សម្តេចយាយ យាងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អៀវ បណ្ណាការ ដែលជាផលិតករធ្លាប់ផលិតភាពយន្តថ្វាយសម្តេចតា តាំងពីសម័យសង្គមរាស្ត្រនិយម
ដំណឹងមរណភាពរបស់ឯកឧត្តម អៀវបណ្ណាការ ដែលជាអតីតប្រធាននាយកដ្ឋានសិល្បភាពយន្តនិងជាអតីតសមាជិកព្រឹទ្ធសភា បានធ្វើឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមហាជន សម្តែងនូវការតក់ស្លុតសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព។
យ៉ាងណាមិញនៅល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យយាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀវ បណ្ណាការ។ ក្នុងឱកាសដ៏សែនក្រៀមក្រមនោះ សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទ្រព្យផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រមដល់គ្រួសារ ឯកឧត្តម អៀវ បណ្ណាការ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម អៀវ បណ្ណាការ ជាផលិតករភាពយន្តជំនាន់ទី១ របស់កម្ពុជា និងជាផលិតករភាពយន្តដំបូងបង្អស់ក្នុងស្រុកខ្មែរដែលទទួលការបណ្តុះបណ្តាលក្នុងជំនាញថតភាពយន្តពីសហរដ្ឋអាមេរិក ក្នុងទស្សវត្សទី៥០ និងបានផលិតភាពយន្តថ្វាយព្រះមហាក្សត្រតាំងពីសម័យសង្គមរាស្ត្រនិយម៕លោក រុន សារ៉េត