សាខាកាកបាទក្រហមកម្ពុជាខេត្តកែប បាននាំអំណោយមកផ្តល់ជូនក្រុមគ្រួសារសព ស្ត្រីរងគ្រោះដែលគេអារ.ក សម្លាប់
កែប ៖ នៅព្រឹកថ្ងៃ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី០២ខែមីនា ឆ្នាំ២០១៨ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយសហការី បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា មកផ្តល់ជូនក្រុមគ្រួសារស្ត្រីរងគ្រោះ ឈ្មោះ ឡុច សុខគៀង ភេទស្រី អាយុ២៧ឆ្នាំ ស្ថិតក្នុងលំនៅឋាន ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង-ខេត្តកែប ដែលស្លាប់ដោយសារជនបរទេសអារ.ក សម្លាប់កាលពីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ក្នុងហាងម៉ាស្សាមួយកន្លែងចំណុចផ្សារក្តាម យីហោ លីដា ខ្មែរម៉ាស្សា ស្ថិតក្នុងភូមិកែប សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
អំណោយដែលសាខាកាកបាទក្រហមយកមកប្រគល់នៅព្រឹកនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកែប រួមមាន៖ អង្ករចំនួន១០០គីឡូក្រាម មីយើងចំនួន៣កេះ មីខ្លាឃ្មុំក្រហមចំនួន៤កេះ ទឹកត្រី២យួរ ត្រីខកំប៉ុង៣ឡូត៍ ទឹកក្រូចនិងទឹកសុទ្ធ ព្រមទាំងថវិកាចំនួន ៤.០០០.០០០រៀល($1.000)។
ជាមួយនេះដែរ លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារសព និងក៏មានការសោកស្តាយជាពន់ពេក ដែលស្ត្រីរងគ្រោះ ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃពីសំណាក់ជនដៃដល់។ខណៈនោះលោកក៏សូមឲ្យក្រុមគ្រួសារសពយកថវិកានិងសម្ភារៈខាងលើនេះសម្រាប់ចាត់ចែង ប្រើប្រាស់ ក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសល ដល់ដួងព្រលឹងជនរងគ្រោះនេះផង។
ក្នុងពេលនេះដែរ ក្រុមគ្រួសារសព ក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ជាពិសេសសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ ទំនុកបំរ៉ុងដល់ប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសជួយសង្គ្រោះដល់ជនងាយរងគ្រោះគ្រប់ទីកន្លែងទូទាំងប្រទេស៕