កែប ៖ ផ្លូវលំក្រាលក្រួសក្រហម១ខ្សែតភ្ជាប់ពីភូមិសាស្ត្រឃុំអង្កោលឆ្ពោះទៅកាន់ផ្លូវលេខ១៣៣២ នៃស្រុកដំណាក់ចង្អើរមានប្រវែង១.៥៥០ម៉ែត្រដែលជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ត្រូវបានធ្វើពិធីបើកការដ្ឋានស្ថាបនា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំណើរដោយសហការីជាច្រើនរូប រួមនិងថ្នាក់ដឹកនាំនៃមន្ទីរជំនាញនានា កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព។ពិធីនេះក៏មានការចូលពីសំណាក់ លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់ខាងលើយ៉ាងច្រើនកុះករផងដែរ។លោក ហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានឱ្យដឹងថា ផ្លូវលំ១ខ្សែដែលកំពុងបើកការដ្ឋានស្ថាបនាក្រាលក្រួសក្រហមនាព្រឹកនេះ គឺមានប្រវែង១.៥៥០ម៉ែត្រ និងមានទទឹងផ្លូវប្រវែង៤ម៉ែត្រ ដែលជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ប្រើកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ។ ដោយឡែក ចំពោះប្រឡាយជាប់ប្របគ្នាជាមួយតួផ្លូវដែលមានប្រវែងដូចគ្នា(១.៥៥០ម៉ែត្រ) ក៏ត្រូវបានស្តារនិងជួសជុលឡើងវិញដោយការផ្តួចផ្តើម ថវិកា របស់ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។មានប្រសាសន៍សំណេះសំណាល លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសយើងមានសុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសការស្ថាបនាផ្លូវថ្នល់ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងគិតគូរយកចិត្តទុកដាក់បំផុត ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ។លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវនៅចំណុចភូមិអំពែង ឃុំអង្កោលនេះ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់មានលទ្ធភាពក្នុងការប្រកបការងារឬធ្វើអាជីវកម្មផ្សេងៗ ដូចជាការធ្វើចរាចរបានលឿនរហ័ស ពិសេសក្មួយៗ ចៅៗជាសិស្សានុសិស្សទៅរៀនក្នុងសាលាបានទៀងទាត់ដោយគ្មានឧបសគ្គទៀតផង។ លោកអភិបាលខេត្តបន្តទៀតថា បើយើងមានផ្លូវត្រូវតែមានសង្ឃឹម ថែមទាំងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែធូរធា និងរីកចម្រើនជាលំដាប់ ព្រោះបើមានផ្លូវស្អាតតំបន់នេះនឹងមានកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ គឺដីពិតជាមានតម្លៃខ្ពស់មិនខាន។ជាមួយនេះ លោក កែន សត្ថា អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ត្រូវជួយថែរក្សាផ្លូវលំមួយខ្សែនេះឱ្យបានគង់វង្ស យូរអង្វែងសម្រាប់បន្តទៅកូនចៅគ្រប់ជំនាន់ ពិសេសជាងនេះ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើរើសអ្នកដឹកនាំប្រទេសប្រកបដោយការរីកចម្រើន មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ