អ្នកប្រើប្រាស់បណ្តាញអគ្គិសនីនៅខេត្តកែប មានប្រតិកម្ម ខណៈបរិមាណនៃបណ្តាញមានភាពប្រែប្រួលខុសពីប្រក្រតី
កែប ៖ អំឡុងពេលថ្មីៗនេះ អតិថិជនដែលប្រើប្រាស់បណ្តាញអគិ្គសនីនៅទូទាំងខេត្តកែប បាននិងកំពុងមានប្រតិកម្ម ដោយពួកគាត់ឆ្ងល់ថា ហេតុអី្វបានជាបណ្តាញភ្លើងមានភាពប្រែប្រួលខុសពីប្រក្រតី បើទោះជាកម្រិតនៃការប្រើប្រាស់តិចតួចស្តួចស្តើងសោះ ឯបរិមាណបែរជាកើនឡើងស្ទើមិនអាចទទួលយកបានបែបនេះទៅវិញ។
ជាមួយនឹងករណីដូចខាងលើ ក៏មានអតិថិជនមួយចំនួនដែលប្រើប្រាស់បណ្តាញអគ្គិសនីខាងលើ បានលើកឡើងថា កាលពីមុនការខកខានមិនបានបង់ប្រាក់តាមវិកយប័ត្រចំនួនពីរឬបីខែក៏គ្មានបុគ្គលិកអគ្គិសនីណាម្នាក់មកកាត់ផ្តាច់ដែរ ប៉ុន្តែរយៈពេលមួយខែចុងក្រោយនេះ បែរជាបុគ្គលិកផ្នែកអគ្គិសនីនៅខេត្តកែប ដើរកាត់ផ្តាច់ចរន្តភ្លើង ដោយគ្រាន់តែហួសកំណត់នៃការបង់ប្រាក់ត្រឹមតែបួន ទៅប្រាំថ្ងៃប៉ុណ្ណោះ ហើយការផ្តាច់ចរន្តនេះ នាំឲ្យមានការប៉ះពាល់ដល់មុខរបរឬអាជីវកម្មផ្សេងៗ ដូចជាតាមអាហារដ្ឋាន ផ្ទះសំណាក់ បឹងហ្គាឡូត៍ ឬរីស៊តជាដើម។អតិថិជនខាងលើបានត្អូញត្អែរទៀតថា កាលពីមុនមិនដែលមានរឿងបែបនេះកើតឡើងនោះទេ ទោះបីគាត់មិនទាន់បង្វិលប្រាក់បានបង់លុយតាមវិកយប័ត្រពីរ ឬបីខែ ក៏មិនអីដែរ តែលើកនេះខាងអគ្គិសនីបានដាក់កំណត់យ៉ាងច្បាស់គឺត្រូវបង់ក្នុងរយៈពេលមួយខែម្តងជាកំហិត មិនដូច្នោះទេគឺត្រូវកាត់ផ្តាច់ចរន្តមិនខាន។
ទាក់ទិននឹងបញ្ហាដូចខាងលើ លោក ម៉ិច សុធី ប្រធានគ្រប់គ្រងបណ្តាញអគ្គិសនីនៅខេត្តកែប បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៨នេះថា តាមពិតលោកទទួលស្គាល់ថា ជួនកាលឋាមពលអគ្គិសនីវាអាចមានបរិមាណឡើងចុះទៅតាមសម្ពាធឬតាមបរិយាកាស និងតាមលក្ខខណ្ឌប្រើប្រាស់ផងដែរ ដូចជាតាមរយៈការតភ្ជាប់បណ្តាញ ដោយគ្មានជំនាញបច្ចេកទេសច្បាស់លាស់ ឬតាមរយៈសម្ភារៈអគ្គិសនី រួមមានការប្រើខ្នាត-ទំហំខ្សែភ្លើងខុសស្តង់ដារ ការតភ្ជាប់-តម្លើងខ្សែចរន្តឆ្លងកាត់ដែលមានចម្ងាយឆ្ងាយ ដោយមិនបានពិនិត្យនូវមុខតំណរដាច់រលាត់ ដែលធ្វើឲ្យចរន្តងាយឆ្លង ធ្វើឲ្យកុងទ័រគីឡូឡើងខ្លាំងក៏មានដែរ។
លោកបានបន្ថែមថា ចំពោះការកំណត់ឲ្យអតិថិជនបង់ប្រាក់តាមវិកយប័ត្រ អំឡុងមួយខែម្តងបែបនេះ គឺមិនមែនមានតែខេត្តកែបទេ សូម្បីតែក្រុមហ៊ុនអគ្គិសនីនៅទូទាំងប្រទេសក៏ត្រូវបានអនុវត្តដូចគ្នា ។ ម្យ៉ាងទៀត បណ្តាញអគ្គិសនីរបស់យើងទិញគេបន្តសម្រាប់ផ្គត់ផ្គង់ជូនអតិថិជន ម្លោះហើយបើមិនតម្រូវឲ្យបង់វិកយប័ត្រតាមកាលកំណត់នោះ តើមានថវិកាឯណាបង្វិលសងថ្លៃបណ្តាញនោះ។
ជាមួយគ្នានេះលោក យស់ មុន្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃដដែលនេះថា បណ្តាញអគ្គិសនីនៅខេត្តកែប មានកម្លាំងតង់ស្យុង២២មេកាវ៉ាត់ គ្រប់គ្រងផ្តាច់មុខដោយក្រុមហ៊ុន ឧកញ៉ា វិញ ហ៊ួរ ។
លោកថា ចំពោះបញ្ហាប្រើប្រាស់របស់អតិជនជួបករណីបែបណាលោកមិនសូវដឹងឡើយ ព្រោះលោកបានត្រឹមតែជំរុញធ្វើយ៉ាងណាឲ្យខាងក្រុមហ៊ុនអគ្គិសនីចែកចាយបណ្តាញប្រើប្រាស់អគ្គិសនីជូនដល់អតិថិជនឲ្យបានគ្រប់គ្រាន់ មានសេវាល្អ រហ័សទាន់ចិត្ត ហើយអនុវត្តតាមតម្លៃកំណត់ ក្នុង១គីឡូវ៉ាត់ត្រឹម៧៧០រៀល ដោយមិនអនុញ្ញាតឲ្យមានការតម្លើងថ្លៃលើសពីនេះឡើយ ។
លោក យស់ មុន្នី ក៏បានបញ្ជាក់ទៀតថា ចំពោះការកំណត់ឲ្យបង់ប្រាក់ក្នុងវិកយប័ត្ររាល់ពេលមួយខែម្តងនោះពិតជាមិនខុសអី្វទេ ព្រោះថាអតិថិជនដែលទិញរបស់គេហើយ គឺត្រូវតែឲ្យលុយគេជៀសមិនផុតឡើយ៕