ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នៅ​ព្រឹក​ថ្ងៃ​នេះ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី​៦ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ តម្លៃ​ជាង​២២​លាន​ដុល្លារ​
Fri,29 June 2018 (Time 04:44 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 534នាក់)


(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ២​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​ចោមចៅ ដែល​ជា​ស្ពាន​អាកាស​ទី​៦​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដែល​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃនេះ សាងសង់​ដោយ​ក្រុមហ៊ុន​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​ប្រមាណ ២២​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​ចំណា​ង​ពេល​សាងសង់ ៣០​ខែ គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​ចោមចៅ​នេះ គឺជា​ស្ពាន​អាកាស​ទី​៦​ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ស្ពាន​អាកាស​រង្វង់​មូល​ក្បាលថ្នល់ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​រង្វង់​មូល​ស្ទឹងមានជ័យ ស្ពាន​អាកាស​៥​មករា និង​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដែល​គ្រោង​សម្ពោធ​ក្នុង​នៅ​ដើម​ខែ​កក្កដា​ខាងមុខនេះ​។​

​រាជធានី​ភ្នំពេញ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ ក្រោម​ការតស៊ូ​របស់​អ្នកស្នេហាជាតិ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រជាពលរដ្ឋ​មិន​ដល់ ១០០​នាក់​នោះ​ទេ ហើយក៏​មិន​មាន​ចំនួន​យានយន្ត​ផងដែរ​។ រយៈពេល​ប្រមាណ​ជា ៣៩​ឆ្នាំ​ក្រោយ​ថ្ងៃ​រំដោះ​ចេញពី​របប​កាប់សម្លាប់​ដ៏​ឃោរឃៅ​របស់​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ហើយ​ផ្ទៃដី​រាជធានី​ភ្នំពេញ​ទៀតសោត ក៏​ត្រូវបាន​ពង្រីក​ពី​ជាង ៣០០​គីឡូម៉ែត្រ​ក្រឡា រហូតដល់​ទៅ​ជាង ៦០០​គីឡូម៉ែត្រ​ក្រឡា​នាពេល​បច្ចុប្បន្ន​។​

​ចំនួន​ប្រជាពលរដ្ឋ​ទាំង​អ្នក​រស់នៅ​អាចិន្ត្រៃយ៍ និង​អ្នក​ចូល​មក​ប្រកប​អាជីវកម្ម សិក្សា​រៀនសូត្រ ព្រម​ទាំង​ទេសចរណ៍​ផង​នោះ មិនតិច​ជាង ៣​លាន​នាក់​នោះឡើយ ខណៈ​ដែល​យានយន្ត​បាន​កើនឡើង​រហូត​ដល់​ជាង ២​លាន​គ្រឿង​ទៅហើយ ក្នុងនោះ​ទោចក្រយាន​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន ១.៥​លាន​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៦០​ម៉ឺន​គ្រឿង​។​

​ការកើនឡើង​ដ៏​ឆាប់រហ័ស​នៃ​ចំនួន​ប្រជាពលរដ្ឋ និង​យានយន្ត​ជា​ហេតុ​ធ្វើឲ្យ​ការធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ចង្អៀត និង​មាន​ការ កក់ស្ទះ​ចរាច​រណ៍​ជាខ្លាំង ជាពិសេស​នៅ​តាម​រង្វង់​មូល​មាន​ចំណុចប្រសព្វ​ផ្លូវ​ច្រើន​ខ្សែ​នោះ​។ រង្វង់​មូល​ចោមចៅ ជា​កន្លែង​ដែល​មាន​ប្រសព្វ​ផ្លូវ​ច្រើន​ខ្សែ រួម​មាន​មហាវិថី​សហព័ន្ធរុស្ស៊ី ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវវេង​ស្រេង​ផងដែរ ជាហេតុ​នាំឲ្យ​មាន​ការកកស្ទះ​ចរាច​រណ៍ យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន​។​

​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ គឺជា​ការយកចិត្តទុកដាក់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ចំណាយពេល​យ៉ាងច្រើន​ដោយ​ការកកស្ទះ​ចរាច​រណ៍​នេះ​។ វត្ត​មាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ត្រូវបាន​រំពឹងថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ បន្ទាប់​ពី​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ស្ពាន​អាកាស​ចោម​ចៅ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កើតមាន​ជា​អន្លើៗ នា​ពេលកន្លងមក ក៏ដូចជា​នាពេល​បច្ចុប្បន្ន ដោយសារ​ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់ សម្រាប់​ការដឹកជញ្ជូន​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ដែល​ជា​ខេត្ត​មាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​កម្ពុជា ក្នុង​ការផ្លាស់ប្តូរ​ទំនិញ​ចេញ​ចូល​ក្នុង និង​ក្រៅប្រទេស​។​

​លោក​បញ្ជាក់ថា ស្ពាន និង​ផ្លូវ​ក្រោម​ដី ត្រង់​ចំណុច​រង្វង់​មូល​ចោម​ចៅ​នេះ ក៏​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ ព្រោះ​ជា​បណ្តាញ​ដឹកជញ្ជូន​ទំនិញ​សំខាន់​ជាងគេ ដែល​អាច​ឲ្យ​វិនិយោគិន អាជីវករ និង​ប្រជាពលរដ្ឋ​ទូទៅ​ទទួល​ផល​ចំណេញ ចំពោះ​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​របស់​ពួកគេ មិន​ត្រឹមតែ​ចំណេញ​ពេលវេលា​នោះទេ ថែម​ទាំង​ចំណេញ​ថវិកា​ក្នុង​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ខាងក្រោម​ជា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ​៖

​ស្ពាន​ទី​១៖ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង ៤០៨​ម៉ែត្រ ទទឹង ១៥.៨​ម៉ែត្រ ដែល​មាន​ចរាចរ​ពីរ​គន្លង​ទៅ និង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤.៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរិមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​បាន ៥.៥​ម៉ែត្រ​។​

​ស្ពាន​ទី​២៖ បំបែកចេញ​ពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរចា​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះ​ទៅ​ផ្លូវវេង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប ២០២​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង ៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង ៥.២៥​ម៉ែត្រ​។​

​ស្ពាន​ទី​៣៖ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវវេង​ស្រេង​មក​ផ្លូវជាតិលេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង ៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង ១១៨​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ២៨​ម៉ែត្រ ទទឹង ៥.២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​)​។​

​ផ្លូវ​កោង និង​ផ្លូវ​ក្រោម​ដី​៖ ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវវេង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី​ប្រវែង ១៣​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ១១៧​ម៉ែត្រ​) ទទឹង ៨.៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​
​ផ្លូវ​លើ​ផ្ទៃដី​៖ ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​មាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង ៨.៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ