ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ច្បាប់​ជាង ៣​ពាន់​នាក់​
Tue,22 May 2018 (Time 01:03 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 666នាក់)


(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ប្រមាណ ៣,៣៤៩​នាក់ ក្នុងនោះ​មាន​នារី ១,៤៤៩​នាក់​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

* សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា សម្តេច​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​ប្រមាណ ៣,៣៤៩​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​ជញ្ជីង​។ សម្តេច​ថ្លែងថា ជញ្ជីង​នៅតាម​ទីផ្សារ​ពេលខ្លះ​មិនមែន​អ្នក​លក់​ស៊ី​ភ្នែកជញ្ជីង​នោះទេ តែ​អាច​បណ្តាលមកពី​ការផលិត​ជញ្ជីង​មាន​លក្ខណៈ​ខុសៗ​គ្នា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក​សម្តេច​បាន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាលា​ច្បាប់​ចំនួន ១៨​លើក​មក​ហើយ​។ នេះ​មិន​ទាន់​គិត​ពី​ការ​ដែល​សម្តេច​ទៅ​បង្រៀន​និស្សិត​នៅ​សាលា​នេះ​នៅឡើយ​ទេ​។​

* សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា គ្រឹះស្ថានឧត្តមសិក្សា​ទាំង​អស់ ទោះ​បើក​ឲ្យមាន​ការសិក្សា​បង់ថ្លៃ​ក្តី ប៉ុន្តែ​នៅតែ​អាច​រក្សា​ឧត្តមភាព​របស់ខ្លួន និង​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​ពី​និស្សិត​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ធនធានមនុស្ស​នៅ​កម្ពុជា នៅតែ​មិន​ទាន់​ឆ្លើយតប​ចំពោះ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យមាន​ការជ្រើសរើស​យក អ្នកជំនាញ​ពី​ក្រៅប្រទេស​។ ដូច្នេះ​តម្រូវការ​បណ្តុះបណ្តាល​ធ​ន​ធាន​នៅតែ​ជា​បញ្ហា​អាទិភាព​។​

* សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា មូលហេតុ​ដែល​កម្ពុជា​ដើរ​ចូល​អាស៊ាន​បាន ដោយសារ​តែ​កម្ពុជា​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​។ សម្តេច​ថា លក្ខិណៈវិនិច្ឆ័​យរបស់​អាស៊ាន គឺ​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​។​

* សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា ប្រទេស​ទី​ម័រ​មិនទាន់​អាច​ចូល​ជា​សមាជិក​អាស៊ាន​បាន ដោយសារតែ​ប្រទេស​មាន​ធនធាន​មនុស្ស​មិន​ឆ្លើយតប​តម្រូវការ​របស់​អាស៊ាន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​អាស៊ាន​ដែល​មាន​ការលូតលាស់​កំពុងយ​ក​ចិត្ត​ទុកដាក់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​ការកាត់បន្ថយ​គម្លាតរ​វាង សមាជិក​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី ក៏​ត្រូវ​ផ្តោត​សំខាន់​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ​ផងដែរ​។​

* ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បន្ត​រំលឹកថា ការកាត់បន្ថយ​គម្លាត​ធនធាន​ទ្រព្យសម្បត្តិ​ជា​រឿង​លំបាក ដូចជា​នៅ​ប្រទេស​ធំៗ​លើ​លោក​មិនមែន​សុទ្ធ​មាន​ប្រជាពលរដ្ឋ​ជា​សេដ្ឋី​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ធម្មតា និង​សេដ្ឋី​នោះ សុទ្ធតែ​អា​ចរៀន​ចប់​ថ្នាក់អនុបណ្ឌិត ឬ​បណ្ឌិត​បាន​ដូចគ្នា​។ សម្រាប់​កម្ពុជា​វិញ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺ​កូនអ្នកមាន និង​អ្នកក្រ គឺ​សុទ្ធតែ​អាច​រៀន​បាន​ខ្ពស់​ដូច​គ្នា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច នៅតែ​យក​ការបណ្តុះបណ្តាល និង​អប់រំ​ជា​មុំ​ទី​១ សម្រាប់​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​

* សម្តេ​តេជោ បាន​បន្ថែមថា សម្រាប់​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤​នេះ គឺ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​សំណាញ់​សុវត្ថិភាព​សង្គម ដូចជា​ការផ្តល់​សាច់ប្រាក់​ដល់​កម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជាដើម នៅ​ពេល​ពួកគេ​សម្រាលកូន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការអប់រំ​នាពេល​បច្ចុប្បន្ន​កំពុង​តែ​បាញ់​ឆ្ពោះ​ទៅ​លើ​ការអប់រំ​នៅតាម​ទីជនបទ ដោយ​ដាក់​ចេញ​គោលដៅ​ភូមិ​មួយ​មាន​សាលា​មួយ និង​ស្រុក​មួយ​មាន​វិទ្យាល័យ​ច្រើន និង​ខេត្ត​មួយ​ត្រូវ​មាន​សាកលវិទ្យាល័យ​រដ្ឋ​មួយ​។​

* សម្តេចនាយក​រដ្ឋមន្ត្រី នៅ​តែ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ចំនួន​និស្សិត​ជា​នារី ដែល​មាន​កម្រិត​ទាប​ជាង​បុរស​នៅ​ថ្នាក់​ឧត្តមសិក្សា ដែល​ត្រូវ​មាន​ការគិតគូរ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ពី​ដើម​មាន​តែ​កម្ពុជា​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅប្រទេស តែ​បច្ចុប្បន្ន​មាន​បរទេស​ជាច្រើន​បាន​មក​រៀន​នៅ​តាម​សាកលវិទ្យាល័យ​របស់​កម្ពុជា មានដូចជា បារាំង ចិន កូរ៉េ ជប៉ុន ម៉ារ៉ុក អង់គ្លេស ម៉ាលី និង​អង់គ្លេស​ផងដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អប់រំ បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការអប់រំ​បន្ថែម​ទៀត​។​

* សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បន្ត​ថា យុវជន​សម័យ​សុខ​សន្តិភាព​នេះ​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការស្វែងរក​ការអប់រំ ខុសគ្នា​ឆ្ងាយ​ពី​យុវជន​ក្នុង​សម័យ​សង្គ្រាម ដែល​គ្មាន​ផ្លូវ​ជ្រើសរើស​នោះឡើយ ក្រៅ​តែ​ពី​ការ​ចូល​បម្រើ​កងទ័ព​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ឡើងវិញ​ពី​ការសម្រេចចិត្ត​ធ្វើ​ការតស៊ូ​ទៅ​ក្រៅប្រទេស ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ពេល​សម្រេច​ចិត្ត​ចេញ​តស៊ូ​ដំបូង​ក្នុង​វ័យ​ត្រឹម ២៥​ឆ្នាំ​នោះ សម្តេច​មាន​ជម្រើស​ចំនួន​៤ រួមមាន​៖ ការតស៊ូ​នៅក្នុង​ស្រុក មិន​ចេញ​ទៅ​ណា​ឲ្យ​ប៉ុលពត ចាប់​ទៅ​សម្លាប់ ការធ្វើ​អត្តឃាត​ខ្លួនឯង និង​ចុងក្រោយ​គឺ​ការ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ហើយ​តស៊ូ​ពី​ក្រៅ​ប្រទេស​មក​វិញ​។​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា យុវជន​សម័យ​នេះ​មាន​ឱកាស​ច្រើន​ណាស់ ដូច្នេះ​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ហើយ​ត្រូវ​ប្រើប្រាស់​ឱកាស​ក្នុងពេល​មាន​សុខ​សន្តិភាព​នេះ​ឲ្យបាន​ត្រឹមត្រូវ​។​

* សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក​ការលើកឡើង​របស់​លោក សម រង្ស៊ី និង​អតីត​មេក​ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ថា បក្ស​នយោបាយ​ថ្មី​សុទ្ធ​តែ​បង្កើត​ដោយ​សម្តេច​នោះ គឺជា​ការមើលស្រាល​មួយ​ចំពោះ​បក្សនយោបាយ​ទាំងនោះ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទឹកចិត្ត​ឪពុកម្តាយ ដូចគ្នា​ទាំងអស់​មិន​ខុស​គ្នា​នោះ​ទេ គឺ​រីករាយ​ណាស់​នៅពេល​កូនចៅ​បាន​បញ្ចប់​ការសិក្សា​។ សម្តេច​បាន​រំលឹកថា សម្តេច​រីករាយ​ខ្លាំង​ណាស់ ពេល​ដែល​កូនប្រុស គឺ​លោក ហ៊ុន ម៉ា​ណែ​ត រៀន​ថ្នាក់​ទី​១ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ហើយ​យក​ប័ណ្ណសរសើរ​មក​រក្សាទុក ហើយ​ពេល​កូន​បាន​ចូល​ដល់​វិទ្យាល័យ ក៏ដូចជា​រៀន​ដល់​សាកលវិទ្យាល័យ​យោធា​អាមេរិក គឺ​សម្តេច​លួច​សប្បាយ លួច​ញញឹម​ក្នុង​ចិត្ត​តែម្នាក់ឯង​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ត្រូវធ្វើ​សកម្មភាព​ព្រម​គ្នា ដើម្បី​ធានា​ដល់​ការរក្សាបាន​ម៉ាក្រូសេដ្ឋកិច្ច និង​កម្រិត​ជីវភាពរ​បស់​ប្រជាពលរដ្ឋ​មិន​ត្រូវ​ធ្លាក់ចុះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​ថា ដើម្បី​រក្សាបាន​នូវ​ស្ថានភាព​ល្អប្រសើរ​នេះ ត្រូវ​តែ​រក្សា​ឲ្យបាន​នូវ​សុខសន្តិភាព​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ឆ្នាំ​២០១៨​នេះ ត្រូវតែ​រួមគ្នា​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន ៧​ភាគរយ តែ​ក៏​ត្រូវ​រួម​គ្នា​ត្រៀម​ការពារ​ទឹកជំនន់​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះទេ ត្រូវតែ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សន្តិភាព និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទ​ករ​ថា​នៅ​វេលា​ម៉ោង​៨៖៤៥​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨, សូម​អរគុណ​ចំពោះ​ការ​ទស្សនា​ការផ្សាយ​ផ្ទាល់​៕
​លោក រុន សារ៉េត​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ