កំពត ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តយសមន្ត្រី ហៅវត្តថ្មី ស្ថិតក្នុងភូមិឈើទាល ឃុំប្រភ្នំស្រុកអង្គរជ័យ ខេត្តកំពត។ ពិធីនេះក៏មានវត្តមាននិមន្តនិងអញ្ជើញចូលរួម ពីសំណាក់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតប៊ួរ គ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និង លោក ជាវ តាយអភិបាលនៃគណៈអភិបាល ខេត្តកំពត លោក អ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ប្រតិភូអមដំណើរ និងមន្ត្រីរាជការប្រជាពលរដ្ឋផងដែរ។ក្នុងពិធីនោះ លោក កឹម បូណាអភិបាលនៃគណៈអភិបាលស្រុកបានឲ្យដឹងអំពីព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តយសមន្ត្រីដែលត្រូវធ្វើពិធីសម្ពោធនាពេលនេះ គឺសរុបអស់ថវិកាចំនួន ជាង៣១៨៧៣៦ ដុល្លា ហើយសមិទ្ធិផលទាំងនេះផ្ដើមកសាងឡើងពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅប្រទេស។លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុក ព្រះវិហារនិងសមិទ្ធផលនានា ដែលធ្វើពិធីសម្ពោធនៅ ក្នុងវត្តយសមន្ត្រីនាពេលនេះ គឺពិតជាបានរួមចំណែកក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត ដើម្បីជាការឆ្លើយតបបំរើឲ្យវិស័យព្រះពុទ្ធចក្រក្នុងខេត្តកំពត។ លោកអភិបាលខេត្តក៏បានថ្លែង អំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែបានអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស ពិសេសក្នុងខេត្តកំពត ដើម្បីរួមសុខរួមទុក្ខស្វែងយល់ពីការលំបាកខ្វះខាតនិងដោះស្រាយសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋជាប្រចាំ។ សកម្មភាព និងកាយវិការប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវ ទាំងនេះបាន សបញ្ជាក់ឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងស្រទាប់យុវវ័យសក្តិសមជាទំពាំងស្នងឬស្សី ប្រកបដោយគុណភាពខ្ពស់សម្រាប់ការបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីស្រឡាញ់នៃយើង។មានប្រសាសន៍ សំណេះសំណាល លោក បណ្ឌិតហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះប្រជាពលរដ្ឋ និងបាន ថ្លែងការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជនរួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលក្នុងទីអារាមវត្តនេះឡើងជាមួយរាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅកម្ពុជាឲ្យបានកាន់តែរីកចម្រើនថែមទៀត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើផ្ទៃប្រទេស ។ ហើយសមិទ្ធផលទាំងអស់នោះគឺសុទ្ធសឹងបានកើតចេញពីអំណោយផលនៃសន្តិភាពយ៉ាងពិតប្រាកដ តាមរយៈយុទ្ធសាស្ត្រឈ្នះៗក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដោយមើលឃើញពីសច្ចភាពនេះហើយ គណបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលបានជ័យជម្នះដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបំផុត នៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោហ៊ុន សែនជាប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ