កំពត ៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព ទទួលបានលទ្ធផលផ្លែផ្កាពិតប្រាកដ និងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននោះ រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃច័ន្ទ ៥រោចខែមាឃ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៨បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។កិច្ចប្រជុំនេះមានរយៈពេលពេញមួយព្រឹក ក្រោមអធិបតីភាព លោកបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងសិប្បកម្ម និងមានវត្តមានចូលរួម ពីសំណាក់ លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិ និងលោក-លោកស្រី ក្រុមការងារថ្នាក់ ខេត្ត ក្រុង ស្រុកផងដែរ។លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព ការរីកចម្រើននានារបស់រដ្ឋបាលខេត្តកំពតរយៈមួយឆ្នាំ ២០១៧កន្លងទៅ ពិសេសលើការងាររបស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត និងក្រុង ស្រុក រយៈពេលមួយឆ្នាំ ២០១៧កន្លងទៅ នេះ មានចំនួន២០១លើក លើ៩៣ឃុំ សង្កាត់ មានក្រុមការងារចូលរួមចំនួន ៣៥៩៥នាក់ និងមានប្រជាពលរដ្ឋចូលរួមចំនួន១៦.៦០០នាក់ ប្រមូលបានបញ្ហាសំណូមពរ ចំនួន៦២២ករណី។ ក្នុងនោះបានដោះស្រាយចំនួន ៣០៦ករណី កំពុងដោះស្រាយបានចំនួន១៧៦ករណី និងមិនទាន់ដោះស្រាយបានមានចំនួន១៤០ករណីគឺភាគច្រើន ជាសំណូមពរស្នើសុំសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំធំ។កិច្ចប្រជុំក៏បានបន្តពិភាក្សា លើកយកនិងរកបទពិសោធន៍ល្អៗដើម្បីដាក់ទិសដៅបន្តការងារឆ្នាំ២០១៨អនុវត្តឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។មានប្រសាសន៍នាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក វេទិកាសាធារណៈ របស់រាជរដ្ឋាភិបាល នៅតែមានសារៈសំខាន់ ចាំបាច់បំផុតដដែល។ព្រោះថាតាមរយៈការបើកវេទិកាសាធារណៈនេះ គឺដើម្បីជាឱកាសសម្រាប់ក្រុម ការងារថ្នាក់ជាតិ ខេត្តនិងក្រុង ស្រុកក៏ដូចជារដ្ឋបាលខេត្តបានសហការគ្នា ចុះជាប់មូលដ្ឋាន ឃុំសង្កាត់ ជួបផ្ទាល់ជាមួយនឹង ប្រជាពលរដ្ឋ ដើម្បីក្ដាប់សភាពការណ៍ បញ្ហាប្រឈម និងកង្វល់ឬសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយរួមគ្នាដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់។លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះលទ្ធផលក្រុមការងារ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំកន្លងមក និងបានសំណូមពរផ្ដាំផ្ញើឲ្យបន្តខិតខំជាប់ជាប្រចាំនិងទៀងទាត់រៀងរាល់ខែបន្ថែមទៀត ពិសេសការចុះដោះស្រាយមិនត្រូវតែចាំបាច់ពឹងផ្អែកតែលើជំនាញខ្សែបណ្ដោយ ឬខ្សែ ទទឹងឡើយ។ គឺការដោះស្រាយធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព ទទួលបានលទ្ធផលផ្លែផ្កាពិតប្រាកដ និងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋឲ្យអស់លទ្ធភាពជាក់ស្ដែង ពោលគឺកិច្ចការដែលជាទុក្ខលំបាក ប៉ះពាល់នឹងអារម្មណ៍ផ្លូវចិត្តនិងការងារមុខរបររបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ