កំពត ៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោចខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៨ខែមេសា ឆ្នាំ២០១៨ នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់"ម្លេច" ក្រោមអធិបតីភាព លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ លោក ស៊ុក សារ៉ាដ អភិបាលរងខេត្តតំណាង លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានធ្វើសន្ទរកថា ស្វាគមន៍ បញ្ជាក់ឱ្យដឹងថា៖វិស័យទឹកស្អាតក្នុងខេត្តកំពតរហូតដល់បច្ចុប្បន្ននេះ មានភាពរីកចម្រើនជាលំដាប់ ក្នុងនោះមានអង្គភាព ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋមួយ គឺអង្គភាពរដ្ឋករទឹកខេត្តកំពត និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន១៥មូលដ្ឋានដែលបាន គ្របដណ្ដប់លើ០១ក្រុង និង០៧ ស្រុក ស្មើ២៩ឃុំ មានប្រជាពលរដ្ឋ ក្នុងតំបន់សេវាចំនួន៤២,៧០២ គ្រួសារស្មើ១៧០,៨០៨នាក់ ។ ក្នុងនោះប្រជាពលរដ្ឋទទួលទឹកស្អាតប្រើប្រាស់មានចំនួន១៥,៣៩២គ្រួសារស្មើនឹង៣៦% ។ ពិសេសទៅទៀតនោះខេត្តកំពតក៏បាននឹងកំពុងដំណើរការសាងសង់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តថែមទៀតក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុនដែលគម្រោងនេះនឹងបញ្ចប់នៅខែសីហាឆ្នាំ២០១៨ខាងមុខនេះដែរ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ម្លេច ដែលត្រូវចាប់ផ្ដើមសាងសង់នាពេលនេះ គឺអាចនិយាយថា ជាសំណង់ប្រវត្តិសាស្ត្រមួយសម្រាប់តំបន់នេះ ដែលតាំងពីសម័យកាលយូរមកពុំធ្លាប់មានរោងចក្របែបនេះទាល់តែសោះ ហើយការសម្រេចបាននូវការបើកការដ្ឋានសាងសង់នេះ គឺឆ្លងកាត់ដំណាក់កាលសិក្សាយូរបង្គួរ កើតចេញពីការធ្វើពលីកម្មរបស់រាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យកាត់ដីចំនួន ៣ហិកតាចេញពីផែនទីដីបម្រុងទុកអចិន្ត្រៃយ៍ឆ្នាំ២០០២ ដើម្បីប្រើប្រាស់ សម្រាប់គម្រោងសាងសង់រោងចក្រនេះ និងជាមួយការខិតខំពីសំណាក់មន្ត្រីជំនាញរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្តកំពត និងមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មទៀតផង។លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានបញ្ជាក់ទៀតថា៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ អាចមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ២០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងអាចបានដោះស្រាយបញ្ហាការខ្វះខាតទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋប្រមាណ៤ម៉ឺននាក់ ស្មើប្រមាណ១ម៉ឺនគ្រួសារ រស់នៅជុំវិញតំបន់នេះ គឺក្នុងនោះខេត្តកំពតមានស្រុកជុំគីរី ចំនួន៤ឃុំ ស្រុកឈូកចំនួន១ឃុំ និងឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវ ១ឃុំនិងក៏សម្រាប់ផ្ដល់លទ្ធភាពដល់អង្គភាពនិងគ្រួសារទ័ពនៅទីនេះបានប្រើប្រាស់ទឹកស្អាតប្រកបដោយគុណភាពផងដែរ ។ជាមួយឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បាន ស្នើដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មេត្តាបន្តយកចិត្តទុកដាក់ និងសហការគ្នាថែមទៀត នូវបញ្ហាមួយចំនួន រួមមាន៖ ការពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែមានវិសាលភាពធំទូលាយ និងធានាគុណភាពប្រើប្រាស់ គិតគូររក្សាតម្លៃទឹកសមរម្យដើម្បីប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ គិតគូរអំពិីការរក្សាការពារនិរន្តរភាពប្រភពទឹកក្នុងទំនប់"ម្លេច"តាមវិធានកាច្បាប់សមស្របដើម្បីការពារតំបន់រងទឹកភ្លៀងទំនប់ទឹកម្លេចនេះពីការបំពុលទឹក និងរួមគ្នាជួយថែរក្សាការពារសមិទ្ធផលថ្មីនេះឱ្យបានគង់វង្សយូរអង្វែងសម្រាប់ប្រយោជន៍របស់យើងនិងកូនចៅយើងជំនាន់ក្រោយៗទាំងអស់គ្នា។ ជាមួយឱកាសនោះដែរអង្គពិធីក៏បានជូននូវអំណោយជាសារ៉ុង ក្រណាត់និងថវិកាដល់កម្លាំងការពារ និងប្រជាពលរដ្ឋចូលរួមផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ