កែប ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្រសួងព័ត៌មានបាននិងកំពុងផ្តោតសំខាន់ទៅលើប៉ុស្តិ៍វិទ្យុ ច្រើនជាងទូរទស្សន៍ ព្រោះការផ្សព្វផ្សាយតាមប្រព័ន្ធវិទ្យុ យើងចំណាយតិចប៉ុន្តែទទួលបានប្រសិទ្ធភាពខ្ពស់ ព្រោះវិទ្យុមិនត្រូវការពេលវេលាសម្លឹងមើលនាំខាតពេលវេលា ដោយគ្រាន់តែយើងបើកចោលក៏អាចស្តាប់-ទទួលដំណឹងបានដែរ។ការលើកឡើងបែបនេះ ខណៈពេល លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍វិទ្យុជាតិ ឆ្នេរកែប នៅព្រឹកថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៨នៅមន្ទីរព័ត៌មានខេត្តកែប។លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា វិទ្យុងាយស្រួលជាងទូរទស្សន៍ ដោយយើងអាចយកទៅតាមខ្លួនស្តាប់បានគ្រប់ពេលវេលា ដូចជានៅតាមស្រែ ចម្ការ កន្លែងលក់ដូរ ឬអាចដាក់តាមរថយន្តផងដែរ។ទន្ទឹមនេះ លោក ខៀវ កាញារីទ្ធ ក៏បានសំណូមដល់លោកប្រធានមន្ទីរព័ត៌មាន ត្រូវតែជំរុញការផ្សព្វផ្សាយអ្វី ដែលនៅក្នុងខេត្តរបស់យើង។ ម្យ៉ាងទៀតអង្គភាពមានបុគ្គលិកក៏មិនមានច្រើនប៉ុន្មានដែរ ចឹងហើយការផ្សព្វផ្សាយត្រូវតែពិស្តា និងទាន់ហេតុការណ៍ ដើម្បីផ្តល់ដំណឹងដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល។លោក ខៀវ កាញារីទ្ធ បានលើកឡើងទៀតថា អ្នកគ្រប់គ្រងផ្នែកផ្សាយវិទ្យុត្រូវតែមានភាពរហ័សរហួន និងត្រូវចេះផ្លាស់ប្តូរព័ត៌មានរវាងគ្នានិងគ្នា ហើយមិនត្រូវប្រកាន់រាល់កត្តាផ្សេងៗ ដូចជាមានពលរដ្ឋទូរស័ព្ទរាយការណ៍ប្រាប់ពីដំណឹងផ្សេងៗជាដើម។លោករដ្ឋមន្ត្រីបញ្ជាក់ថា វិទ្យុជាចំណុចផ្តុំដោយអាចប្រាប់ពីព័ត៌មានទៅវិញទៅមកបាន ដែលចាត់ទុកជាស្ពានចម្លងរវាងថ្នាក់ដឹកនាំខេត្តជាមួយនឹងប្រជាជន។ដូច្នេះហើយ នៅពេលដែលប្រជាពលដ្ឋមានបញ្ហាអី្វ ឬចង់ដឹងដំណឹងអ្វីទាក់ទិននឹងព័ត៌មានជុំវិញភូមិសាស្ត្រខេត្តរបស់យើង។ ចំពោះការងារវិទ្យុជាកិច្ចការដ៏មមាញឹកមួយដោយមានកាតព្វកិច្ច២៤លើ២៤ម៉ោង ដែលតម្រូវឱ្យបុគ្គលិកផ្នែកនេះមិនអាចខ្ចិលច្រអូសបានឡើយ ហើយមន្ទីរក៏ត្រូវតែមានទំនាក់ទំនងល្អរវាងបណ្តាមន្ទីរ អង្គភាពជំនាញដទៃទៀត ទើបការងារដំណើរការបានជោគជ័យ។ដូច្នេះបើមានបញ្ហាអី្វកើតឡើងមន្ទីរត្រូវតែពិគ្រោះជាមួយអភិបាលរងទទួលបន្ទុកព័ត៌មាន ដើម្បីរាយការណ៍ជូនលោកអភិបាលខេត្តដើម្បីសុំសេចក្តីសម្រេច។លោក ខៀវ កាញារីទ្ធ បានបន្ថែមថា វិទ្យុរបស់ខេត្តមានតួនាទីមួយបង្ហាញរឿងពិត និងផ្សព្វផ្សាយអ្វីដែលកើតឡើងតាមតំបន់ និងរឿងរ៉ាវក្នុងសង្គមនាពេលបច្ចុប្បន្ន។សូមបញ្ជាក់ថា៖ក្នុងពិធីសម្ពោធវិទ្យុជាតិ ឆ្នេរកែបនេះក៏មានការចូលរួមពីសំណាក់ លោក ហ្វៀង ត្រាក់គន ធារៈធារី ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ជាមួយនេះ បើយោងតាមរបាយការណ៍ របស់លោក លៀវ ស៊ុនសារី ប្រធានមន្ទីរព័ត៌មានខេត្តកែប បានឱ្យដឹងថា រចនាសម្ព័ន្ធរបស់មន្ទីរ មាន៤ការិយាល័យ ថ្នាក់មន្ទីរ និង២ការិយាល័យ ថ្នាក់ក្រុង-ស្រុក រួមមាន៖ការិយាល័យរដ្ឋបាលបុគ្គលិក ផែនការ គណនេយ្យ ការិយាល័យព័ត៌មាន និងសោតទស្សន៍ ការិយាល័យវិទ្យុ ដែលមានមន្ត្រីក្របខណ្ឌចំនួន១២រូប ស្រី១រូប ក្នុងនោះ ប្រធានមន្ទីរ១រូប អនុប្រធានមន្ទីរ២រូប អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ផែនការគណនេយ្យ១រូប អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍។ ប្រធានគណនេយ្យ១រូប មន្ត្រីចំនួន៦រូប និងបុគ្គលិកជាប់កិច្ចសន្យា១២រូប។ជាមួយនេះដែរ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានឱ្យដឹងផងដែរថា វិទ្យុជាតិឆ្នេរកែបFM 99 MHzដែលស្ថិតក្នុងមន្ទីរព័ត៌មានខេត្តកែបនេះ ជាអំណោយរបស់វិទ្យុសម្លេងវៀតណាម(VoV)នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយការងារផ្សព្វផ្សាយនាពេលកន្លងមក មន្ទីរព័ត៌មានខេត្តកែប នៅមិនទាន់មានមធ្យោបាយផ្សព្វផ្សាយគ្រប់គ្រាន់ ប៉ុន្តែយើងមានកិច្ចសហការ ប្រទាក់ក្រឡាគ្នា ទាំងវិទ្យុ ទាំងទូរទស្សន៍ ទូរទស្សន៍ខ្សែកាប្លិ ទាំងក្របខណ្ឌរដ្ឋ និងឯកជនផ្សេងៗ ដែលធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានពីថ្នាក់ជាតិ និងរាល់សមិទ្ធផលសកម្មភាពរបស់ខេត្តបានទូលំទូលាយផងដែរ។លើសពីនេះទៀត គ្រប់មន្ទីរអង្គភាពទាំងអស់នៅក្នុងខេត្ត សុទ្ធតែមានគេហទំព័រ និងFacebook របស់ខ្លួនដើម្បីផ្សព្វផ្សាយ និងចែកចាយព័ត៌មានឱ្យគ្នាទៅវិញទៅមកទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ