កំពត ៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨នេះ ខេត្តកំពត បានបើកអង្គសិក្ខា សាលាស្ដីពីការអភិវឌ្ឍកម្មវិធីសិក្សាលម្អិតនៅវិទ្យាស្ថានគរុកោសល្យ ក្រោមអធិបតីភាព លោក បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។ អង្គសិក្ខាសាលាក្រោមការរៀបចំឡើង ដោយក្រសួងអប់រំយុវជននិងកីឡាសហការជាមួយគម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍ សមត្ថភាពក្នុងវិស័យអប់រំហៅថា (CDPF)។បន្ទាប់ពីមានរបាយការណ៍ស្វាគមន៍របស់លោកកៅ រិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតរួចមក លោកង៉ោ ប៉េងឡុង ប្រធាននាយក ដ្ឋានបណ្ដុះបណ្ដាលនិងវិក្រិតការបានឲ្យដឹងថា៖អង្គសិក្ខាសាលា នេះមានរយៈពេល៥ថ្ងៃសិក្ខាកាម សរុបចំនួន២៧៩នាក់ដែលមកពីអគ្គនាយដ្ឋានចំនួន៣-នាយកដ្ឋានចំនួន៦-សកលវិទ្យាល័យ ក្រសួងអប់រំយុវជននិងកីឡា ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការ ការអភិវឌ្ឍកម្មវិធី សិក្សាលម្អិតសម្រាប់ វិទ្យាស្ថានគរុកោសល្យ និងស្វែងយល់លើខ្លឹមសារឯកសារដែលផលិតបានថ្មី ដើម្បីយកទៅប្រើប្រាស់ឲ្យទទួលបានគុណភាពនិងប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅព្រះរាជាណាចក្រកម្ពុជា។លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកបញ្ចាក់ថា៖ប្រព័ន្ធអប់រំនៅលើពិភពលោកមាន ការប្រែប្រួលយ៉ាងច្រើន ដែលទាមទារឲ្យប្រទេសនិមួយៗ ធ្វើកំណែទម្រង់លើវិស័យអប់រំសមាសធាតុគន្លឹះមួយនៅក្នុងកំណែទម្រង់ គឺអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនដើម្បីធ្វើឲ្យប្រព័ន្ធអប់រំកាន់តែមានគុណភាពនិងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការ សេដ្ឋកិច្ច សង្គមកិច្ច ផ្អែកលើចំណេះដឹង និងការប្រកួតប្រជែងផ្នែកបញ្ញាញាណនៅក្នុងសង្គម។លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបន្តលើកឡើងទៀតថា៖ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់កម្ពុជា ទាំងក្នុងពេលចំពោះមុខនិងសម្រាប់អនាគត។ ពិសេស ក្នុងពេលដែលកម្ពុជាឈានចូលទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចបានតាមចក្ខុវិស័យនេះ វិស័យអប់រំត្រូវបន្តផ្ដោតអាទិភាពលើការពង្រឹងគុណភាពនិងភាពអាចឆ្លើយតបបានទៅនឹងសេចក្ដីត្រូវការនៃទីផ្សារពលកម្ម។ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក៏បានសំណូមពរផ្ដាំផ្ញើដល់សមាជិកអង្គសិក្ខាសាលាទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកសាងកម្មវិធី និងខ្លឹមសារមុខវិជ្ជាសិក្សាលម្អិតសម្រាប់វិទ្យាស្ថានគរុកោសល្យនេះ ព្រមទាំងសិក្សាស្រាវជ្រាវដកស្រង់បទពិសោធន៍ល្អៗ ពីបណ្ដាប្រទេសផ្សេងៗ សម្រាប់ដាក់បញ្ចូលទៅក្នុងកម្មវិធី ខ្លឹមសារឯកសារថ្មី ដែលជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាលគ្រូនៅវិទ្យាស្ថានគរុកោសល្យនេះឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ