ហាងឆេងស្វាយកែវរមៀតដាំក្បាលចុះ ធ្វើឲ្យអ្នកប្រកបជំនួញយំមិនចេញ
កំពត ៖ បច្ចុប្បន្នតម្លៃស្វាយកែវរមៀតដែលជាកសិផលក្នុងស្រុករបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត-កែប ដែលគេតែងចាត់ទុកជាប្រភេទស្វាយមានហាងឆេងខ្ពស់កន្លងមកនោះ ស្រាប់តែពេលនេះ ត្រូវបានឈ្មួញវៀតណាមនាំគ្នាបញ្ចុះតម្លៃឲ្យមានកម្រិតទាបស្ទើទទួលយកមិនបាន។
បើតាមការនិយាយស្របាលគ្នា ពីសំណាក់ក្រុមធ្វើជំនួញខ្នាតតូច ដែលដឹកជញ្ជូនផ្លែស្វាយតាមមធ្យោបាយម៉ូតូយកទៅលក់នៅឯតំបន់ព្រំដែន បានឲ្យដឹងថា កាលពីប៉ុន្មានខែកន្លងមក ស្វាយកែវរមៀតមានហាងឆេងខ្ពស់ គួរសមអាចប្រកបអាជីវកម្មបានដោយគ្មានបារម្ភ ប៉ុន្តែេយៈពេលចុងក្រោយនេះ មិនដឹងមូលហេតុអ្វី ស្រាប់តែក្រុមឈ្មួញធំៗ នៅប្រទេសវៀតណាមបែរជាទម្លាក់តម្លៃស្វាយរបស់ខ្មែរ នៅត្រឹមជាង២.០០០ដុងស្មើនឹង៣០០រៀលក្នុង១គីឡូក្រាម ។
អ្នករកស៊ីដឹកជញ្ជូនស្វាយខាងលើបាននិយាយទៀតថា បញ្ហាទីផ្សារ ផលដំណាំរបស់កសិករខ្មែរប្រភេទស្វាយមានតម្លៃប្រែប្រួលនេះ ពួកគាត់ត្រូវខាតបង់អស់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ពិសេសការចំណាយលុយកាក់ក្នុងការម៉ៅចម្ការស្វាយរបស់អ្នកស្រុក ដើម្បីថែទាំប្រមូលផលស្វាយ ហើយដឹកយកទៅលក់នៅឯប្រទេសជិតខាងសម្រាប់យកថវិកាទាំងនេះមកទូរទាត់រាល់ការចំណាយផ្សេងៗ ក្នុងនោះដូចជា ថ្លៃកម្លាំងពលកម្ម ជីធម្មជាតិ ថ្លៃសេវាផ្សេងៗ និងសោហ៊ុយដឹកជញ្ជូនតាមមធ្យោបាយនានាជាដើម។
ជាមួយនឹងការទម្លាក់តម្លៃកសិផលប្រភេទផ្លែស្វាយយ៉ាងគំហុកបែបនេះ គេមិនដឹងថា អាចមកពីមូលហេតុអី្វឲ្យប្រាកដនោះទេ ប៉ុន្តែគេបានកត់សម្គាល់ឃើញកន្លងមក ផលដំណាំគ្រប់ប្រភេទរបស់ខ្មែរពិសេសស្វាយកែវរមៀត បើទោះជាមានតម្លៃថោកយ៉ាងណា ក៏មិនធ្លាក់ថ្លៃរហូតដល់៣០០រៀល ក្នុង១គីឡូក្រាមដូចពេលនេះដែរ។
ជុំវិញទីផ្សារស្វាយធ្លាក់ចុះដូចការត្អូញត្អែរខាងលើ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែកម្ភៈ ឆ្នាំ២០១៨នេះថា បញ្ហាកសិផលប្រភេទស្វាយលក់មិនបានថ្លៃនេះ ដោយសារនៅប្រទេសជិតខាងដូចប្រទេសថៃ វៀតណាម ជាដើមជាប់រវល់រៀបចំពិធីអបអរចូលឆ្នាំថ្មី ប្រពៃណីរបស់គេ ទើបឈ្មួញដែលធ្លាប់ប្រមូលទិញទាំងអម្បាល ម៉ានផ្អាកទទួលទិញមួយរយៈតែម្តង ទើបធ្វើឲ្យហាងឆេងផ្លែស្វាយធ្លាក់ចុះបែបនេះ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា បញ្ហាកសិផលផ្លែស្វាយចុះតម្លៃថោកនេះ មិនមែនតែកើតឡើង តែក្នុងតំបន់ភូមិសាស្ត្រខេត្តកំពត-កែប នោះទេ គឺកើតឡើងទូទាំងប្រទេស ព្រោះរយៈពេលចុងក្រោយនេះ សូម្បីតែប្រទេសចិនដែលកន្លងមកធ្លាប់ទទួលទិញស្វាយធំជាងគេនោះ ក៏បានបង្អាកក្នុងការទិញផ្លែស្វាយគ្រប់ប្រភេទនេះដែរ ៕