កំពត ៖ នៅព្រឹកថ្ងៃពុធ១កើតខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៨ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានធ្វើពិធីបំពាក់គ្រឿងឥស្សរិយយសនិងជូនប័ណ្ណសរសើរការងារដល់មន្ត្រីបុគ្គលិកដែលកំពុងបម្រើការងារនិងមន្ត្រីចូលនិវត្តនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។លោក ជាយ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ទុកពិធីដ៏វិសេសវិសាលនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងវិស័យអប់រំនិងបានសំដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងសហការីព្រមទាំងលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត រួមនិងអាជ្ញាធរដែនដីនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំយកចិត្តទុកដាក់ ចូលរួមចំណែកបំពេញនូវស្មារតី និងកម្លាំង កាយចិត្ត ថវិកា សម្ភារៈគាំទ្រក្នុងវិស័យអប់រំយុវជននិងកីឡាខេត្តកំពតនារយៈពេលកន្លងមក ទទួលបានជោគជ័យនិងសមិទ្ធផលថ្មីៗជាច្រើនទៀត។ជាមួយឱកាសនោះ លោកអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តទាំងអស់ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ ដែលត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបំពាក់មេដាយការងារតាមថ្នាក់ និងផ្ដល់ជូនប័ណ្ណសរសើរផងដែរ។មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានថ្លែងការកោតសរសើរនិងអំណរគុណចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់រួមនិងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះដែលបានចូលរួមកំណែទម្រង់វិស័យអប់រំហើយបាននាំមកនូវសមិទ្ធផលធំធេង សម្រាប់វិស័យអប់រំក៏ដូចសម្រាប់ប្រទេសជាតិយើងទាំងមូលផងដែរ ។លោករដ្ឋមន្ត្រី ក៏បានលើកបញ្ជាក់ឲ្យដឹងដែរថា តាមរយៈកំណែទម្រង់វិស័យអប់រំនេះរាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបានចាត់ទុកវិស័យអប់រំ ជាវិស័យឈានមុខអាទិភាពយ៉ាងសំខាន់ បន្តទៀតមិនថា តែរាជរដ្ឋាភិបាលក្នុងអាណត្តិទី៥នេះឬតទៅអាណត្តិក្រោយៗទៀតឡើយ ក្នុងនោះបានដាក់ចេញនូវគោលនយោបាយថ្មីៗ ជាច្រើននិងផែនការសកម្មភាពរបស់ខ្លួនបន្តទៀត ដើម្បីជំរុញការកែលម្អវិស័យអប់រំឲ្យបានកាន់តែល្អថែមទៀត។ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏បានលើកបញ្ជាក់ឲ្យដឹងទៀតថា តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺតែងបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសជាតិ ព្រោះថាប្រទេសជាតិមួយ គេមិនអាចអភិវឌ្ឍបាន ដោយគ្មានធនធានមនុស្សដែលគ្មានគុណភាពទេ ប្រទេសយើងក៏ដូចគ្នា ជាពិសេសប្រទេសកាន់តែអភិវឌ្ឍរីកចម្រើន កាន់តែត្រូវការធនធាន មនុស្សកាន់តែខ្លាំង ។ការបង្កើនគុណភាពធនធានមនុស្ស អាចជួយប្រទេសកម្ពុជាសម្រេចបានតាមគោលដៅ ដែលរាជរដ្ឋាភិបាលដាក់ចេញថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក៏ដូចជាឈានទៅជាប្រទេសអភិវឌ្ឍនៅក្នុងឆ្នាំ២០៥០ ។ ប៉ុន្តែដើម្បីសម្រេចគោលដៅនេះបានលុះត្រាតែមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទនិងដៃគូអភិវឌ្ឍន៍នានាផងដែ។លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ បុគ្គលិកមន្ទីរអប់រំទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុននេះ ឲ្យបានគ្រប់ៗគ្នាដើម្បី បន្តដំណើរការរីកចម្រើនលើវិស័យអប់រំ ហើយថាការទៅបោះឆ្នោតគឺដើម្បីខ្លួនយើង ទៅបោះឆ្នោតដើម្បីការធ្វើកំណែទម្រង់ វិស័យអប់រំរបស់យើងឲ្យកាន់តែប្រសើរឡើងថែមទៀត។ក្នុងពិធីនោះ លោករដ្ឋមន្ត្រីក៏ បានបំពាក់គ្រឿងឥស្សរយសនិងផ្តល់ប័ណ្ណសរសើរដល់បុគ្គលិកនិង មន្ត្រីចូលនិវត្តន៍ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត សរុប ៥៦៥នាក់ ស្រី២០៣នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ