កំពត ៖ បន្ទាប់ពីមានភ្លៀងកក់ខែមួយមេកាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើឲ្យទីតាំងមួយចំនួននៃក្រុងកំពត រងការលិចលង់មួយអន្លើ ដោយកន្លែងខ្លះត្រូវបានទឹកភ្លៀងជោរជន់ដក់ជាប់ជាច្រើនម៉ោង ដែលនាំបង្កផលវិបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋស្ថិតចំណុចនេះផងដែរ។បើតាមការលើកឡើងពីសំណាក់មហាជន ពិសេសអ្នករស់នៅក្នុងក្រុងកំពតទាំងមូលបានបង្ហើបថា ជាទូទៅឲ្យតែមានភ្លៀងធ្លាក់ម្តងៗ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតតាមដីទំនាបត្រូវបានលិចលង់ជាច្រើនកន្លែង ដូចជានៅចំណុចត្រើយខាងលិច ម្តុំផ្សារដីហុយ និងមួយផ្នែកទៀតនៅភូមិសាស្ត្រភូមិអណ្តូងខ្មែរ ពិសេសចំណុចចំណតរថយន្តក្បែរស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ និងនៅចំណតរថយន្តសូរិយា(រថយន្តក្រុង)ជាដើម ។ ពួកគាត់បាននិយាយទៀតថា ចំណុចដូចបានរៀបរាប់ខាងលើនេះ ឲ្យតែមានភ្លៀងធ្លាក់ម្តងៗតែងតែបង្កភាពលិចលង់ដែលធ្វើឲ្យប្រជាពលរដ្ឋមានលំនៅឋានត្រង់ចំណុចនោះពិបាករស់នៅ ជួនកាលផ្ទះខ្លះត្រូវទឹកបាចសាចហូរចូលដល់កន្លែងដេកក៏មានដែរ។គេបានអះអាងថា នេះគ្រាន់តែភ្លៀងកក់ខែមួយមេប៉ុណ្ណោះ ចុះទម្រាំដល់រដូវវស្សាមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់នោះមិនដឹងជាលិចលង់ដល់កម្រិតណាទេ។ទាក់ទិននឹងបញ្ហាដូចខាងលើ លោក ឡាយ រឿនសុធី អភិបាលក្រុងកំពត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ទីតាំងខាងលើ(ចំណតរយន្តថ្មី)ពិតជាទទួលរងភាពលិចលង់ដោយសារជំនន់ភ្លៀងមែន ប៉ុន្តែចំណុចនេះអាជ្ញាធរក៏បានរៀបចំគម្រោងអភិវឌ្ឍតាំងពីជំនាន់អភិបាលខេត្តកំពតមុនបន្តរហូតមកដល់អភិបាលខេត្តនាពេលបច្ចុប្បន្ន ដោយអាជ្ញាធរបានឯកភាពអនុវត្តគម្រោងស្ថាបនាលូជ្រុងដែលមានទំហំ២ម៉ែត្របួនជ្រុង ដោយប្រើលូមុខកាត់ដើម្បីបញ្ជៀសទឹកចេញឲ្យបានឆាប់រហ័សបំផុត ។លោកបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនេះអាជ្ញាធរនឹងរៀបចំបើកការដ្ឋានស្ថាបនា ដោយប្រើតែរយៈពេល១៥ថ្ងៃឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីឲ្យទាន់រដូវវស្សានាពេលខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ