ប្រជាពលរដ្ឋរិះគន់ទៅនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យពាក់ព័ន្ធទៅនឹងការធ្វើបរិផាតយឺតយ៉ាវ បណ្ដាលឲ្យពួកគាត់ចំណាយថវិកាច្រើនក្នុងការធ្វើដំណើរ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលចេញចូលទៅរកទទួលទាននៅទឹកដីថៃបានរិះគន់ទៅនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យពាក់ព័ន្ធទៅនឹងការធ្វើបរិផាតមានការយឺតយ៉ាវដែលបង្កឲ្យពួកគាត់ចំណាយប្រាក់យ៉ាងច្រើននៅពេលធ្វើដំណើរពីក្រុងប៉ោយប៉ែតទៅខេត្តបន្ទាយមានជ័យ ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2018 នេះមានស្ត្រីវ័យចំណាស់ម្នាក់បានធ្វើដំណើរដោយជិះរថយន្តតាក់ស៊ីពីក្រុងប៉ោយប៉ែត ទៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងទៅយកបរឺផាតតាមការណាត់របស់អាជ្ញាធរខេត្ត ។ លុះទៅដល់កន្លែងយកបរឺផាត បែរជាអាជ្ញាធរខេត្តនិយាយថា មិនទាន់ធ្វើរួចទេ ខណៈនោះធ្វើឱ្យស្ត្រីវ័យចំណាស់រូបនោះបានធ្វើការច្រឡោតខឹងយ៉ាងខ្លាំង ។
ដោយរៀបរាប់ថា ៖ ខ្ញុំមានការសោកស្តាយខ្លាំងណាស់ ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបានណាត់ឲ្យខ្ញុំមកយកបរឺផាតដែលធ្វើកាលពីប៉ុន្មានថ្ងៃមុននោះរហូតមកដល់ពេលនេះខ្ញុំមកយកបែជាឆ្លើយថាមិនបានទៅវិញ ។
ស្ត្រីវ័យចំណាស់នោះបានបន្តថា ខ្ញុំបានធ្វើដំណើរពីក្រុងប៉ោយប៉ែតមកខេត្តបន្ទាយមានជ័យដោយជិះរថយន្តតាក់ស៊ីចំណាយថវិកាអស់ម្តង50000រៀលទាំងថ្លៃហូបចុក ណាខាតពេលវេលារកទទួលទានផង ហើយថវិកាទាំងនោះ ខ្ញុំទៅរកចងការគេទម្រាំនឹងបានមកធ្វើបរឺផាតដើម្បីទៅរកទទួលទាននៅទឹកដីថៃ ។
គាត់បានបញ្ជាក់ថា ៖ សព្វថ្ងៃនេះ រកទទួលទាននៅទឹកដីថៃរកមួយថ្ងៃស៊ីមួយថ្ងៃតែប៉ុណ្ណោះ បើមកធ្វើបរឺផាតមានការយឺតយ៉ាវហើយមកច្រើនដង ណាចំណាយថវិកា ក្នុងការធ្វើដំណើរនិងខាតពេលវេលាបែបនេះ តើគាត់មានលុយណាដើម្បីចិញ្ចឹមជីវិតនោះ ។
ជុំវិញរឿងខាងលើនេះដែរ ត្រូវបានមជ្ឈដ្ឋានក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលរកទទួលទាននៅទឹកដីថៃបានបង្ហើបឲ្យដឹងថា ៖ ពួកគាត់មានការលំបាកខ្លាំងណាស់ បន្ទាប់ពីប្ដូរការធ្វើបរឺផាត ពីក្រុងប៉ោយប៉ែតទៅធ្វើនៅខេត្តបន្ទាយមានជ័យនោះ ។
ពួកគាត់បន្តថា ការធ្វើបរឺផាត នៅច្រកអន្ដរជាតិប៉ោយប៉ែតថ្លៃកប់ពពក ក៏ពិតមែនតែមិនខាតពេលវេលារកទទួលទាននោះទេ តែពេលប្ដូរទៅខេត្តបន្ទាយមានជ័យវិញ មានការលំបាកខ្លាំងជាងនៅក្រុងប៉ោយប៉ែតទៅទៀត ទោះជាការធ្វើនោះតម្លៃថោកជាងនៅក្រុងប៉ោយប៉ែតច្រើន ក៏ពិតមែនគឺតម្លៃ 2 ម៉ឺនរៀល តែការចំណាយរបស់គាត់ គឺជិះរថយន្តតាក់ស៊ីពីក្រុងប៉ោយប៉ែតចំណាយថវិកាម្តងនៅពេលធ្វើ នៅពេលណាត់ឲ្យទៅយកគឺចំណាយថវិកាម្ដងទៀត ហើយពេលខ្លះ បើទៅតាមការណាត់បានវាជាការល្អប្រសើរមួយ តែពេលទៅមិនបានទៅវិញនោះ ពិតជាចំណាយថវិកាច្រើនហើយខាតពេលវេលាច្រើនលើសនៅក្រុងប៉ោយប៉ែតទៅទៀត ។ ដូច្នេះហើយពួកគាត់បានសំណូមពរដល់ថ្នាក់លើមេត្តាមានវិធានឲ្យពួកគាត់បានមកធ្វើនៅក្រុងប៉ោយប៉ែតវិញ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងមិនខាតពេលវេលារកទទួលទាន ពីព្រោះពួកគាត់បានបញ្ជាក់ដែលថា ចំពោះអ្នកមានរថយន្តផ្ទាល់ខ្លួនមិនថ្វីទេ តែចំពោះពួកគាត់ក្រីក្រវិញមានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរនោះនិងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ៕