យើងនាំគ្នាលើកកម្ពស់ការយល់ដឹង អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត
កែប ៖ ការលើកកម្ពស់ ក៏ដូចជាការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិត នៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត ប្រកបដោយសក្តានុពលខ្ពស់ គឺជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ការលើកឡើងបែបនេះ គឺជាប្រសាសន៍ដ៏មានអត្ថន័យរបស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២០ ឆ្នាំ២០១៨ ក្រោមប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ"ដែលបានរៀបចំឡើងក្នុងសាលប្រជុំធំសាលាខេត្តកែប នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
លោករដ្ឋលេខាធិការ បានឲ្យដឹងទៀតថា តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឲ្យយុវជនមានស្មារតីចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែសកម្មថែមទៀត។ លោកបានបញ្ជាក់ទៀតថា ទិវាវប្បធម៌ជាតិ ត្រូវបានអនុលោមតាមស្មារតីសារាចរណែនាំលេខ ០១ សរណ ចុះថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ខែមករា ឆ្នាំ២០១៨ ដោយរាជរដ្ឋាភិបាលបានបន្តកំណត់យកប្រធានបទ"យុវជនដើម្បីវប្បធម៌ជាតិ" ធ្វើជារបៀបវារៈនៃការរៀបចំប្រារព្វទិវាវប្បធម៌ជាតិ៣មីនា លើកទី២០ ឆ្នាំ២០១៨ក្នុងគោលបំណងជំរុញធ្វើឲ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេនបានូលរួមក្នុងគោលបំណងបង្កើនការស្រឡាញ់ ដើម្បីបំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឲ្យបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។លោកថៃ នរៈសត្យា ក៏បានបំផុសស្មារតីយុវជន ដែលជាអ្នកបន្តវេនឲ្យចូលរួមបង្កើតស្នាដៃថ្មីៗដែលមានគុណភាព និងរក្សាឲ្យបាននូវមូលដ្ឋានខ្នាតជាតិ អត្តសញ្ញាណជាតិ និងលើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងន័យដើម្បី បង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងកាត់បន្ថយការហូរចូលឥតឈប់ឈរ នៃវប្បធម៌អវិជ្ជមានពីចរន្តសាកលភាវូបន័យកម្ម។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកែប បានឲ្យដឹងថា មន្ត្រីក្របខណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប មានចំនួន១៩នាក់ ស្រី ០៨នាក់ ក្នុងនោះការិយាល័យវប្បធម៌ ក្រុងកែបមាន០១នាក់ ,ការិយាល័យវប្បធម៌ស្រុកដំណាក់ចង្អើរ ០១នាក់ និងមន្ត្រីកម្មសិក្សាចំនួន០៤នាក់ ដឹកនាំដោយប្រធានមន្ទីរ០១រូបអនុប្រធានមន្ទីរ ០២រូប ជាជំនួយការ និងមន្ត្រីជាប់កិច្ចសន្យាមានចំនួន២៦នាក់ផងដែរ៕