កំពត ៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍២កើត ខែបឋមាសាឍឆ្នាំច សំរឹទ្ធិស័ ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាបរិស្ថានជាតិនិងបរិស្ថាន ពិភពលោក ៥មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់ ការបំពុលដោយប្លាស្ទិក»។ពិធីនេះបានប្រព្រឹត្តទៅនៅសាលាអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គីក្នុងសង្កាត់កំពង់បាយក្រុងកំពត ក្រោមកិច្ចសហការរៀបចំឡើងដោយ មន្ទីរបរិស្ថានខេត្តកំពត និងអង្គការកែច្នៃនិងអនាម័យសហគមន៍ហៅថា « ស្ការ៉ូ»។ ជាមួយឱកាសនោះ ក៏មានការចូលរួមផងដែរពីសំណាក់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិងអាជ្ញាធរមូលដ្ឋានព្រមទាំង យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងកុះករ។ លោកស៊ុយ ធាប្រធានមន្ទីរ បរិស្ថានខេត្ត បានឲ្យដឹងថា៖ ឆ្នាំ២០១៨នេះ គឺជាខួបលើកទី២៥ សម្រាប់ប្រទេសកម្ពុជាយើងក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក និងគឺជាខួបលើកទី៤៦នៃទិវាបរិស្ថានពិភពលោក ដែលកម្មវិធីសហប្រជាជាតិ (UNEP )បង្កើតឡើងតាំងពីឆ្នាំ១៩៧២មក។ពាក់ព័ន្ធប្រធានបទនៅក្នុងអង្គពិធីនេះដែរ លោកប្រធានមន្ទីរ បរិស្ថានក៏បានឲ្យដឹងទៀតថា៖តាមទិន្នន័យរបស់ក្រសួងបរិស្ថានបានបង្ហាញថា ភាគរយនៃថង់ប្លាស្ទិក នៅក្នុងសំរាមដែលប្រមូលបាន តាមរយៈការបោសសម្អាត ផ្លូវនៅក្នុងទីក្រុងធំៗ នៃប្រទេសកម្ពុជា មានប្រមាណ១៧.៣%នៅក្នុងទីក្រុងភ្នំពេញ ២០.៧%នៃក្រុងសៀមរាបនិង៣៤%នៅក្នុងក្រុងព្រះសីហនុ។ ហើយទីក្រុងភ្នំពេញត្រូវបានប៉ាន់ប្រមាណថាមានថង់ចំនួនប្រមាណជា១០លានថង់ត្រូវបានបោះចោលជារៀងរាល់ថ្ងៃ។លោក ហេង យ៉ង់កូរ៉ា នាយកអង្គការ «ស្ការ៉ូ» ក៏បានអោយដឹងដែរថា ប្លាស្ទិកបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដោយសារវាត្រូវការពេលវេលាច្រើនរយឆ្នាំដើម្បីធ្វើការបំបែកធាតុ មានន័យថាសំណល់ប្លាស្ទិកជា វត្ថុធាតុដែលមិនងាយពុកផុត ឬងាយរលួយ ហើយជាមួយគ្នានេះវាក៏បានបង្កជាផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានជាច្រើនទៀតផងដែរ។លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុកប្រធានបទនៃអង្គពិធីនេះពិតជាមានសារៈសំខាន់ ដែលយើងទាំងអស់គ្នាគប្បីចូលរួមជួយធ្វើអនាម័យឲ្យបានជាប្រចាំថ្ងៃ ។លោក ក៏បានអំពាវនាវដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សទាំងអស់ ឲ្យរួមគ្នាប្រែក្លាយផ្នត់គំនិតដើម្បីកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងងាកមកប្រើប្រាស់នូវសម្ភារៈ ដែលជំនួសដោយប្លាស្ទិកវិញ សំដៅរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិនិងបរិស្ថាននៅលើភពផែនដី ស្របតាមទស្សនទានគឺការអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាពនៃភពផែនដី វឌ្ឍភាពសង្គម និងការរស់នៅដោយចីរភាព ។ ពិសេស ជាមួយនឹងឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ រួមនឹងក្មួយៗយុវជន ទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃ២៩កក្កដាឆ្នាំ២០១៨ខាងមុខមកដល់ឆាប់ៗនេះ ដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនស្រឡាញ់និងជឿទុកចិត្តបានក្នុងការ បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់រីកចម្រើនបន្ថែតទៀតសម្រាប់ប្រទេសជាតិយើងតទៅអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ