កំពត ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុង-ខេត្តកំពត បាននិយាយស្រដៀងគ្នាថា ពួកគេរីករាយនិងសហការជានិច្ច រាល់ការអភិវឌ្ឍទាំងឡាយណារបស់ខេត្ត បើទោះជាមានផលប៉ះពាល់ផលប្រយោជន៍ឬទ្រព្យសម្បតិ្តយ៉ាងណាក៏ដោយ សំខាន់ឱ្យតែការអភិវឌ្ឍនោះមានការផ្តល់ដំណឹងនិងការសួរនាំដោយអនុវត្តត្រឹមត្រូវ តាមជំនាញបច្ចេកទេស មិនមែនដូចការសាងសង់ផ្លូវមួយខ្សែចូលពីថ្នល់ជាតិ ឆ្ពោះទៅស្ថានីយរថភ្លើងក្រុងកំពតនោះទេ។អ្នកភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពតជាច្រើននាក់បានប្រាប់ឱ្យដឹងថា ក្នុងនាមជាពលរដ្ឋស្លូតត្រង់ពួកគេរីករាយ ថែមទាំងចូលរួមសហការរាល់ការអភិវឌ្ឍរបស់ក្រុងនិងខេត្តដោយគ្មានចិត្តរារែក ដូចជាការសាងសង់ផ្លូវបេតុង និងដាក់ប្រព័ន្ធលូបង្ហូរទឹកពីចំណុចផ្លូវជាតិ ឆ្ពោះទៅស្ថានីយរថភ្លើងក្រុងកំពត ដោយការអនុវត្តបែបនេះក៏ធ្វើឱ្យពួកគេសប្បាយចិត្តយ៉ាងខ្លាំង ខណៈពេលបានឮអាជ្ញាធរប្រាប់ថា ពង្រីកផ្លូវចាក់បេតុង ដាក់បង្កប់ប្រព័ន្ធលូបង្ហូរទឹក បើទោះជាមានផលប៉ះពាល់ដីធ្លី ដំណាំហូបផ្លែ និងត្រូវរុះរើនិងវាយកម្ទេចរបងផ្ទះក៏ដោយក៏មិនតូចចិត្តដែរ ព្រោះកន្លងមកចំណុចនេះតែងតែរងនូវការលិចលង់មួយអន្លើដោយសារមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយបញ្ហាបែបនេះពួកគាត់ទ្រាំរស់នៅប្រឈមនឹងការលំបាករាប់ឆ្នាំមកហើយ។ពួកគាត់នាំគ្នាលើកឡើងទៀតថា ទោះជាយ៉ាងណាពួកគាត់ក៏មិនសូវសប្បាយចិត្តដែរ ព្រោះតែការងារសាងសង់ ដាក់ប្រព័ន្ធលូបង្ហូរទឹក និងការស្ថាបនាផ្លូវមួយខ្សែនេះ ហាក់គ្មានស្តង់ដា និងបច្ចេកទេសត្រឹមត្រូវនោះទេ ពោលគឺលេងសើចដូចកូនក្មេង មួយថ្ងៃធ្វើត្រង់នេះ បាត់ពីរ បីថ្ងៃមកធ្វើខាងនោះ ហើយក៏គ្មានមន្ត្រីជំនាញឬអាជ្ញាធរណាចុះមកពិនិត្យឡើយ។ទន្ទឹមនឹងការរិះគន់ ព្រមទាំងការត្អូញត្អែរពីការខកបំណងរបស់ខ្លួននោះ ពលរដ្ឋក្នុងតំបន់ខាងលើ បានស្នើសំុដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកអភិបាលខេត្តកំពតទើបចូលមកកាន់តំណែងថ្មី សូមឱ្យលោកជួយចុះទៅពិនិត្យដោយផ្ទាល់ និងជួយពន្លឿនការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះឱ្យបានរួសរាន់ផង។ទាក់ទិននឹងការលើកឡើងខាងលើនេះ លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិលបានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៨ថា ផ្លូវមួយខ្សែនេះមានប្រវែង១.០០០ម៉ែត្រ គិតចាប់ពីចំណុចផ្លូវជាតិចូលទៅស្ថានីយរថភ្លើងក្រុងកំពត និងមកទល់នឹងសាលាធំត្រពាំងធំ ជាគម្រោងក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត ដែលត្រូវពង្រីកថែម១ម៉ែត្រលើទំហំផ្លូវចាស់ដែលមានប្រវែងទទឹង៧ម៉ែត្រ និងចាក់បេតុងបង្កប់លូទំហំ០,៦០ម៉ែត្រ។លោកថា ផ្លូវនេះមានតាំងពីដើមរហូតមក លុះមកដល់ឆ្នាំ២០១៥ក៏បានជួសជុលម្តង ក្រោយមកក៏មានទឹកលិច និងចាប់ផ្តើមខូចខាតកាន់តែខ្លាំង ទើបប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរខេត្តជួសជុលឡើងវិញ។ជាមួយនេះ លោកក៏បានប្រាប់អំពីគម្រោងនេះដល់ប្រជាពលរដ្ឋរាល់កត្តាប៉ះពាល់ផ្សេងៗ តាមរយៈកិច្ចប្រជុំឬការប្រកាសផ្សាយជាសាធារណៈ។ដោយឡែកចំពោះបច្ចេកទេស ឬការសាងសង់យ៉ាងណានោះ លោកមិនទាន់បានដឹងនោះទេ ព្រោះនេះជាការងាររបស់សាលាខេត្តក្នុងការពិនិត្យមើលការខុសត្រូវ និងអនុវត្តផ្ទាល់ ហើយគេសង្ឃឹមថា អាជ្ញាធរខេត្តកំពត ពិតជាអនុវត្តទៅតាមគម្រោងនៅពេលដ៏ខ្លីខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ