កែប ៖ នៅរសៀលថ្ងៃសុក្រ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែមិថនា ឆ្នាំ២០១៨ នៅសាលប្រជុំធំខេត្តកែប បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួមលេខ ០១១សណន រវាងក្រសួងមហាផ្ទៃ និង គជប និងសេចក្តីជូនដំណឹងពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ុក សែន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកែប ព្រមទាំងអស់លោកជាសមាជិក សមាជិកា តំណាងឲ្យគ្រប់ភាគីពាក់ព័ន្ធរបស់គណបក្សនយោបាយនានាផងដែរ។លោកម៉ុក សែន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានឲ្យដឹងថា ឆ្លងតាមរយៈការបោះឆ្នោតនៅខេត្តកែបកន្លងមក យើងសង្កេតឃើញថា គ្រប់ដំណាក់កាលនៃការបោះឆ្នោត(ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ការចុះបញ្ជីបក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ពិសេសការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត)គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែគោរពនិងអនុវត្តច្បាប់ បទបញ្ជានីតិវិធី និងក្រមសីលធម៌របស់ខ្លួនបានល្អ ញ៉ាំងឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។លោកបានបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ខាងមុខនេះ នៅខេត្តកែបមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន០៩រួមមាន៖ ១-គណបក្សខ្មែររួបរួមជាតិ(លេខរៀងទី១) ,២-គណបក្សសញ្ជាតិកម្ពុជា(លេខរៀងទី៤) ,៣-គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ(លេខរៀងទី៦) ,៤-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(លេខរៀងទី៧) ,៥-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(លេខរៀងទី១០) ,៦-គណបក្សខ្មែរឈប់ក្រ(លេខរៀងទី១២) ,៧-គណបក្សហ្វ៊ុន សិុនបិុច(លេខរៀងទី១៣) ,៨-គណបក្សឆន្ទៈខ្មែរ(លេខរៀងទី១៧) ,និងទី៩-គណបក្សប្រជាជនកម្ពុជា(លេខរៀងទី២០)។ជាមួយនឹងការផ្សព្វផ្សាយនេះដែរ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា ការឃោសនារកសម្លេងឆ្នោតក្នុងយុទ្ធនាការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៨តទៅ។ម្យ៉ាងទៀតអាជ្ញាធរពាក់ព័ន្ធត្រូវធានាឲ្យបាននូវសោភ័ណភាព សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសបាននូវការកកស្ទះចរចរណ៍ដែលនាំឲ្យរំខានដល់ការលំហែកំសាន្ត របស់ក្រុមភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាកនៅខេត្តរបស់យើង ។ ម្យ៉ាងទៀត រដ្ឋបាលខេត្តបានកំណត់នូវការហាមឃាត់ ការប្រមូលផ្តុំ ការដង្ហែក្បួនឃោសនាបោះឆ្នោតនៅតាមគោលដៅមួយចំនួន ដូចជា ចំណុចរង្វង់មូលសេះស ទីប្រជុំជនផ្សារក្តាម ឆ្នេរលេងទឹករង្វង់មូលខាងមុខមន្ទីរទេសចរណ៍ ឆ្នេរជ្រោយដូង សួនច្បារមុខសាលាខេត្តរហូតដល់ផែកោះទន្សាយ មិនអនុញ្ញាតឲ្យឈប់ធ្វើសកម្មភាពនៅទីនោះ ប៉ុន្តែអនុញ្ញាតឲ្យក្បួនដង្ហែឆ្លងកាត់បាន។ចំពោះសួនច្បារ សម្តេចតេជោ ហ៊ុន សែន ខេត្តកែប ត្រូវបានអនុញ្ញាត ប៉ុន្តែមិនធនុញ្ញាតឲ្យឡើងលើទីតាំងវិមានឯករាជ្យ និងរូបសំណាកផ្សេងៗទៀត ដែលស្ថិតនៅលើទីតាំងសួនច្បារ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់ការខូចខាតនានា ដែលបណ្តាលមកពីសកម្មភាពឃោសនារបស់គណបក្សនយោបាយ។សូមជម្រាបថា៖បើយោងតាមសេចក្តីណែនាំ របស់សាលាខេត្តកែប បានបញ្ជាក់ថា ដើម្បីឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ប្រព្រឹត្តទៅប្រកបដោយលក្ខសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ០៧ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជូនបណ្តាគណបក្សនយោបាយ និងបញ្ចៀសបាន នូវការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់រប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកសម្រាក លំហែកំសាន្តក្នុងខេត្តកែប គឺតម្រូវឲ្យបណ្តាគណបក្សនយោបាយទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ដែលបានផ្សព្វផ្សាយដូចខាងលើ។ចំពោះការជួបប្រជុំនយោបាយ ដែលរៀបចំដោយគណបក្សនយោបាយ ហើយដែលមិនមែនជាសកម្មភាពបាតុកម្ម កូដកម្មដែលស្ថិតក្នុងក្របខណ្ឌច្បាប់ដោយឡែក និងការលើកស្លាកសញ្ញាគណបក្សនៅតាមទីសាធារណៈ ទីប្រជុំជនឬតាមដងផ្លូវនានា សាមីគណបក្សនយោបាយត្រូវសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។ពាក្យសុំជួបប្រជុំនយោបាយ និងលើកស្លាកសញ្ញាគណបក្សនយោបាយដូចស្នើសុំខាងលើ ត្រូវដាក់ជូនទៅអាជ្ញាធរឃុំ សង្កាត់ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនការជួបប្រជុំ ឬលើកស្លាកសញ្ញា។អាជ្ញាធរឃុំ សង្កាត់ ត្រូវពិចារណាអំពីសំណើនេះ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេសសុវត្ថិភាពចរាចរ សោភ័ណភាព និងអនាម័យសាធារណៈ ហើយត្រូវឆ្លើយតបចំពោះសំណើក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីទទួលសំណើ ។ ក្នុងករណីអាជ្ញាធរឃុំ សង្កាត់មិនអាចសម្រេចបាន អាជ្ញាធរឃុំ សង្កាត់ត្រូវធ្វើការស្នើសុំយោបល់ពីអាជ្ញាធរក្រុង ស្រុក ខណ្ឌឬរាជធានី ខេត្ត រួចហើយអាជ្ញាធរឃុំ សង្កាត់ត្រូវឆ្លើយតបទៅសាមីគណបក្សវិញយ៉ាងតិច១ថ្ងៃមុនជួបប្រជុំឬលើកស្លាកសញ្ញា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ