លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តកំពត
កំពត ៖ នៅព្រឹកថ្ងៃពុធ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ខែឧសភាឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត មានបើកកិច្ចប្រជុំបូកសរុប ការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨និង ផ្សព្វផ្សាយគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានប្រចាំការនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស៊ុក សារ៉ាដអភិបាលរងនៃគណៈអភិបាលខេត្តតំណាង លោក ជាវ តាយអភិបាលខេត្ត បានលើកក្នុងរបាយការណ៍ឱ្យដឹងថា ខេត្តកំពតរយៈពេលកន្លងមកបានជួបគ្រោះ មហន្តរាយផ្សេងៗជាច្រើនមានដូចជា ខ្យល់ កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ គ្រោះរាំងស្ងួត ផ្តាសាយបក្សី
មមៀចត្នោតបំផ្លាញដំណាំស្រូវរបស់ ប្រជាកសិករជាដើម ពោលគឺខេត្តនៅប៉ែកនិរតី នៃប្រទេសកម្ពុជាមួយនេះបានជួបនូវគ្រោះ មហន្តរាយស្ទើរតែគ្រប់ប្រភេទទាំងអស់ ស្របគ្នាទៅនឹងការខិតខំប្រឹងប្រែងរបស់យើងក្នុងការ ផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខេត្ត។
ជាមួយនេះដែរ លោកទេសរដ្ឋមន្ត្រីញឹម វណ្ណដា បានលើកឡើងថា ពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំងខាងធម្មជាតិ ដែលបង្កឱ្យមានគ្រោះហមន្តរាយពីធម្មជាតិជាញឹកញាប់ រួមនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយមនុស្សផងដែរ ដែលពិភពលោកកំពុងតែរួមគ្នាធ្វើការដោះស្រាយ តែការ ដោះស្រាយទាំងឡាយមិនអាចឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាំងអស់ទេ តែទោះជាយ៉ាងណាក៏ដោយវាទាមទារឱ្យមានការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការឆ្លើយតទៅនឹង គ្រោះមហន្តរាយនេះទាំងអស់គ្នា សម្រាប់ទប់ទល់ឱ្យបានជាមួយនឹងគ្រោះធម្មជាតិដែលតែងតែយាយីមកដល់មនុស្ស សត្វ ក៏ដូចជាសម្ភារៈឬទ្រព្យសម្បតិ្តផ្សេងៗកន្លងមកផងដែរ៕