បិទទ្វារព្រំដែនចាប់ក្រុមម៉ូតូនិងម៉ូតូកង់បីសរុប១០គ្រឿង ដែលចតយ៉ាងអាណាធិបតេយ្យនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធក្រុងប៉ោយប៉ែត(មានVIDEO)
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០១៨នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានសំរេចចិត្តទាញទ្វាព្រំដែនបិទដើម្បីស្ទាក់ចាប់ម៉ូតូនិងម៉ូតូកង់បី ដែលចតយ៉ាងអាណាធិបតេយ្យនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងកកស្ទះជារៀងរាល់ថ្ងៃ។
សូមជម្រាបដែរថា៖ក្រុមម៉ូតូនិងម៉ូតូកង់បីទាំងនេះ នាពេលកន្លងមកកម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោកឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចុះធ្វើការអប់រំនិងណែនាំជាច្រើនលើកនិងច្រើនសារមកហើយ តែក្រុមទាំងនេះមិនស្ដាប់ថែមទាំងផ្គើនទៅនឹងសមត្ថកិច្ចថែមទៀតផង។
សូមបញ្ជាក់ដែរថា៖ម៉ូតូទាំង១០គ្រឿងដែលត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់បាននោះសរុបចំនួន១០គ្រឿង ក្នុងនោះម៉ូតូក្បាលចំនួន៧គ្រឿងនិងរ៉ឺម៉កកង់បីចំនួន៣គ្រឿង ខណ:ម៉ូតូទាំងនេះកំពុងចាប់ម៉ូយនិងចាំសណ្ដោងរទេះដឹកទំនិញចេញពីប្រទេសថៃ ។
បើតាមសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា៖ក្រុមម៉ូតូនិងម៉ូតូកង់បីទាំងនេះចតយ៉ាងអាណាធិបតេយ្យនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ដែលបង្កឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ ហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើការសម្របសម្រួលនិងណែនាំអប់រំជាច្រើនលើកជាច្រើនសារមកហើយ តែក្រុមទាំងនេះមិនព្រមស្ដាប់ទើបថ្ងៃនេះកម្លាំ ងនគរបាលអន្តោប្រវេសន៍សំរេចចិត្តទាញទ្វារព្រំដែនបិតដើម្បីស្ទាក់ចាប់ម៉ូតូនិងម៉ូតូកង់បីទាំងនេះប្រគល់ឲ្យនគរបាលក្រុងប៉ោយប៉ែតតែម្ដង។
បើតាមលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថា៖ម៉ូតូដែលចតយ៉ាងអាណាធិបតេយ្យ នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នោះកម្លាំងសមត្ថកិច្ចពិតជាបានចាប់មែន តែដោយសារការចាប់នេះគឺជាលើកទីមួយ ដូច្នេះលោកបានឲ្យម្ចាស់ម៉ូតូទាំងអស់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់នូវការងចាំចាប់ម៉ូយនិងចាំសណ្ដោងរទេះដឹកទំនិញនៅលើស្ពាននោះបន្តទៀត រួចក៏អនុញ្ញាតឲ្យពូកគេត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន។
លោកអធិការបានបញ្ជាក់ទៀតថា៖លោកបានធ្វើការគត់ស្លាកលេខម៉ូតូទាំងនោះអស់រួចទៅហើយ បើសិនជាថ្ងៃក្រោយម៉ូតូទាំងនេះនៅតែបន្តចតយ៉ាងអាណាធិបតេយ្យនៅលើស្ពានមិត្តភាពកម្ពុជា-ថៃបន្តទៀត លោកនឹងចាប់យកមករក្សាទុកយ៉ាងតិចមួយសប្តាហ៍ទើបប្រគល់ឲ្យម្ចាស់ដើមវិញដើម្បីឲ្យរាងចាល ៕