ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា មនុស្សចាស់ កំពុងទទួលបាន ការយកចិត្ដទុកដាក់ខ្លាំង ទៅលើវិស័យសុខុមាលភាព ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០។ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើងនៅក្នុង កិច្ចប្រជុំស្ដីពី «វឌ្ឍនភាពការងារ និងទិសដៅអនុវត្ដបន្ដរបស់លេខាធិការដ្ឋានគណៈ កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់»នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៨នេះ។លោក វង សូត បាន រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានលើកឡើងថា កិច្ចប្រជុំនេះគឺឆ្លុះបញ្ចាំងពីការយកចិត្ដទុកដាក់រួមគ្នា លើវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា ឆ្លើយតបនឹង គោលនយោបាយជាតិស្ដីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ ដែលបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នាពេលថ្មីៗកន្លងទៅនេះ។ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្ដិភាព ពេញបរិបូរណ៍ និងកំពុងតែមានមោនទនភាពជាមួយនឹងសមិទ្ធផលនៃ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ក្នុងរយៈ ពេលជិតពីរទស្សវត្ស៍កន្លងមកនេះ ដែលតម្រូវឱ្យមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀតដូចជា បញ្ហាសុខុមាលភាព មនុស្សចាស់ជាដើម។ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ប្រពៃនេះ រាជរដ្ឋាភិបាល បាន សម្រេចរៀបចំឯកសារ គោលនយោបាយជាតិស្ដីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់ កាលទី៣ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ឱ្យមានលក្ខណៈប្រមូលផ្ដុំ។សូមបញ្ជាក់ថា គោលនយោបាយនានា ដែលបាននិងកំពុង ដាក់ឱ្យអនុវត្តស្របតាមស្ថានភាពនៃការវិវត្តន៍របស់កម្ពុជា។ ចំនួនមនុស្សវ័យចាស់ ដែលមានអាយុពី ៦០ ឆ្នាំឡើង នៅក្នុងឆ្នាំ ២០១៣ មាន ៨% (ស្មើនឹង ១,២ លាននាក់) នៃប្រជាជនសរុប ១៥ លាននាក់ហើយត្រូវបានព្យាករ នឹងមានកំណើនរហូតដល់ ១១% (ស្មើនឹង ២ លាននាក់) នៃប្រជាជនសរុបប្រមាណ ១៨ លាននាក់ នៅឆ្នាំ២០៣០។ដោយឡែកវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្ដ គោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុម ជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។ក្នុងនោះការងារសុខុមាលភាព មនុស្សចាស់ ត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ ស្របតាមស្ថានភាពជាក់ស្ដែង របស់កម្ពុជា។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ លិខិត បទដ្ឋានគតិយុត្ដ និងបានបង្កើតយន្ដការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់ របបគោល នយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយជាតិគាំពារសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្ត្រក្នុងការ ធានាអោយមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ចំនួន ១៦៤៦ នៅគ្រប់ឃុំ-សង្កាត់ទូទាំង សំដៅជួយសម្រួលទុក្ខលំបាករបស់មនុស្សចាស់ និងជួយគ្នាទៅវិញទៅមក ក្នុងករណីមានធុរៈ។ ក្រសួងសង្គមកិច្ច បាននិងកំពុងសិក្សា អនុវត្ដគម្រោង បង្កើតមជ្ឈមណ្ឌលថែទាំមនុស្ស ចាស់ជរាគ្មានទីពឹង ក្នុងការផ្ដល់សេវាថែទាំមនុស្សចាស់ជរា តាមរយៈភ្នាក់ងារដែលមានវិជ្ជាជីវៈ ត្រឹមត្រួវ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ