កំពត ៖ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ វរសេនាតូចលេខ ២៤១-៤៣០ ប្រចាំ ខេត្តកំពត-កែប នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំនេះ វរសេនាតូចបានយកចិត្តទុកដាក់បង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ និងពង្រីកប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យមានភាពល្អប្រសើរ ក្នុងនោះយើងបានចាត់បញ្ជូនមន្ត្រីនគរបាល ទាំងពីរវរសេនាតូច ចំនួន៤០នាក់ទៅចូលរួមវគ្គហ្វឹកហ្វើនមុខជំនាញច្បាប់ជាតិ-អន្តរជាតិ និងយុទ្ធវិធីប្រតិបតិ្តការ ដល់កងកម្លាំងនគរបាលការពារព្រំដែន នៅបញ្ជាការ គណៈបញ្ជាការនគរបាលជាតិ ប្រចាំភូមិភាគ៤ ខេត្តព្រះវិហារចំនួន២លើក ។ក្រៅពីនោះរយៈពេលមួយឆ្នាំកន្លងមក វរសេនាតូចលេខ ២៤១-៤៣០ នគរបាលការពារព្រំដែនទឹក ប្រចាំខេត្តកំពត-កែប បានសាងសង់ទីបញ្ជាការថ្មី១ខ្នង(បណ្តោយ២២.៥០ម៉ែត្រ និងទទឹង១១ម៉ែត្រ)ថែមទាំងបានជួសជុលជម្រកស្នាក់នៅ អគារបម្រើការងារប៉ុស្តិ៍ និងប្រគល់មធ្យោបាយសម្រាប់បម្រើការងារល្បាតក្នុងភូមិសាស្ត្រ ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៀតផង។យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោកវរសេនីយ៍ទោ សុខ គន្ធបូភ័ត្ត្រ ជាមេបញ្ជាវរសេនាតូចលេខ២៤១នគរបាលការពារព្រំដែនទឹកខេត្តកំពត ជំនួសលោកវរសេនីយ៍ទោ ខៀវ បេ ដែលត្រូវផ្ទេរភារកិច្ច ទៅបម្រើការងារនៅឯនាយកដ្ឋាននគរបាលព្រំដែនវិញ។បន្ទាប់ពីតែងតាំង លោកវរសេនីយ៍ទោ សុខ គន្ធបូភ័ក្ត្រ ជាមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤១ប្រចាំខេត្តកំពតរួចមក មេអង្គភាពថ្មីរូបនោះ ក៏បានឡើងប្តេជ្ញាចិត្តនៅចំពោះអង្គពិធីថា៖ ប្តេជ្ញា ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ,ការពារច្បាប់ជាតិ និងអន្តរជាតិ ។ ប្តេជ្ញា គោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ការពារបូរណភាព អធិបតេយ្យភាពព្រំដែនទឹក ព្រំដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស។បង្កាទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទលើផ្ទៃសមុទ្រឲ្យមានប្រសិទ្ធភាព។ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋលើផ្ទៃសមុទ្រឲ្យទាន់ពេលវេលា។សហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងសហប្រតិបតិ្តការអន្តរជាតិ ពិសេសរក្សាឲ្យបានល្អនូវសាមគ្គីភាពផ្ទៃក្នុង។មានមតិផ្តាំផ្ញើនាឱកាសនេះ លោកជាវ តាយ អភិបាលខេត្តកំពត ក៏បានជំរុញដល់មន្ត្រីនគរបាលដែលទើបតែទទួលភារកិច្ចថ្មី ត្រូវចេះសាមគ្គីគ្នា និងខិតខំរួមគ្នាដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ត្រូវរួមគ្នាបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការចូលរួមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។លោកអភិបាលខេត្តបានដាស់តឿនទៀតថា អង្គភាពត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់មូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរអង្គភាពជំុវិញខេត្ត រដ្ឋបាលខេត្ត កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ឈានទៅរកកាត់បន្ថយភាពក្រីក្រ និងការអនុវត្តសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព យុតិ្តធម៌ តម្លាភាព គណៈនេយ្យភាព និងទទួលបានការគាំទ្រ គោរពជឿជាក់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង ជាពិសេសត្រូវខិតខំបង្កាទប់ស្កាត់ ដោយបង្ក្រាបបទល្មើសខុសច្បាប់ និងចូលរួមអនុវត្ត ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដីឲ្យបានល្អប្រសើរ ។ជាមួយនេះ លោកសង្ឃឹមជឿជាក់ថា មន្ត្រីរាជការដែលបានតែងតាំងថ្មី និងបំពាក់ឋានន្តរស័ក្តិនៅពេលនេះ ពិតជាមន្ត្រីរាជការប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ សីលធម៌ គុណធម៌ ទេពកោសល្យ មានសាមគ្គីភាព និងមានមនសិការ ការងារដ៏ខ្ពង់ខ្ពស់ក្នុងដំណើរអនុវត្តការងារ ក៏ដូចជាការចូលរួមដឹកនាំការងាររបស់វរសេនាតូចលេខ ២៤១-៤៣០ ប្រចាំខេត្តកំពត-កែប នៃនាយកដ្ឋានការពារព្រំដែនជើងទឹក ឲ្យបានល្អប្រសើរទៅមុខជាលំដាប់។ថ្លែងសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានលើកឡើងថា ការតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺជាការលើកទឹកចិត្តមួយដល់កងកម្លាំងនគរបាលជាតិប្រចាំនៅខេត្តកំពត-កែប ឲ្យខិតខំប្រឹងប្រែងអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងជាអាជ្ញាធរដែនដី នៅក្នុងខេត្តកំពតនេះ។លោកបានសង្កត់ធ្ងន់ថា ក្រោយពីផ្តល់តំណែងនិងបំពាក់ឋានន្តរស័ក្តិ មន្ត្រីកងកម្លាំងទាំងអស់ ក្នុងអង្គភាពវរសេនាតូច២៤១និង៤៣០ កំពត-កែប សូមក្តាប់ឲ្យជាប់រាល់ចំណុចខ្លឹមសាររបស់ប្រមុខដឹកនាំខេត្តដែលបានលើកឡើងខាងលើ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។ក្នុងខណៈនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏សូមឯកភាពនូវរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ទូច ពលៈ តំណាងនាយកដ្ឋាននគរបាលព្រំដែនទឹក ដែលបានរាយការណ៍ស្តីពីសមិទ្ធផលផ្សេងៗ ដែលអង្គភាពវរសេនាតូច ទាំងពីរអនុវត្តបានកន្លងមកនេះ ពិសេសក្នុងឆ្នាំ២០១៧កន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់គួរឲ្យកត់សម្គាល់។ក្នុងខណៈនេះលោកក៏សូមជំរុញដល់មេបញ្ជាការអង្គភាពដែលទើបតែទទួលភារកិច្ច ត្រូវចាត់ទុកជាតួនាទីដ៏សំខាន់ ហើយក៏ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ដភាព ត្រូវធ្វើជាគំរូល្អ ដើម្បីដឹកនាំអង្គភាពទទួលបានជោគជ័យ ហើយត្រូវតែបន្តអនុវត្តការងារដែលនៅសេសសល់ឲ្យបានសម្រេចបន្តបន្ទាប់ទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ