បិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨របស់មន្ទីរកិច្ចការនារីខេត្តកែប
កែប ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០១៨មន្ទីរកិច្ចការនារីខេត្តកែប បានធ្វើពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងអស់លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីរាជការក្នុងអង្គភាពទាំងមូល។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានឲ្យដឹងថា អង្គសន្និបាតនេះគឺបានដំណើរការរយៈពេលពេញមួយព្រឹកមកហើយ ដើម្បីធ្វើការបូកសរុបពិនិត្យ វាយតម្លៃពីវឌ្ឍនភាព នៃការអនុវត្តការងារសម្រេចបានក្នុងឆ្នាំ២០១៧កន្លងមក និងធ្វើការផ្សព្វផ្សាយពីសមិទ្ធផលនានានៃការអនុវត្តតួនាទី ភារកិច្ចរបស់មន្ទីរកិច្ចការនារី ធៀបទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអាទិភាព សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៨ឲ្យទទួលបានជោគជ័យ។លោកស្រីប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា អង្គសន្និបាតនេះបានចែកចេញជាបួនក្រុមដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលទាក់ទងទៅនឹងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់នារីរតនៈទី៤(ឆ្នាំ២០១៤-២០១៨) ដោយផ្អែកលើផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ផងដែរ។
ក្នុងឱកាសបិទសន្និបាតនេះដែរ លោក កែន សត្ថា អភិបាលខេត្ត ក៏បានកោតសរសើរចំពោះលោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកែប ដែលកន្លងមកខិតខំពុះពារដឹកនាំមន្ត្រីក្រោមឱវាទឲ្យសម្រេចការងាររបស់ខ្លួនបានជោគជ័យយ៉ាងត្រចះត្រចង់។លោកអភិបាលខេត្តបានគូសបញ្ជាក់ថា សន្និបាតនេះ ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតឡើងក្នុងដំណើរការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំកន្លងមក និងដើម្បីរៀបចំយុទ្ធសាស្ត្រ សម្រាប់អនុវត្តបន្តឲ្យកាន់តែមានប្រសិទ្ធភាពនិងឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀត។
លោកអភិបាលខេត្តបានបន្ថែមថា ជារួមកិច្ចការទាំងអស់ គឺស្ថិតក្នុងបុព្វហេតុនៃការរួមចំណែកជាមួយរដ្ឋាភិបាល សម្រាប់ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងការពារការកេងប្រវ័ញគ្រប់រូបភាពមកលើស្រី្តនិងកុមារ រក្សាគុណតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ក៏ដូចជាពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងអំពើហឹង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស នាំមកនូវការខាតបង់ធនធាន ពេលវេលា និងបាត់បង់អាយុជីវិត ថែមទាំងធ្វើឲ្យសីលធម៌សង្គមមានការធ្លាក់ចុះ។ក្នុងស្មារតីនេះយើងរួមគ្នា ចូលរួមចំណែកពង្រឹងការងារអភិបាលកិច្ច និងការផ្តល់សេវាសង្គមកិច្ចនានា ដើម្បីធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ មានសីលធម៌ មានសេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយគ្មានការរើសអើងពូជសាសន៍ ពណ៌សម្បុរឡើយ។លោកអភិបាលខេត្ត ក៏បានជំរុញដល់លោកស្រី ប្រធានមន្ទីរកិច្ចការនារី ត្រូវខិតខំអនុវត្តភារកិច្ចដែលនៅសេសសល់ នាឆ្នាំបន្តបន្ទាប់ខាងមុខទៀត៕