សម្ពោធដាក់ឱ្យប្រើប្រាស់នូវកំណាត់ផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិភ្នំសាឡី តភ្ជាប់ទៅភូមិត្រពាំងជ្រៃ
កំពត ៖ កំណាត់ផ្លូវលំមួយកន្លែងមានប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ត្រាចខាងលិច តភ្ជាប់ឆ្ពោះទៅកាន់ភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការ កាលពីព្រឹកថ្ងៃអាទិត្យ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមាន លោក យិន ណូត ប្រធានក្រុមប្រឹក្សាស្រុក លោក ជួន សុភា អភិបាលរង តំណាងលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច។
ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ លោក សុខ ច័ន្ធណារិទ្ធ និងអ្នកស្រី សុខ សុភាព ដែលជាសប្បុរសជនមកពីខេត្តព្រះសីហនុ(ម្ចាស់ជំនួយ),លោក ទិន សម្បតិ្ត អនុប្រធានអចិន្ត្រៃយ៍ សម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុកកំពង់ត្រាច និងអាជ្ញាធរមូលដ្ឋាននៃឃុំទាំងពីរ ព្រះសង្ឃ ព្រមទាំងក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់ត្រាច រួមនិងប្រជាពលរដ្ឋក្នុងតំបន់ខាងលើចំនួនប្រមាណ១៥០នាក់ផងដែរ។
លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានឱ្យដឹងថា កំណាត់ផ្លូវលំដែលមានប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច តភ្ជាប់ទៅកាន់ភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតនេះ ត្រូវបានស្ថាបនាបានរួចរាល់ ដែលអាចសម្រួលការចរាចររវាងអ្នកភូមិភ្នំសាឡី និងភូមិត្រពាំងជ្រៃកាន់តែមានភាពងាយស្រួលជាងមុន។លោកថា កំណាត់ផ្លូវនេះ ស្ថាបនាឡើងដោយមានការជំនួយឧបត្ថម្ភពីសប្បុរសជន ឈ្មោះ សុខ ច័ន្ទណារិទ្ធ និងអ្នកស្រី សុខ សុភាព មានទីលំនៅក្នុងខេត្តព្រះសីហនុ។លោកបានបញ្ជាក់ទៀតថា ការស្ថាបនាកំណាត់ផ្លូវលំនេះ គឺមានបង្កប់លូមូលចំនួន២កន្លែង ដែលបានចំណាយថវិកាអស់ប្រមាណជិត៤.០០០ដុល្លារអាមេរិក។ជាមួយនឹងការចំណាយថវិកាធ្វើផ្លូវ សប្បុរសជនខាងលើ ក៏បានជួយកសាងនូវសាលាឆទានក្នុងវត្តភ្នំសាឡី អស់ថវិកាជិត១មឺុនដុល្លារផងដែរ។
តាមរយៈការផ្តួចផ្តើមកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត្រឃុំកំពង់ត្រាចខាងលិចនេះដែរ លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋរស់ក្នុងតំបន់ខាងលើ ជួយថែរក្សាសម្បតិ្តទាំងនោះ ឱ្យបានគង់វង្ស សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។
ក្នុងឱកាសនោះដែរ លោក សុខ ច័ន្ទណារិទ្ធ ដែលជាម្ចាស់ជំនួយបានលើកឡើងថា ការជួយជ្រោមជ្រែងក្នុងកិច្ចការសង្គមនេះ ព្រោះតែកន្លងមកលោកធ្លាប់ធ្វើជាកូនសិស្សលោកសង្ឃ នៅវត្តភ្នំសាឡីនេះ ពិសេសកាលពីនៅក្មេងៗលោកក៏ធ្លាប់រស់នៅទីនេះ ហើយពឹងពាក់អាស្រ័យតែវត្តអារាមមួយនេះផងដែរ ទើបលោកនិងភរិយា មកផ្តើមកម្មវិធីក្នុងការស្ថាបនាផ្លវព្រមទាំងកសាងសាលាឆទាននៅទីនេះ ដើម្បីងាយស្រួលដល់កិច្ចការសាសនា ដែលជានិច្ចកាលប្រជាពលរដ្ឋតែងតែនាំគ្នាគោរពបូជាពុំមានអាក់ខាននោះឡើយ៕