កែប ៖ ខួបលើកទី១៧ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ត្រូវបានប្រារព្វឡើងនៅព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ១២០១៨នេះ ដែលរៀបចំឡើងដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក ឌិត ឡាយហ៊ាក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ព្រមទាំងអស់លោក ជាប្រធាន អនុប្រធានមន្ទីរអង្គភាពទូទាំងខេត្ត អាជ្ញាធរដែនដីគ្រប់ស្រទាប់ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។លោក ឌិត ឡាយហ៊ាក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាតែងប្រារព្វទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្នានរបស់កុមារនិងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ អនុសញ្ញាស្តីពីកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញាលេខ១៨២របស់អង្គការពលកម្មអន្តរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនិងបទដ្ឋានជាតិ អន្តរជាតិ ស្តីពីសិទ្ធិកុមារ។លោកឌិត ឡាយហ៊ាក បានបញ្ជាក់ទៀតថា ថ្វីត្បិតតែមានពលកម្មកុមាររាប់រយលាននាក់ទូទាំងពិភពលោក ប៉ុន្តែតាមលក្ខណៈធម្មជាតិនៃស្ថានភាពរបស់ពួកគេ ជាធម្មតាពុំសូវមានអ្នកមើលឃើញពីការលំបាករបស់ពួកគេឡើយ ដោយពួកគេមិនអាចទាមទារសិទ្ធិរបស់ពួកគេ និងគ្មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាប់ពីរឿងរបស់ពួកគេនោះទេ។នៅពេលពួកគេតវ៉ា ជាធម្មតាគ្មានអ្នកណាអើពើ ពួកគេត្រូវជួបបញ្ហាកាន់តែធ្ងន់ធ្ងរ ឬត្រូវទទួលទារុណកម្ម ដោយហេតុថាពួកគេគ្មានអំណាច ពលកម្មកុមារត្រូវអ្នកដទៃតស៊ូមតិនិងធ្វើយុទ្ធនាការក្នុងនាមពួកគេ។ជាក់ស្តែងថ្ងៃនេះពួកយើងទាំងអស់គ្នា កំពុងធ្វើការតស៊ូមតិចំពោះបញ្ហាពលកម្មកុមារ និងធ្វើយុទ្ធនាការសម្រាប់ពួកគេអាចចាប់ផ្តើមទៅបាន នៅពេលដែលយើងទាំងអស់គ្នាមានការយល់ដឹងពីបញ្ហាពលកម្មកុមារ អនាគតរបស់កុមារ និងមានភាពល្អប្រសើរ។លោក កែន សត្ថា អភិបាលខេត្តកែប បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី៦៩ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៧ទិវាពលកម្មប្រឆាំងនឹងកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៨។លោកបានឲ្យដឹងថា ឆ្នាំនេះ ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ១មិថុនា ត្រូវបានប្រារព្វឡើងក្រោមប្រធានបទ"រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ" និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ"ទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ" ដើម្បីរម្លឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសការពារកុមារពីការរំលោភបំពានពលកម្មកុមារគ្រប់ទម្រង់ ជួយគាំទ្រដល់កុមាររងគ្រោះនិងងាយរងគ្រោះបានទាន់ពេលវេលាប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ព្រមទាំងរស់នៅយ៉ាងសុខដុមរមនាជាមួយគ្រួសារនៅក្នុងសង្គមដែលពោរពេញទៅដោយសន្តិភាព។ជាមួយនេះ ព្រះរាជាណាចក្រកម្ពុជា កំពុងរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងប្រសើរទូទាំងប្រទេស ដែលកក្កានេះបានបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីគោលដៅកសាងអនាគតកម្ពុជាមួយដ៏រុងរឿង ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ។ជាទីបញ្ចប់ លោកអភិបាលខត្ត ក៏សូមដាស់តឿនដល់ពលរដ្ឋ ពិសេសយុវជន យុវនារីដែលគ្រប់អាយុសូមអញ្ជើញចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខទាំងអស់គ្នា ដើម្បីជ្រើសតាំងអ្នកដឹកនាំប្រទេសដែលយើងស្រលាញ់ពេញចិត្ត អ្នកដឹកនាំដែលមានភាពឈ្លាសវៃ មានសុខសន្តិភាព មានការរីកចម្រើនដូចបច្ចុប្បន្ននេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ