កំពត ៖ លោក ទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉ន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង២ជាន់មាន១០បន្ទប់ នៃវិទ្យាល័យព្រះបិតាជាតិ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក អាជ្ញាធរដែនដីគ្រប់ស្រទាប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ស្រុកកំពង់ត្រាចមានផ្ទៃដីសរុប ៣៥៣គីឡូម៉ែត្រ ក្រឡា មាន១៤ឃុំ ស្មើ៦៩ភូមិ មានប្រជាពលរដ្ឋ ២១.៤១៣គ្រួសារ ផ្ទៃដីបង្កបង្កើនផល២១.៩៧៧ហិកតា ដែលមានច្រកទ្វារព្រំដែនចំនួន២ សម្រាប់ចេញចូលជាមួយប្រទេសវៀតណាម គឺច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារព្រំដែនទ្វេរភាគីតន់ហន់។លោកអភិបាលស្រុកបានឲ្យដឹងទៀតថា បើផ្អែកលើវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ ស្រុកកំពង់ត្រាច មានគ្រូបង្រៀនចំនួន៦៥៦នាក់ ក្នុងនោះស្រីមាន២២២នាក់ សិស្សសរុបចំនួន១៨.៩៨០នាក់/ស្រី ៩.២១៦នាក់ មានសាលារៀន ៦១សាលា ក្នុងនោះសាលាបឋមសិក្សាចំនួន៤៦ អនុវិទ្យាល័យចំនួន១៣ វិទ្យាល័យចំនួន២ អគារសិក្សាសរុបចំនួន១៣១អគារ ស្មើនឹង៥៩៦បន្ទប់ ក្នុងនោះមានអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ផងដែរ។មានប្រសាសន៍ សំណេះសំណាល លោកបណ្ឌិតទេសរដ្ឋមន្ត្រីប៉ែន ស៉ីម៉ន បាន ថ្លែងការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ក្នុងស្រុកកំពង់ត្រាច ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សដល់សិស្សានុសិស្ស ឲ្យក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើម ជាមនុស្សមានចំណេះខ្ពស់ សម្រាប់បន្តវេនក្នុងការរួមចំណែកអភិវឌ្ឃប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានគូសបញ្ជាក់ទៀតថា ចំពោះអគារសិក្សាថ្មី១ខ្នង២ជាន់មាន១០បន្ទប់នៃវិទ្យាល័យព្រះបិតាជាតិនេះ គឺជាសមិទ្ធផលថ្មីសន្លាង សម្រាប់រួមចំណែកបម្រើឲ្យវិស័យអប់រំក្នុងស្រុកកំពង់ត្រាច កាន់តែរីកចម្រើនថែមទៀត ពិសេសផ្នែកបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានភាពទូលំទូលាយ។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ប៉ែន ស៉ីម៉ន ក៏បានលើកឡើងពីលក្ខណៈសម្គាល់ភូមិសាស្ត្រនិងសក្ដានុពលរបស់ខេត្តកំពត ដែលខេត្តនេះមាននិងបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចជាតិនិងជីវភាពធូធាររបស់ប្រជាជនមានការកើនឡើងជាលំដាប់យ៉ាងប្រសើរ ពិសេសស្រុកកំពង់ត្រាច ដែលចាត់ទុកជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយ ដោយសារស្រុកកំពង់ត្រាចត្រូវបានបង្កើតឲ្យមានរោងចក្រដ៏ធំសម្បើម អាចឲ្យប្រជាពលរដ្ឋរកប្រាក់ចំណូលដោះស្រាយជីវភាពបានកាន់តែធូរធាជាលំដាប់។ លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានបន្តលើកឡើងផងដែរអំពីបរិបទអំណោយផលនៃប្រទេសជាតិនាពេលបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើផ្ទៃប្រទេស។ហើយសមិទ្ធផលទាំងអស់នោះគឺសុទ្ធសឹងបានកើតចេញពីអំណោយផលនៃសុខសន្តិភាពយ៉ាងពិតប្រាកដ តាមរយៈយុទ្ធសាស្ត្រនយោបាយឈ្នះៗក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញពីសច្ចភាពនេះហើយទើបត្រូវបានការទទួលគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបំផុត នៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរាល់គ្រប់អាណត្តិនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវមានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែន ដែលបច្ចុប្បន្នប្រទេសជាតិកំពុងតែមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយបានធ្វើឲ្យជីវភាពប្រជាជនទូទាំងប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់។ លោកបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលត្រូវប្រព្រឹត្តឡើងនាថ្ងៃអាទិត្យទី២៩ខែកក្កដា២០១៨មុខនេះឱ្យបានគ្រប់គ្នាដើម្បីបន្តការគាំទ្រសម្ដេចតេជោហ៊ុន សែន ដឹកនាំប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ