋាភិបាលឲ្យបានឆាប់និង ដោយផ្អែកការណែនាំពីស្ដង់ដារផលិតផលអំបិលរបស់ក្រសួងពាក់ព័ន្ធផងដែរ។សូមបញ្ជាក់ថា៖ ផ្អែកលើរបាយការណ៍របស់សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបការផលិតអំបិលក្នុងរយៈ៤ឆ្នាំជាប់គ្នាពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧បានទទួលបរិមាណអំបិលនៅចន្លោះពីជាង១៤ម៉ឺនតោនដល់ជាង១៧ម៉ឺនតោន តែនៅក្នុងឆ្នាំ២០១៨នេះការផលិតធ្លាក់ចុះដោយសារកត្តាអាកាសធាតុ គឺភ្លៀងធ្លាក់ពេញមួយរដូវផលិត។ហើយបច្ចុប្បន្នអំបិលនៅសល់ក្នុងឃ្លាំងមានប្រមាណ២ម៉ឺនតោនប៉ុណ្ណោះ បើប្រៀបធៀបលក់បណ្ដាឆ្នាំមុនៗអាចខ្វះអំបិលចន្លោះពី៣ម៉ឺនតោនទៅ៥ម៉ឺនតោន ដែលកត្តាទាំងនេះធ្វើឲ្យទាំងអាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញនិងសហគមន៍អ្នកផលិតអំបិលត្រូវបាននិងកំពុងគិតគូររកដំណោះស្រាយនៅចំពោះមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ