កែប ៖ ផ្លូវលេខ១៣៣៣តភ្ជាប់ពីផ្លូវបំបែកភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ឆ្ពោះទៅកាន់ភូមិសាស្ត្រស្រុកកំពង់ត្រាច មានប្រវែង ២.១០០ម៉ែត្រ ដែលរៀបចំឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ត្រូវបានធ្វើពិធីបើកការដ្ឋានជួសជុល ក្រាលកៅស៊ូ DBST នៅរសៀលថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយសហការីជាច្រើនរូប។ពិធីនេះក៏មានការចូលពីសំណាក់អស់លោកជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់ខាងលើយ៉ាងច្រើនកុះករ។លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងថា ផ្លូវ១ខ្សែដែលកំពុងបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូDBSTនារសៀលនេះ គឺមានប្រវែង២.១០០ម៉ែត្រ និងមានទទឹងផ្លូវប្រវែង៧ម៉ែត្រ ហើយផ្លូវនេះខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ជាប្រតិបត្តករ ប្រើកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល។លោកបានបញ្ជាក់ផងដែរថា ផ្លូវនេះក្រៅពីក្រាលកៅស៊ូDBST ក៏មានក្រាលក្រួសក្រហមតាមចិញ្ចើមសងខាងផ្លូវ ដោយជីកប្រឡាយសងខាងផ្លូវប្រវែងសរុប៣.២០០ម៉ែត្រ ស្ថាបនាលូអ៊ុយប្រវែង៤៨០ម៉ែត្រ បំពាក់ស្លាកសញ្ញា ៦ស្លាក និងដាំបង្គោលនាំផ្លូវ៨៤ដើមផងដែរ។មានប្រសាសន៍សំណេះសំណាល លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសយើងមានសុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសការស្ថាបនាផ្លូវថ្នល់ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងគិតគូរយកចិត្តទុកដាក់បំផុត ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវដោយក្រាលកៅស៊ូDBST នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់មានលទ្ធភាពក្នុងការប្រកបការងារឬធ្វើអាជីវកម្មផ្សេងៗដូចជាការធ្វើចរាចរបានលឿនរហ័ស ពិសេសជួយសម្រួលដល់ក្មួយៗ ចៅៗជាសិស្សានុសិស្សទៅរៀនក្នុងសាលាបានទៀងទាត់ដោយគ្មានឧបសគ្គដូចមុនទៀតនោះទេ។ លោកអភិបាលខេត្តបានបន្តទៀតថា បើយើងមានផ្លូវត្រូវតែមានសង្ឃឹម ថែមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែធូរធា និងរីកចម្រើនជាលំដាប់ ព្រោះបើមានផ្លូវស្អាតហើយក្រាលកៅស៊ូបែបនះ តំបន់របស់យើងនឹងមានកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ គឺដីពិតជាមានតម្លៃខ្ពស់ជាងមុនមិនខាន។ជាមួយនេះ លោក កែន សត្ថា អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ត្រូវជួយថែរក្សាផ្លូវមួយខ្សែនេះឱ្យបានគង់វង្ស យូរអង្វែងសម្រាប់បន្តទៅកូនចៅគ្រប់ជំនាន់ ពិសេសជាងនេះ សូមបងប្អូនប្រជាពលរដ្ឋកំុភ្លេចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើរើសអ្នកដឹកនាំប្រទេសប្រកបដោយការរីកចម្រើន មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ