រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញប្រកាសផ្លាស់ប្ដូរប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី
រតនគិរី ៖ពិធីប្រកាសផ្លាស់ប្ដូរមុខ តំណែងប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីត្រូវបានប្រារពធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានសេចក្ដីសម្រេចពីក្រសួងព័ត៌មានកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនោះ។
ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងប្រធានមន្ទីរព័ត៌មានថ្មី ក្រោយពីលោក ឆាយ បូរិន ប្រធានមន្ទីរចាស់ ត្រូវសម្រួលភារកិច្ចថ្មីទៅក្រសួងព័ត៌មាន។ ពិធីដ៏ឱឡាឬកនេះ ក្រោមការអញ្ជើញចូលរួម ពីឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងលោកមេបញ្ជាការ បញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង អភិបាលស្រុក អភិបាលរងស្រុក ទាំង៩ស្រុកក្រុង ក្នុងខេត្តរតនីរីផងដែរ។
លោក ឆាយ បូរិន អតីតប្រធានមន្ទីរព័ត៌មាន បានឡើងអានរបាយការណ៍ ស្ដីពីភូមិសាស្ត្រទាំងមូលក្នុងខេត្ត និងអានរបាយការណ៍ស្ដីពីការជឿនលឿនលើវិស័យព័ត៌មានក្នុងខេត្តរតនគិរីកន្លងមក ជូនអង្គពិធីទាំងមូល ។ បន្ទាប់ពីអានសេចក្ដីសម្រេច ប្រកាសតែងតាំងប្រធានមន្ទីរថ្មីមក លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មាន ដែលទើបឡើងកាន់តំណែងថ្មី ក៏បានឡើងធ្វើការប្ដេជ្ញាចិត្តដូច្នេះថា លោកនឹងប្ដេជ្ញាចិត្តសស្រាក់សស្រាំក្នុងការអនុវត្ត កំណែទម្រង់វិស័យព័ត៌មាន ឲ្យស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតទៅលើកំណែទម្រង់ស៊ីជម្រៅ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការងារគ្រប់គ្រងវិស័យព័ត៌មាន ថ្នាក់ក្រោមក្នុងខេត្ត។
ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី ក៏បានលើកឡើងក្នុងឱកាសនោះដែរថា កន្លងមកឯកឧត្ដមតែងតែគាំទ្រ និងយកចិត្តទុកដាក់ លើវិស័យព័ត៌មានក្នុងខេត្ត ស្ដីពីការផ្សព្វផ្សាយ សកម្មភាពថ្នាក់ដឹក ទំនៀមទំលាប ប្រពៃ ណីជនជាតិដើមក្នុងខេត្ត ក៏ប៉ុន្តែបងប្អូនជនជាតិដើមភាគតិចក្នុងខេត្ត គាត់ចេះដឹងមានកំរិត មិនសូវជាបានមើល ព័ត៌ មាន នៃការផ្សព្វផ្សាយនោះទេ។ ឯកឧត្ដមក៏បានបញ្ជាក់ទៀតថា នេះជាប្រធានមន្ទីរព័ត៌មានទី៣ហើយ សម្រាប់ខេត្តរតនគិរី បើគិតចាប់ពីឆ្នាំ១៩៩២ មកដល់លោកប្រធានមន្ទីរដែលទើបនឹងប្រកាសតែងតាំងថ្មីនេះ។
ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសនោះ ក៏បានជំរុញឲ្យមន្ត្រីរាជការ ពិសេសលោកប្រធានមន្ទីរដែលទើបនឹងកាន់តំណែងថ្មី ធ្វើយ៉ាងត្រូវយកចិត្តទុកដាក់ជំរុញបន្ថែមលើវិស័យព័ត៌មាន ពីព្រោះសម័យបច្ចុប្បន្ន វិស័យព័ត៌មាន នៅក្នុងប្រទេសយើងកំពុងរីកសុះសាយជឿនលឿនទាន់សម័យ ត្រូវបានមជ្ឈដ្ឋានទូទៅលើពិភពលោកកំពង់យកចិត្តទុកដាក់អាន មើល និងស្ដាប់។
បន្ទាប់ពីឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាស្ត្រសំណេះសំណាលរួចមក ឯកឧត្ដមក៏បានប្រគល់សេចក្ដីសម្រេចតែងតាំង ជូនលោក កុល ផាន់ណា ប្រធានមន្ទីរថ្មី ព្រមទាំងជូនអំណោយថាស់ ឌីធីវី ចំនួន២កំប្លេរជូនដល់មន្ទីរព័ត៌មានខេត្តរតនគិរីផងដែរ៕