ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី សាទរចំពោះវត្តមានថ្នាក់ដឹកនាំខេត្ត ដែលបានចុះសួរសុខទុក្ខផ្ទាល់ដល់តំបន់រស់នៅរបស់ពួកគាត់
ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់ មានទាំងវ័យចំណាស់ និងក្មេង រួមទាំងកុមារ កុមារី ដែលជាសិស្សានុសិស្ស បានសម្តែងការសាទរ និងសប្បាយរីករាយចំពោះវត្តមាន ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី រួមទាំងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ និងស្រុក ដែលបានចុះសួរសុខទុក្ខដល់មូលដ្នានរស់នៅរបស់ពួកគាត់ ដែលជាតំបន់ជនជាតិដើមភាគតិច កាវ៉ែតរស់នៅ ក្នុងភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី នាព្រឹកថ្ងៃអាទិត្យ៥ខែជេស្ឋឆ្នាំរកាសំរឹទ្ធិស័កព-ស២៥៦២ត្រូវនិងថ្ងៃទី៣ ខែមិថុនា ឆ្នាំ2018 នេះ ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋ បងប្អូនជនជាតិដើមភាគតិច កាវ៉ែត រស់នៅក្នុងភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ព្រមទាំងបងប្អូនជនជាតិជាតិដើមភាគតិច ដែលមកពីច្រើនភូមិទៀត បានឲ្យដឹងថា ពួកគាត់មានចិត្តរំភើបជាពន់ពេក គ្រាដែលមានថ្នាក់ដឹកខេត្ត បានយកចិត្តទុកដាក់ ចុះសួរសុខទុកដល់ភូមិពួកគាត់ ដែលជាតំបន់ដាច់ស្រយាល ធ្វើឲ្យអោយពួកគាត់មានភាពសប្បាយរីករាយ និងភាពកក់ក្ដៅ ហើយពួកគាត់ចង់ឃើញ និងចង់ស្គាល់ថ្នាក់ដឹកនាំដោយផ្ទាល់ហ្នឹងភ្នែក ព្រោះអីតំបន់ដែលពួកគាត់កំពុងរស់នៅ គឺស្ថិតនៅតំបន់ដាច់ស្រយាលឆ្ងាយពីទីរួមខេត្ត មិនងាយមានថ្នាក់នាំធំៗ មកដល់ទេ ហើយពេលដែលធ្វើដំណើរមកដល់តំបន់នេះ គឺត្រូវឆ្លងទន្លេទៀតទើបមកដល់ ។ ម្យ៉ាងវិញទៀត ពួកគាត់បានសុខចិត្តផ្អាកការងារស្រែចំការទុកចោល ហើយមកទាំងមេឃកំពុងធ្លាក់ភ្លៀងទៀត គឺដើម្បីចង់ឃើញ និងចង់ស្គាល់ថ្នាក់ដឹកនាំខេត្ត ដោយផ្ទាល់នឹងភ្នែក ដើម្បីបានបង្ហាញពីសុខទុក្ខ និងមានឱកាសសំណូមពរដល់ថ្នាក់ដឹកនាំ អោយជួយដោះស្រាយអំពីបញ្ហា និងការលំបាករបស់ពួកគាត់មួយចំនួនទៀតផង។
ពួកគាត់បានបន្តទៀតដែរថា នៅក្នុងឱកាសដែលពួកគាត់បានជួបជាមួយថ្នាក់ដឹកនាំខេត្តនាពេលនេះ ពួកគាត់បានសំណូមពរដល់ថ្នាក់ដឹកនាំ ឲ្យជួយស្ថាបនាផ្លូវក្នុងភូមិរបស់ពួកគាត់ អោយបានល្អ ស្អាត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ រួមទាំងការសំណូមពរផ្សេងទៀត ទាក់ទងទៅនឹងការផ្តល់សេវាសាធារណៈ ក៏ដូចជាការធ្វើសៀវភៅអត្រានុកុលដ្ឋាន រួមទាំងការសំណូមពរផ្សេងៗទៀត ។
ថ្លែងក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនេះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានទទួលយកនូវការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើន គឺជាបងប្អូនជនជាតិដើមភាគតិច កាវ៉ែត ដើម្បីយកទៅពិភាក្សាជាមួយអាជ្ញាធរ ខេត្ត និងស្រុក ក៏ដូចជាបណ្តាអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនក្នុងការដោះស្រាយរាល់សំណូមពរ ក៏ដូចជារាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនិងនោះដែរ អ្នកតំណាងរាស្ត្រ ក៏បានលើកឡើងអំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក និងកំពុងបន្តការអភិវឌ្ឍបន្ថែមទៀត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីឯកឧត្ដម បួ ឡាំ បានសំណេះសំណាល សួរសុខទុកប្រជាពលរដ្ឋរួចមក ឯកឧត្ដម ក៏បានពិសារបាយថ្ងៃត្រង់ជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើនភាពជិតស្និត និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋក្នុងឳកាសនោះផងដែរ៕