លោក សុខ សម្បត្តិ ជួបសំណេះសំណាលជាមួយសមាជិកបក្ស សង្កាត់ទាំង ៥ នៅក្នុងខណ្ឌព្រែកព្នៅ
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ មានកិច្ចប្រជុំបែងចែកផែនការជួបសំណេះសំណាលជាមួយសមាជិកបក្ស សង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ និងមន្ត្រីគណបក្សខណ្ឌ សង្កាត់ ជាច្រើននាក់ទៀតផងដែរ។
ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ បានជំរុញឱ្យក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្តខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសសមាជិកបក្សក្នុងរដូវភ្លៀងធ្លាក់នេះ ដើម្បីឱ្យដឹងថា តើប្រជាពលរដ្ឋពួកគាត់ត្រូវការអ្វីខ្លះ មានសំណូមពរអ្វីខ្លះ មកកាន់ក្រុមការងារយើង ដើម្បីរកដំណោះស្រាយជួយពួកគាត់ឱ្យបានទាន់ពេលវេលា។
លោកបន្តថា ក្រុមការងារដែលចុះជួបសមាជិកបក្សតាមសង្កាត់និមួយៗ ត្រូវឆ្លៀតពេលមិនចាំបាច់តែថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះទេ ថ្ងៃច័ន្ទក៏យើងអាចចុះជួបជាមួយពួកគាត់បានដែរ តែត្រូវយកពេលក្រៅពីម៉ោងរដ្ឋ ហើយត្រូវចែកថវិកាគណបក្សប្រជាជនកម្ពុជា ឱ្យដល់ដៃពួកគាត់ឱ្យគ្រប់តាមចំនួនកំណត់សមាជិកបក្សតាមសង្កាត់របស់ខ្លួន។ ជាងនេះទៅទៀត ក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឱ្យថ្នាក់ដឹកនាំរបស់យើងនៅខាងលើមានការខកបំណងពីក្រុមការងារនេះឡើយ។
លោក សុខ សម្បត្តិ ក៏បានលើកឡើងពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់នៅ ខណ្ឌ និង សង្កាត់ ដែលតែងតែអនុវត្តនូវគោលនយោបាយទិសដៅរបស់គណបក្ស ពិសេសជាទូទៅមានមនោសញ្ចោតនាជាប់ជាមួយប្រជាពលរដ្ឋ ទូទៅ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានគិតគូរពីប្រទេសជាតិ និងប្រជាពលរដ្ឋជានិច្ចជាកាលផងដែរ ៕