កិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី១២ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត
កំពត ៖ នៅសាលប្រជុំសាលាខេត្តកំពត កាលពីថ្ងៃទី២៨ខែ មីនាឆ្នាំ២០១៨ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត បានបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៧លើកទី១២ ដែលមានអ្នកចូលរួមពីសំណាក់ក្រុមប្រឹក្សាក្រុង ស្រុកឃុំ សង្កាត់ទាំង៩៣ទូទាំងខេត្តនិងអាជ្ញធរ ក្រុង ស្រុកទាំង៨ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍនានាសរុបចំនួន១៧០នាក់។
លោក ស៊ីវ យ៉ុត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់បានឲ្យដឹងថា៖ដើមឡើយសមាគមក្រុមប្រឹក្សាឃុំ ខេត្តកំពត បានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ។បច្ចុប្បន្នសមាគមបានពង្រឹងសមាជិកភាពដល់ក្រុមប្រឹក្សាក្រុង ស្រុកដែលហៅថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ គិតដល់ពេលនេះមានសមាជិកចំនួន៨៨ឃុំ ៥សង្កាត់ ១ក្រុង និង៧ស្រុកមានរចនាសម្ព័ន្ធចំនួន៧។ សមាគមនេះបង្កើតឡើង ក្នុងគោលបំណង លើកកម្ពស់ឋានៈនិងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ការផ្ដល់ផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក កសាងភាពជាដៃគូរជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តបានមានមតិបើកកិច្ចប្រជុំនាឱកាសនោះ ដោយបានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ដើម្បីរួមគ្នាពិនិត្យមើលអំពីវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមនានាដែលសមាគមបានអនុវត្តកន្លងមកព្រមទាំងពិនិត្យនិងឯកភាពគ្នាលើរបាយការណ៍លទ្ធផលការងារ ផែនការសកម្មភាពនិងថវិកាសម្រាប់សមាគមយកទៅអនុវត្តឆ្នាំ២០១៨បន្ត ក្នុងន័យសំដៅជួយដល់ការគាំទ្រ លើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសចំណេះដឹងជាមូលដ្ឋានគ្រឹះសំខាន់ៗដែលធានាដល់ការលើកកម្ពស់ស្វ័យភាព ការទទួលខុសត្រូវ និរន្តរភាពនិងការបង្កើនប្រសិទ្ធភាពការងារជាបណ្ដើៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព។
លោក ស៊ុក សារ៉ាដ អភិបាលរងខេត្តតំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិបិទកិច្ចប្រជុំនាឱកាសនោះដែរ ។ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងសមាជិកនៃសមាគមក្រុមប្រឹក្សា ក្រុងស្រុកឃុំសង្កាត់ខេត្តកំពត ទាំងអស់។ ដែលកន្លងមកតែងបានបំពេញតួនាទី ភារកិច្ចរបស់ខ្លូនស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងផែនការដែលបានដាក់ចេញចាប់តាំងពីការពង្រីក សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាពាក់កណ្ដាលឆ្នាំ២០១៤ រហូតដល់ពេលបច្ចុប្បន្ននេះ សម្រេចនូវសមិទ្ធផលគួរជាទីមោទនៈ។
ជាមួយឱកាសនោះ លោកស៊ុក សារ៉ាដ ក៏បានថ្លែងអំណរគុណនិងបានចាត់ទុកសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៉ីវិលគឺជាដៃគូរដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិនិងបម្រើនូវផលប្រយោជន៍ដល់ប្រជាជន ។
លោកអភិបាលរងខេត្ត ក៏បានចាត់ទុកកិច្ចប្រជុំរយៈពេលមួយថ្ងៃពេញនេះពិតជាបាននាំមកនូវការឆ្លើយតប ពាក់ព័ន្ធទៅនឹងតម្រូវការជាក់ស្ដែងរបស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីលើកកម្ពស់ការពង្រឹង សមត្ថភាពដល់ក្រុមប្រឹក្សា សំដៅជំរុញឲ្យការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ក្នុងល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
លោកស៊ុក សារ៉ាដក៏បានមានសង្ឃឹមយ៉ាងមុតមាំថាសមាគមនេះ នឹងមានការរីកចម្រើននូវសមត្ថភាពគ្រប់គ្រាន់សម្រាប់សមាជិកខ្លួនក្នុងការអនុវត្តការងារ ស្របតាមតួនាទីភារកិច្ច ក្នុងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព៕