កំពត ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត បានធ្វើពិធីប្រកាសចូលកាន់តំណែង មន្ត្រីរាជការចំនួន១១រូប មកពីក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖ អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើ ប្រធាន អនុប្រធានការិយាល័យ និងនាយផ្នែក នាយរងផ្នែករដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ក្រោមវត្តមាន លោក លី សាវេត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។យោងតាមប្រកាស ត្រូវបានតែងតាំង លោកកែ សុដា ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។ចំណែក លោក ជួន សារ៉ា ត្រូវបានប្រកាសតែងតាំងជានាយខណ្ឌរដ្ឋបាលព្រៃឈើកំពត។ លោកហុកគា សកល ជានាយផ្នែកកំពង់ត្រាច លោកផាន់ កំណាព្យ ជានាយផ្នែកឈូក ហើយខណៈនោះក៏មានការប្រកាសឲ្យចូលកាន់មុខតំណែងជា ប្រធាន អនុប្រធានការិយាល័យ នាយរងផ្នែក នៃអង្គភាពកសិកម្មខេត្តកំពតផងដែរ។ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថា គោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្ររបស់កសិករ។ដោយសារអនុលោមតាមគោលនយោបាយនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត មានទិសដៅរបស់ខ្លួនក្នុងការរួមចំណែកឆ្លើយតបនឹងទិសដៅនេះ គឺមានការងារច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយ មានជាអាទិ៍៖ ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗជូនដល់កសិករ ការជួយឧបត្ថម្ភផ្នែកសម្ភារៈ និងស្មារតី ការជួយរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់។ល។លោកចាន់ រិទ្ធ បានបញ្ជាក់ផងដែរថា តុល្យភាពស្បៀងឆ្នាំ ២០១៧-២០១៨ នៃផែនការដាំដុះ(វស្សានិងប្រាំង)១៣៤.២២០ហិកតា ក្នុងនោះវស្សាមាន ១២៦.០០០ហិកតា ប្រាំងមាន៨.២២០ហិកតា។ផ្ទៃដីអនុវត្ត ទាំងរដូវវស្សានិងរដូវប្រាំងមានចំនួន ១៤៧.៤៦១ហិកតា ក្នុងនោះវស្សា១៣៨.៣៩៩ហិកតា ប្រាំង៩.០៦២ហិកតា ហើយទិន្នផលជាមធ្យម ទាំងប្រាំងនិងវស្សា ៣,២២០ត/ហ.ត ដោយទទួលបានបរិមាណ ៤៧៥.៦១៧តោន លើសផែនការ ១៧៣.៧៨២តោន។លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវរកឃើញរបស់អង្គការ APO (Asian Productivity Organization) បានឲ្យដឹងថា ភាពក្រីក្ររបស់ប្រជាកសិករនៅលម្ពុជា មិនមែនមកពីបញ្ហាកង្វះខាតដីកសិកម្ម ឬកំណើនប្រជាជនឡើយ គឺមកពីផលិតភាពកសិកម្មនៅខ្សោយ ។ ដូច្នេះដើម្បីបង្កើនផលិតភាពកសិកម្ម ចាំបាច់ត្រូវបង្កើនសមត្ថភាពទន្ទឹមគ្នាទាំងមន្ត្រីកសិកម្ម ទាំងកសិករជាអ្នកផលិតផ្ទាល់។លើសពីនេះការអនុវត្តតាមអនុសាសន៍របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រែក្លាយពីការផលិតបែបទូលាយ មកផលិតបែបសីុជម្រៅ ក៏ត្រូវតែធ្វើដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ប៉ុន្តែអី្វដែលជាក្តីសង្ឃឹមអាចទទួលបានលុះត្រាតែ ការផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក ពីកសិករអ្នកផលិត ជាមួយអ្នកប្រមូលទិញ ត្រូវបានធ្វើដោយទំនុកចិត្តខ្ពស់បំផុត។ក្នុងឱកាសនោះលោក លី សាវេត អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត ក៏បានចូលរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍខេត្តកំពតឲ្យមានការរីចម្រើន ពិសេសការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងលើគ្រប់វិស័យ។លោកអភិបាលរងបានបន្តថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោកសូមចូលរួមអបអរសាទរ ចំពោះលោក លោកស្រី ទាំង១១រូប ដែលត្រូវថ្នាក់ដឹកនាំផ្តល់ការទុកចិត្តតែងតាំងមុខតំណែងថ្មីជា អនុប្រធានមន្ទីរកសិកម្ម នាយខណ្ឌរដ្ឋបាលព្រៃឈើ ប្រធាន អនុប្រធានការិយាល័យ នាយផ្នែក និងនាយរងផ្នែករដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។ទន្ទឹមនេះ លោកបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរមន្ត្រីរាជការ គឺជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួង ស្ថាប័ននានារបស់រដ្ឋ។ ជាមួយនេះលោកក៏បានជំរុញដល់មន្ត្រីរាជការដែលត្រូវបានតែងតាំងមុខតំណែងថ្មីនាថ្ងៃនេះ ត្រូវខិតខំអនុវត្តការងារក្នុងក្របខ័ណ្ឌច្បាប់ មានសីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ ហើយផ្តើមចេញគ្រប់សកម្មភាព និងឆន្ទៈដឹកនាំដើម្បីឲ្យមានការចូលរួមរបស់មន្ត្រីគ្រប់ថ្នាក់ គ្របផ្នែក ក្នុងនោះសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរ-អង្គភាពគឺជាកត្តាសំខាន់ចម្បងដែលត្រូវគិតគូរ ។ លើសពីនេះ មន្ទីរក៏ត្រូវទំនាក់ទំនងល្អជាមួយថ្នាក់មូលដ្ឋានឃុំ សង្កាត់ ការិយាល័យជំនាញថ្នាក់ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្ត បង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ បទល្មើសនេសាទខុសច្បាប់និងខិតខំចូលរួមអនុវត្តការងារការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសជំរុញវិស័យកសិកម្មឲ្យបានរីកចម្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឈានឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងការអនុវត្តសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព ប្រកបដោយការគាំទ្រ គោរពជឿជាក់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ