ព្រះចៅអធិការ និងគណៈកម្មការវត្តអង្គសុរភី កំពុងដង្ហោយរយជំនួយពីសប្បុរសជន ដើម្បីសាងសង់សាលាឆាន់បន្ត
កំពត ៖ ដោយសារតែខ្វះសម្ភារៈនិងថវិកាសម្រាប់សាងសង់សាលាឆាន់បន្តទៀតនោះ ព្រះចៅអធិការ និងគណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអង្គសុរភី ក្នុងឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានអំពាវនាវរកជំនួយពីសប្បុរសជនជិតឆ្ងាយ សូមឲ្យជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីយកថវិកាទិញសម្ភារៈសាងសង់សាលាឆាន់បន្តទៀត។
តាមការបញ្ជាក់ពីប្រធានគណៈកម្មការវត្តអង្គសុរភីបានឲ្យដឹងថា សាលាឆាន់ដែលកំពុងសាងសង់នេះ បានផ្តួចផ្តើមកសាងកាលពីថ្ងៃ១រោជ ខែផល្គុន ឆ្នាំវក នព្វស័ក ព.ស ២៥៦០ត្រូវនឹងថ្ងៃទី៣ខែមីនា ឆ្នាំ២០១៧ ដោយបានចំណាយអស់ថវិកាអស់ប្រមាណ៤៥.០០០ដុល្លារ ដោយថវិកានេះបានមកពីការរ៉ៃអង្គាសពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ និងបានមកពីការចូលរួមចំណែកពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយការកសាងនេះបានប្រមាណជា២០%ប៉ុណ្ណោះ។ប៉ុន្តែទោះជាយ៉ាងណាក្តី សាលាឆាន់នេះបច្ចុប្បន្ននៅមានការខ្វះខាតផ្នែកគ្រឿងដំបូលទាំងស្រុង ហើយមិនទាន់បូកជញ្ជាំង និងមិនទាន់ក្រាលការ៉ូនៅឡើយទេ ទើបព្រះចៅអធិការវត្តនិងព្រះសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យ-គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទដង្ហោយរកជំនួយដើម្បីរកបច្ច័យសាងសង់សាលាឆាន់នេះបន្តទៀត។
តាមព្រះចៅអធិការវត្តអង្គសុរភី ព្រះនាម អឹុម វណ្ណៈ មានសង្ឃដីកាថា សាលាឆាន់ដែលកំពុងសាងសង់ខាងលើនេះមានបណ្តោយ៣២ម៉ែត្រ ទទឹង១៨ម៉ែត្រ និងកម្ពស់ផុតត្រៃសូរ ២១ម៉ែត្រ ដោយសម្ភារៈផ្នែកគ្រឿងដំបូលត្រូវខ្វះខាតទាំងស្រុង ដូចជាដៃរណែងធ្វើអំពីដែកសម្រាប់ទម្រក្បឿងជាដើម។ព្រះចៅអធិការវត្តបានបញ្ជាក់ថាគ្រឿងផ្នែកខាងលើត្រូវចំណាយ ក្បឿងប្រមាណជាង៣មឺុនសន្លឹក ដោយមួយសន្លឹកតម្លៃ៤.០០០រៀល និងខ្វះខាតសីុម៉ងត៍សម្រាប់បូកជញ្ជាំង ចាក់សាបរៀបការ៉ូផ្នែកក្រោម បើគិតជាថវិកាប្រមាណ១០មឺុនដុល្លារឯណោះ។ដូច្នេះដើម្បីរកបច្ច័យសម្រាប់សាងសង់សាលាឆាន់បន្តទៀត អាត្មាភាពជាចៅអធិការនិងព្រះសង្ឃគ្រប់អង្គ ព្រមទាំងអាចារ្យ-គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តអង្គសុរភីទាំងមូល សូមអំពាវនាវដល់សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងសប្បុរជនក្នុងប្រទេស និងក្រៅប្រទេសក្តី មេត្តាជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លា និងអនុមោទនា យកផល្លានិសង្សរៀងៗខ្លួន។
សូមជម្រាបថា៖ សាលាឆាន់ដែលកំពុងកសាងនេះ ទើបតែបានរៀបផ្នែកជញ្ជាំងតែមិនទាន់បានបូក និងផ្នែកក្រោមមិនទាន់ចាក់សាបក្រាលការ៉ូនៅឡើយ ហើយផ្នែកគ្រឿងដំបូលគឺខ្វះខាតទាំងស្រុង ដោយសំណង់នេះបានកសាងបានត្រឹមប្រមាណ២០%ប៉ុណ្ណោះ។ដូច្នេះដើម្បីចូលរួមចំណែកកសាងសមិទ្ធផលក្នុងទីអារាមខាងលើឲ្យបានសម្រេចជោគជ័យសម្រាប់បម្រើក្នុងវិស័យសាសនាឲ្យបានកាន់តែទូលំទូលាយ សូមសម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕