កំពត ៖ បច្ចុប្បន្នទីផ្សារដំឡូងជ្វា ប្រភេទសាច់ស សំបកក្រហម ដែលផ្តល់ពូជដោយមន្ទីរកសិកម្ម បាននិងកំពុងមានហាងឆេងវិញហើយ បន្ទាប់ពីតម្លៃត្រូវធ្លាក់ចុះស្ទើយំមិនចេញកន្លងមកនោះ។បើតាមការលើកឡើងពីសំណាក់អ្នកនិយមចូលចិត្តដាំដំឡូងក្នុងពេលនេះ បានឲ្យដឹងថា ជាទូទៅដំឡូងប្រភេទកសិកម្មនេះ ឥឡូវមានទីផ្សារឡើងខ្ពស់គ្រាន់បើជាងមុនវិញហើយ អំឡុងពេលនេះផលដំឡូងទាំងអស់ត្រូវក្រុមឈ្មួញមករកទិញដល់ទីកន្លែង ដោយឈ្មួញបានឲ្យតម្លៃក្នុង១គីឡូក្រាមចាប់ពី១៥០០រៀលឡើងទៅ ហើយបើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំកន្លងទៅ គឺ១គីឡូក្រាមមានតម្លៃចាប់ពី៦០០ទៅ៧០០រៀលតែប៉ុណ្ណោះ។ប្រជាពលរដ្ឋស្ទើប្រមាណ៣០ភាគរយរស់នៅក្នុងភូមិសាស្ត្រខេត្តកំពត ពិសេសឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដែលរមែងមានចំណូលចិត្តក្នុងការដាំដំឡូងប្រភេទនេះ បានរៀបរាប់ទៀតថា កន្លងមកដំឡូងត្រូវបានគេសម្រុកដាំគ្រប់រដូវកាល ទាំងរដូវប្រាំង ទាំងរដូវវស្សា ដោយពុំបានទុកបន្សល់ដីធ្លីឲ្យនៅទំនេរឥតប្រយោជន៍ឡើយ។ម្យ៉ាងទៀតទោះបីដំឡូងមានតម្លៃមិនខ្ពស់ដូចផលដំណាំបន្លែនានាក៏ដោយចុះ ក៏ពួកគេស្វិតស្វាញដោយនាំគ្នាសំរុកដាំយ៉ាងសស្រាក់សស្រាំដែរ ប៉ុន្តែក្នុងពេលចុងក្រោយនេះប្រជាពលរដ្ឋមួយផ្នែកធំ បានបញ្ឈប់មុខរបរដាំដំឡូងរបស់ខ្លួន ដោយពួកគាត់បានជ្រើសយកដំណាំផ្សេងៗមកដាំនៅលើដីស្រែឬដីទួលទាំងនោះវិញ។ចំណែកដីសម្រាប់ដាំដំឡូងខ្លះទៀតក៏ត្រូវបានលក់ទៅឲ្យឈ្មួញនិងក្រុមហ៊ុនឬរោងចក្រសហគ្រាសនានាទៀតផង ទើបផ្ទៃដីដាំដំឡូងជាច្រើនហិកតានៅទីនោះត្រូវបានកែប្រែជាដីប្រកបអាជីវកម្មខ្នាតតូច ខ្នាតធំជាច្រើនកន្លែង ដូចជាចំណុចទីទួលដំឡូងជ្វាដ៏ល្បីល្បាញស្ថិតនៅចំណុចទ្រូងអណ្តើក ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតជាដើម។ពួកគាត់បានឲ្យដឹងទៀតថា ពេលនេះទីផ្សារដំឡូងជ្វាមានតម្លៃខ្ពស់គ្រាន់បើ តែប្រជាពលរដ្ឋបែជាពុំសូវចាប់អារម្មណ៍ដូចមុនៗនោះឡើយ។ជាមួយនេះដែរ ប្រធានមន្ទីរកសិកម្មខេត្តកំពត លោកចាន់ រិទ្ធ តែងតែបានបំផុសនិងជំរុញដល់ប្រជាពលរដ្ឋគ្រប់តំបន់ឲ្យខិតខំបង្កបង្កើនផល ពិសេសការដាំដំណាំរួមផ្សំឲ្យបានច្រើនដើម្បីជួយលើកស្ទួយជីវភាពរបស់បងប្អូនឲ្យកាន់តែរីកចម្រើនជាលំដាប់ ព្រោះបច្ចុប្បន្ននេះទោះជាផលដំណាំអី្វក៏មានតម្រូវការក្នុងទីផ្សារដែរ។ទោះជាបែបណាក៏ដោយប្រជាពលរដ្ឋភាគច្រើនរស់នៅតាមតំបន់នានាទូទាំងប្រទេសដែលប្រកបមុខរបរកសិកម្ម ពិសេសក្នុងមូលដ្ឋានខេត្តកំពត សំណូមពរយ៉ាងទទូច ដល់ថ្នាក់ដឹកនាំ ព្រមទាំងជំនាញ គួរតែជួយរកទីផ្សារឬកំណត់តម្លៃសម្រាប់កសិផលរបស់ពួកគាត់ឲ្យមានលំនឹងផង ព្រោះក្នុងរយៈកាលកន្លងមកតម្លៃដែលទាញប្រមូលបានពីផលកសិកម្មរបស់កសិករក្នុងប្រទេសយើង សុទ្ធតែលក់ចេញមិនបានថ្លៃដូចផលដំណាំ ឬបន្លែបង្កាដែលនាំចូលពីក្រៅប្រទេសឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ