កំពត ៖ គេឃើញសំណង់អនាធិបតេយ្យសង់រំលោភចុះទៅក្នុងទឹកព្រែក កំពង់កណ្តាលដែលតភ្ជាប់មកព្រែកកំពង់បាយ ដែលការសាងសង់ ជាសំណង់រឹងនេះបានរៀបខឿនថ្មចូលទៅក្នុងទឹកព្រែកកំពង់កណ្តាលយ៉ាងជ្រៅដែលធ្វើឲ្យបាត់បង់សោភ័ណភាពតាមដងព្រែកកំពត ដោយសារតែការរំលោភយកដីក្នុងព្រែកសង់ជាលំនៅឋានបណ្តុះសសរបេតុងបុកគ្រឹះយ៉ាងរឹងមាំនៅក្នុងទឹក ។សំណង់ដែលគេសង់ជាលក្ខណៈទ្រង់ទ្រាយធំខាងលើ ធ្វើនៅចំណុចជាប់ស្ពានកំពង់កណ្តាលខាងកើតក្បាលស្ពាន ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ហើយការសាងសង់សំណង់ដ៍រឹងមាំរំលោភចូលក្នុងព្រែកកំពង់កណ្តាលនេះដែរ ត្រូវបានមហាជននិងប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្ត បានរិះគន់យ៉ាងធ្ងន់ៗមកលើអាជ្ញាធរនិង ស្ថាបន័ពាក់ព័ន្ធនានានៅក្នុងខេត្តកំពតថាបុគ្គលដែលហ៊ានរំលោភសាងសង់សំណង់រឹងមាំចុះក្នុងទឹកព្រែកយ៉ាងគឃ្លើនដោយគ្មានញញើតច្បាប់បែបនេះ បើអាជ្ញាធរនិងមន្ទីរជំនាញពាក់ពន្ឋ័មិនបើកភ្លើងខៀវម្លេះ បុគ្គលមួយក្តាប់តូចនេះមិនហ៊ានសាងសង់សំណង់ដ៏រឹងមាំរំលោភក្នុងទឹកព្រែកនោះទេ។ ទាក់ទិននឹងករណីសង់សំណង់រឹងអនាធិបតេយ្យរំលោភក្នុងទឹកព្រែកខាងលើ នៅព្រឹកថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាថ្មី បានភ្ជាប់ទូរស័ព្ទទៅលោក នាក់ សុវណ្ណរី អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ ដើម្បីសុំឲ្យលោកជួយស្រាយបំភ្លឺជុំវិញការសាងសង់លំនៅឋានរំលោភចូលព្រែកខាងលើ ប៉ុន្តែលោកអភិបាលស្រុកទឹកឈូប្រាប់ថា លោកជាប់រវល់ប្រជុំនៅសាលាខេត្តកំពត។ដោយឡែក បើយោងតាមប្រភពមួយចំនួនបានបញ្ជាក់អះអាងថា បន្ទាប់ពីមានការសាងសង់សំណង់រឹងមាំលយចូលក្នុងព្រែកកំពង់បាយ គេឃើញក្រុមការងារគណៈកម្មការខត្តកំពតចុះទៅពិនិត្យនៅត្រង់ចំណុចទីតាំងដែលមានការសង់លំនៅឋានខាងលើនេះដែរ ប៉ុន្តែមិនដឹងថា មានវិធានការណ៍យ៉ាងណានៅឡើយទេ ហើយសំណង់នេះ ក៏ត្រូវបង្អាក់មួយអន្លើផងដែរ។ទាក់ទិននឹងការសាងសង់លំនៅឋានស្ថិតក្នុងព្រែកកំពង់កណ្តាលនេះ លោកង៉ែត សាវឿន ប្រធានក្រុមការងាររបស់គណៈកម្មការខេត្ត បានឲ្យដឹងថា ថ្មីៗនេះបន្ទាប់ពីបានទទួលព័ត៌មាន ពីករណីការសង់សំណង់រឹងមាំចុះក្នុងទឹកព្រែកពីសំណាក់ជនឆ្លៀតឱកាសមួយក្តាប់តូចខាងលើក្រុមការងារគណៈកម្មការរបស់ខេត្ត បានចុះទៅពិនិត្យដល់កន្លែងសំណង់ជាក់ស្តែង ប៉ុន្តែមិនបានជួបជាមួយម្ចាស់សំណង់នោះទេ គឺជួបតែអ្នកម៉ៅការសំណង់ហើយក្រុមការងារយើងក៏បានឲ្យផ្អាកការសាងសាងខាងលើនេះដែរ ដោយបានធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់បន្តសំណង់ខាងលើនេះទៀតផង។លោក ង៉ែត សាវឿន បានឲ្យដឹងទៀតថា ចំពោះម្ចាស់សំណង់ដែលសាងសង់នេះលោកពុំបានស្គាល់អត្តសញ្ញាណនោះទេ ហើយសំណង់ខាងលើក៏គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះដែរ ទើបលោកដឹកនាំក្រុមការងារ ចុះទៅផ្អាកសកម្មភាពមិនឲ្យសាងសង់បន្តទៀតនោះឡើយ។លោកបានបញ្ជាក់បន្ថែមថា យកល្អអ្នកសារព័ត៌មានអាចសួរទៅខាងផ្នែកជំនាញផ្ទាល់នឹងដឹងការពិតរឹតតែច្បាស់ថែមទៀត។ស្របគ្នានឹងករណីខាងលើ លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃដដែលថា ទីតាំងដែលគេសង់សំណង់រឹងមាំនោះ ពុំទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយទេ ពោលគឺការសាងសង់បែបនេះពិតជាការរំលោភបំពានចូលក្នុងដីព្រែកកំពង់កណ្តាលមែន ដោយខណៈនេះលោកបាននិងកំពុង បង្កើតគណៈកម្មការដើម្បីចុះទៅធ្វើការត្រួតពិនិត្យក្នុងពេលខាងមុខនេះ។ជាមួយគ្នានេះ កម្ពុជាថ្មី មិនអាចទំនាក់ទំនងសុំការពន្យល់ពី លោក នៃ គង់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការផ្នែកដីធ្លីបានទេ ដោយលោកជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។បើតាមមន្ត្រីក្នុងជួរថ្នាក់ដឹកនាំខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រលយប្រាប់អ្នកកាសែតថា៖ ដីនៅតាមតំបន់ឆ្នេរព្រែកកំពង់បាយ គ្មានប្រជារាស្ត្រតូចតាចហ៊ានរំលោភបំពានទៅសាងសង់ជាសំណង់រឹងមាំបែបនេះទេ មានតែអ្នកមានអំណាច និងអ្នកមានលុយទេដែលហ៊ានរំលោភមិនខ្លាចច្បាប់នោះ ជឿឬមិនជឿក៏មិនហ៊ានបង្ខំដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ