ឃាត់ខ្លួនក្រុមក្មេងទំនើងបីនាក់ដែលបង្កហិង្សាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
កំពត ៖ ក្មេងទំនើងបីនាក់ដែលបានបង្កហិង្សាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចគេចខ្លួននោះ ត្រូវបានសមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត រួចបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ និងរៀបចំឯកសារបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការតាមផ្លូវច្បាប់។
ទាក់ទិននឹងករណីខាងលើ លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំងបីនាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានបន្តបន្ទាប់គ្នាកាលពីល្ងាចថ្ងៃទី២១ខែមិថុនាម្សិលមិញ ពាក់ព័ន្ធនឹងករណីហិង្សានៅមុខក្លិបដ្រាហ្គន ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឲ្យមានបុរសម្នាក់របួសស្នាមយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។
លោក សៅ សំអឿន បានបញ្ជាក់ទៀតថា ការឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ គឺអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡាយ វណ្ណដា ភេទប្រុស អាយុ២៤ឆ្នាំដែលអះអាងថា ត្រូវក្រុមទំនើងទាំងបីនាក់ព្រមទាំងគូរកនយកកាំបិតប័ុងតោកាប់ និងវាយបណ្តាលឲ្យរងរបួសយ៉ាងដំណំ រួចពួកគេជិះម៉ូតូគេចខ្លួនបាត់អស់ លុះដល់ល្ងាចថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់តែម្តង។
លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ដុម សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ទី២-ឈ្មោះ ឌិន សុខរ៉ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។និងទី៣-ឈ្មោះ សឿន តឹប ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។
លោកសៅ សំអឿន បានបន្ថែមថា ការឃាត់ខ្លួននេះមុនដំបូងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សឿន តឹប នៅចំណុចស្ពានចាស់ នៃភូមិសាស្ត្រឃុំអណ្តូងខ្មែ ក្រុងកំពត រួចយកមកសួរនាំ ទើបឈានទៅឃាត់ខ្លួន ឈ្មោះដុម សំណាង និងឈ្មោះឌិន សុខរ៉ បន្តទៀត។
បន្ទាប់ពីសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានបង្កហិង្សានៅមុខក្លិបដ្រាហ្គន កាលពីយប់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរប្រាកដមែន។
ក្រោយពីស្រង់ចម្លើយសារភាព សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ទៅកាន់សាលាដំបូងខេត្តកំពត ចាត់ការបន្ត នៅរសៀលថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៨នេះ៕