ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ការ​លក់ដូរ​នៅ​ជុំវិញ​វត្ត​ភ្នំ និង​ការទារលុយ​ពី​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» លែងមានទៀតហើយ ក្រោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​អភិបាល​រាជធានី​ភ្នំពេញ​
Thu,03 May 2018 (Time 07:36 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 632នាក់)


ភ្នំពេញ ៖ ការលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​នានា នៅ​ជុំវិញរ​ម្មណី​យដ្ឋា​ន​វត្តភ្នំ ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ លែង​មាន​តទៅ​ហើយ បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​យ៉ា​ដាច់ណាត់ មកកាន់​អភិបាលខណ្ឌ​ដូនពេញ​លោក សុខ ពេញវុ​ធ ដើម្បី​លើកកម្ពស់​បញ្ហា​បរិស្ថាន និង​អនាម័យ​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រោម​ការបញ្ជា​ពី​អភិបាលខណ្ឌ​ដូនពេញ កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​វត្តភ្នំ បាន​បើក​យុទ្ធនាការ ចុះ​ទៅ​រៀបចំ​សណ្តាប់​ជាប្រចាំ ដោយ​ហាមឃាត់​ការលក់ដូរ​តាម​រ៉ឺម៉ក់​ម៉ូតូ តាម​រទេះរុញ និង​តាម​រថយន្ត​ជាដើម ដែល​មើលទៅ​មាន​ភាព​រញ៉េរញ៉ៃ គ្មាន​អនាម័យ ហើយ​ពេល​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើ​ទៀតផង​។​

​ជាមួយគ្នានេះ បញ្ហា​យក​លុយ​ថ្លៃ​ភាស៊ី​ពី​សំណាក់​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ពី​ម្ចាស់​ម៉ូតូ និង​រថយន្ត​ដែល​ចត​នៅ​តាម​ដងផ្លូវ នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ និង​នៅ​ក្បែរ​មន្ទីរ​គន្ធបុប្ផា​នោះ ក៏​គ្មាន​ទៀតឡើយ បន្ទាប់ពី​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន​ទូទៅ និង​ប្រជាពលរដ្ឋ​ដែល​បាន​យក​កូន​មក​កាន់​មន្ទីរពេទ្យ​មួយ​នេះ​។​

​ថ្លែង​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ លោក ចាប ឌី​ណា បានបញ្ជាក់​ថា «​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ​មុខ គ្មាន​ទៀតឡើយ​ចំពោះ ការ​លក់ដូរ​នៅ​ជុំវិញ​វត្ត​ភ្នំ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ទីក្រុង សណ្តាប់ធ្នាប់​សាធារណៈ និង​អនាម័យ​ផងដែរ ជាពិសេស​នោះ​នាំឲ្យ​មាន​ការប៉ះពាល់​ដល់​ភ្ញៀវទេចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កំសាន្ត​នៅ​វត្ត​ភ្នំ​របស់​យើង​នេះ​ផងដែរ​»​។​

​នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ​រូបនេះ ក៏​បាន​បញ្ជាក់​ផង​ដែរ ក្រោយ​បទបញ្ជា​ផ្ទាល់​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​, លោក​អភិបាល​ខណ្ឌ​ដូនពេញ បាន​ចាត់ចែង​ឲ្យ​មន្ត្រីក្រោមឱវាទ ត្រូវ​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​ករណី​នេះ ដើម្បី​រក្សា​មុខមាត់​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ការទាក់ទាញ​ពី​មហាជន​ទូទៅ​។​

​សូមបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» បញ្ឈប់​ការ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​យក​ម៉ូតូ និង​រថយន្ត​របស់​ពួកគាត់​ចត​លើ​ដងផ្លូវ នៅ​ម្តុំ​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ តទៅទៀត ហើយ​នៅ​រសៀល​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះដែរ អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​បន្ថែម​នៅ​តំបន់​នោះ ជា​ពិសេស​ជូន​ដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង​គ្រប់ៗ​គ្នា​។​

​កាលពី​ពេល​ថ្មីៗ​នេះ មាន​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស ពលរដ្ឋ​ដែល​បាន​យក​កូន​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ដោយសារ​តែ​ប្រញាប់​ខ្លាំងពេក ដើម្បី​ឲ្យ​កូន​ចូល​ទៅក្នុង​មន្ទីរពេទ្យ​នោះ ពួកគាត់​បាន​បង្ខំ​ចិត្ត​យក​ម៉ូតូ និង​រថយន្ត​ទៅ​ចត​នៅលើ​ដងផ្លូវ​នៅក្បែរៗ​នោះ​។ ប៉ុន្តែ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​មាន​បុគ្គលិក​របស់​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ទៅ​ទារ​ថ្លៃ​ភាស៊ី​មាន​ចាប់ពី​៣០០០​រៀល ឡើង​ទៅ​ផង​ដែរ​។ ពេលខ្លះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​បុគ្គលិក​នោះ យក​ច្រ​វ៉ា​ក់​ទៅ​ចាក់​កង់​ម៉ូតូ ដើម្បី​បង្ខំ​ឲ្យ​ម្ចាស់​បង់លុយ​ថ្លៃ​ភាស៊ី ចំពោះ​ការចត​លើ​ដងផ្លូវ​នេះ​។​

​ដោយសារតែ​មាន​ការរិះគន់​ខ្លាំង​ពី​ប្រជាពលរដ្ឋ​មក​នោះ ទើប​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​យក​ភាស៊ី​មួយ​នេះ បញ្ឈប់​សកម្មភាព​ភ្លាម ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​រប​ស់​ពលរដ្ឋ​ទូទៅ​។​
​លោក ចាប ឌី​ណា បាន​ប្រាប់​មក​កាន់​អង្គភាព​ព័ត៌មាន កម្ពុជា​អភិវឌ្ឍន៍ យ៉ាង​ដូច្នេះ​ថា «​ក្រោម​ការណែនាំ​ពី​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​អភិបាលខណ្ឌ​ដូនពេញ រសៀល​ថ្ងៃ​នេះ យើង​បាន​ចុះ​មក​ពិនិត្យ​មើល​នៅ​បរិវេណ​វត្តភ្នំ និង​ទីតាំង​មួយចំនួនទៀត ពាក់ព័ន្ធ​ការវិនិយោគ​របស់​ក្រុមហ៊ុន ស៊ូ​ណា​ត្រា ហើយ​ពេលនេះ​យើង​ឃើញថា ពុំ​មាន​ការ​យក​លុយ​ភាស៊ី​អ្វី​ទៀត​ឡើយ ដោយ​យើង​បាន​ផ្អាក​សកម្មភាព​នេះហើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ទទួលបាន​ជា​ព័ត៌មាន​។ តែ​យ៉ាងណាក៏ដោយ យើង​សុំ​ការយោគយល់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចំពោះ​ការប្រកប​អាជីវកម្ម និង​ការចត​ម៉ូតូ រថយន្ត​ឲ្យមាន​សណ្តាប់ធ្នាប់ ហើយ​មិន​ត្រូវ​យក​ដងផ្លូវ ចិញ្ចើម​ផ្លូវ​ទាំង​នេះ ជា​កន្លែង​ចំណត​ឡើយ​ដែល​អាច​នាំឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ និង​ដើម្បី​លើកតម្កើង​សោភ័ណភាព ទីក្រុង​របស់​យើង​ផងដែរ​»​។​

​រដ្ឋបាល​ខណ្ឌដូនពេញ​ក្រោម​ការដឹកនាំ​របស់​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ សូម​ថ្លែងអំណរគុណ​ចំ​កិច្ចសហការ​ល្អ​ប្រសើ​ររ​បស់​បងប្អូន លក់ដូរ​ខុស​សណ្តាប់ធ្នាប់ ដែល​មាន​ការយោគយល់​។ រដ្ឋបាល​ខណ្ឌ​ដូនពេញ​នឹង​បន្ត​រៀបចំ​កន្លែង​ដ៏​ទៃ​ទៀត​តាម​ពេលវេលា និង​ផែនការ​បាន​កំណត់​។ សូម​បងប្អូន​មហាជន​ទូទៅ​ជួយ​គាំទ្រ និង​សហការ​ដោយ​យើងខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​មតិ​យោបល់​ក្នុងន័យ​ស្ថាបនា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ