កំពត ៖ កាលពីព្រឹក ថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានធ្វើពិធីប្រគល់ស្រះទឹកដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជំុគីរី ខេត្តកំពត សម្រាប់ស្តុកទឹកប្រើប្រាស់នៅតាមមូលដ្ឋាន។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំង លោក-លោកស្រី ជាក្រុមសមាជិក សមាជិការព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តបានមានមតិថ្លែងអំណរគុណនិងកោតសរសើរ ចំពោះ លោក-លោកស្រី ដែលជាក្រុមសមាជិក សមាជិការ ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដែលកន្លងមកតែងតែចុះជួប ផ្សារភ្ជាប់សុខទុក្ខនូវមនោសញ្ចេតនាគោរពស្រឡាញ់រាប់អាន ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។ ជាក់ស្ដែងអំណោយសមិទ្ធផលស្រះទឹកដែលត្រូវធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋថែរក្សាផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់នាពេលនេះ ពិតជាមានសារៈសំខាន់ចាំបាច់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ក៏ដូចជាការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ុង ឫទ្ធី បានចាត់ទុកស្រះទឹកគឺជាអាងស្តុកទឹកមួយមានសារៈសំខាន់ ដែលមនុស្សសម័យដើមក៏ដូចនៅសម័យបច្ចុប្បន្ននៅតាមបណ្ដាមូលដ្ឋានជនបទតែងតែនាំគ្នាជីកដើម្បីថែរក្សាទឹកសម្រាប់ប្រើប្រាស់បម្រើសេចក្ដីត្រូវការក្នុងជីវភាពរស់ប្រចាំថ្ងៃទាំងមនុស្សនិងសត្វ។ ដោយមើលឃើញពីសារៈប្រយោជន៍នៃស្រះទឹកនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៣ ក៏បានរួមគ្នាផ្ដួចផ្ដើមជីកស្ដារស្រះនេះឡើងតាមបណ្ដាមូលដ្ឋាននៃខេត្តកំពត តាកែវនិងខេត្តកែប ដើម្បីជាការឆ្លើយតបតម្រូវការខ្វះខាតជាក់ស្ដែងជួយដល់ប្រជាពលរដ្ឋឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។ជាពិសេសដើម្បីជួយរួមចំណែកថែរក្សាស្រះទឹកបូរាណនៅក្នុងមូលដ្ឋានសម្រាប់កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយបានដឹងនិងប្រើប្រាស់ផងដែរ។ លោកបណ្ឌិត ម៉ុង ឫទ្ធី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យដាំដើមឈើជុំវិញស្រះទឹក ពិសេសព្រលិតឱ្យបានច្រើនដើម្បីជាប្រយោជន៍ច្រើនយ៉ាងពីរុក្ខជាតិទាំងនោះ។ ក្នុងឱកសនោះ លោកបណ្ឌិត ក៏បាននាំយកនូវអំណោយជូនដល់ប្រជាពលរដ្ឋ២២គ្រួសារក្នុង១គ្រួសារបានអង្ករ៥០គីឡូ ទឹកស៉ីអ៉ីវ១យួរ ទឹកត្រី ១យួរនិងផ្អក១គីឡូផងដែរ។សូមជម្រាបថា៖ អំណោយស្រះទឹកដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៣នៃព្រឹទ្ធសភាបានជីកស្ដារជូនប្រជាពលរដ្ឋចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ មានចំនួន២២កន្លែង គឺនៅខេត្តតាកែវ១៣កន្លែង ខេត្តកំពត០៨កន្លែងនិងខេត្តកែប០១កន្លែង បើសរុបបរិមាណស្រះទឹកទាំង២២កន្លែងនោះ គឺអាចស្តុកទឹកបានចំនួនប្រមាណជាង១៣ម៉ឺនម៉ែត្រគូប។ ដោយឡែក ស្រះទឹកដែលកម្មវិធីប្រគល់ជូនប្រជាពលរដ្ឋពេលនេះមានទំហំបណ្ដោយ៤៣ម៉ែត្រទទឹង២១ម៉ែត្រនិងជម្រៅ៤ម៉ែត្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ