កំពត ៖ ប្រជាពលរដ្ឋចំនួន១៨៨គ្រួសារស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង និងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើង និងផ្តិតមេដៃជំទាស់នូវការប៉ុនប៉ងលប់ដីបឹងឈូកដែលជាជ្រលងបង្ហៀរទឹក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ពីសំណាក់បុគ្គលមួយគ្រួសារ ដែលកំពុងព្យាយាមលេបយកដីបឹងដែលជាសម្បតិ្តរដ្ឋមកធ្វើជាសម្បតិ្តឯកជន។ប្រជាពលរដ្ឋលើកឡើងបែបនេះ ក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល នៅឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមការចូលរួមពីសំណាក់ លោក អីុវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រាច លោកជួន សុភា អភិបាលរងស្រុកកំពង់ត្រាច រួមនិងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ។ជាមួយគ្នានេះក្នុងវេទិកាក៏បានលើកឡើងពីបញ្ហាប្រឈមនានាដែលកំពុងជំរុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយ ពិសេសករណីមានការទន្ទ្រានលប់ដីបឹងឈូករបស់រដ្ឋ ដែលធ្វើឱ្យបិទផ្លូវទឹករបស់ពួកគាត់ មិនអាចប្រកបការងារកសិកម្មបាន។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋចំនួន១៨៨គ្រួសារប្រឆាំងយ៉ាងដាច់អហង្កាមិនអនុញ្ញាតឱ្យបុគ្គលម្នាក់បំផ្លាញផលប្រយោជន៍សាធារណៈ បាននោះឡើយ ព្រោះការចាក់លប់បឹងនេះនឹងធ្វើឱ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ពិសេសរងនូវជំនន់ ខណៈពេលមានភ្លៀងធ្លាក់ក្នុងរដូវវស្សា គឺមិនអាចរំដោះទឹកចេញពីទីតាំងខាងលើបានឡើយ។បើតាមការលើកឡើងពីសំណាក់ លោក ផូ ហ៊ ប្រជាពលរដ្ឋរស់ក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច បានបញ្ជាក់ដោយមឺុងម៉ាត់ថា គាត់ ព្រមទាំងប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ មិនព្រមអនុញ្ញាតឱ្យបុគ្គលណាចាក់ដីលប់បឹងឈូកនេះទេ ព្រោះទីតាំងដែលគេបំណងចាក់លប់នោះ ជាដង្ហើមស្លាប់រស់របស់ពួកគាត់។លោក ផូ ហ៊ ក៏បានសំណូមពរឱ្យអាជ្ញាធរ មានវិធានការទប់ស្កាត់និងគ្រប់គ្រងដីប្រឡាយ បឹងបួរទុកជាសម្បតិ្តរដ្ឋវិញ ពោលគឺត្រូវរក្សាជាបឹងប្រវតិ្តសាស្ត្រឱ្យនៅដូចដើម ហើយមានទំហំដូចមុនដដែល។ដោយឡែក អ្នកមីងកុល ឈៀន ប្រជាពលរដ្ឋរស់នៅក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង បានលើកឡើងថា គាត់សុំជំទាស់ដាច់ខាត មិនព្រមឱ្យបុគ្គល ឈ្មោះ សំ អេន និងប្រពន្ធឈ្មោះ សេង យិ ចាក់ដីលប់បឹងរំលោភយកធ្វើជាកម្មសិទ្ធផ្តាច់មុខនោះឡើយ គាត់ស៊ូប្តូរជីវិតក៏មិនព្រមដែរ ព្រោះបើហ៊ានចាក់លប់បឹងឈូកនេះមែន ដីស្រែ និងលំនៅឋានរបស់គាត់ ព្រមទាំងប្រជាពលរដ្ឋរស់ក្នុងភូមិសាស្ត្រខាងលើនឹងត្រូវលិចលង់គ្មានសល់ឡើយ។សូមបញ្ជាក់ផងដែរថា៖ បើតាមការលើកឡើងពី លោក អីុវ ផល្លី ប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រាច បានលើកឡើងថា រាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានា លោកនឹងធ្វើរបាយដើម្បីសុំពិគ្រោះយោបល់សម្រាប់រកដំណោះស្រាយជូនទៅតាមសំណូមពរ ដែលបងប្អូនបានលើកឡើងពីផលប៉ះពាល់ដូចខាងលើ ប៉ុន្តែការចាក់លប់ដីបឹងឬប្រឡាយ បើបុគ្គលណាហ៊ានប្រព្រឹត្ត គឺជាទង្វើខុសនឹងច្បាប់។យ៉ាងណាមិញដូចករណីលប់បឹងឈូករបស់រដ្ឋ ដែលជាជ្រលងបង្ហូរទឹក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច គឺជាបញ្ហាប្រឈមមួយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅក្នុងភូមិ ឃុំខាងលើយ៉ាងពិតប្រាកដ។ដូច្នេះបញ្ហានេះត្រឹមអាជ្ញាធរថ្នាក់ក្រោមពុំអាចដោះស្រាយនូវវិវាទនេះបានឡើយ មានតែអាជ្ញាធរថ្នាក់លើទើបអាចដោះកង្វល់នេះបាន។ស្របគ្នានឹងករណីនេះ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានបញ្ជាក់យ៉ាងដូច្នោះថា កន្លងមកអាជ្ញាធរស្រុកបានខិតខំទប់ស្កាត់មិនឱ្យបុគ្គលណាចាក់លប់ដីបឹងឈូកនេះទេ ប៉ុន្តែលោកពូសំ អេន ចេះតែទទូចសុំឱ្យអាជ្ញាធរជួយជំរុញធ្វើប័ណ្ណកម្មសិទ្ធិជូនគាត់ ហើយអាជ្ញាធរនិងជំនាញមិនទាន់ឆ្លើយតបផង ស្រាប់តែគាត់ចេះតែហៅរថយន្តដឹកដីមកចាក់នៅលើដីបឹងឈូកជាបន្តបន្ទាប់ លុះដល់អាជ្ញាធរមកហាមប្រាមបែរជាគាត់មិនស្តាប់ ដោយគាត់សំអាងថាដីបឹងនេះគាត់ដាំឈូកអាស្រ័យផលរាប់ឆ្នាំមកហើយ។សរុបសេចក្តីមកលោកពូ សំ អេន ទោះជាអាជ្ញាធរស្រុកមានវិធានការបែបណា ក៏គាត់មិនខ្លាចដែរ មិនដឹងគាត់អាងលើអ្វី??។លោកជួន សុភា បានបញ្ជាក់ទៀតថា អាជ្ញាធរមិនព្រមអនុញ្ញាតឱ្យបុគ្គលណាទន្ទ្រានដីបឹងឈូកនេះបានជាដាច់ខាត។បន្ទាប់ពីមានការជំទាស់ដាច់ខាតពីប្រជាពលរដ្ឋទាំង១៨៨គ្រួសារ លោក សំ អេន ក៏បាននិយាយថា ដីបឹងឈូកនេះលោកបានដាំឈូកអាស្រ័យផលតាំងពីឆ្នាំ១៩៨៣មកម្លេះ ទើបគាត់ចង់ស្នើសុំឱ្យអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិ ប៉ុន្តែបើអាជ្ញាធរដកហូតយកជាសម្បតិ្តរដ្ឋវិញ លោកក៏មិនជំទាស់ទៀតដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ