កំពត ៖ រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាទីតាំងភ្នំប្រវតិ្តសាស្ត្រនៃទឹកដីខេត្តកំពត បច្ចុប្បន្នត្រូវបានចាត់ទុកជាទីលំហែ កម្សាន្តប្រកបដោយសោភ័ណភាព និងមានសុវត្ថិភាព ដោយរមណីយដ្ឋាននេះគ្របដណ្តប់ដោយដងព្រៃជាជ្រលងជាប់គ្នារដឹក ដែលបញ្ចេញនូវទេសភាពយ៉ាងត្រកាលតាមលក្ខណៈធម្មជាតិ ចាប់ពីជើងភ្នំ រហូតដល់កំពូលភ្នំ ដែលមានផ្លូវវាងអង្កាញ់ចុះឡើងដែលមានប្រវែងជាង៣០គីឡូម៉ែត្រ។យ៉ាងណាមិញ ក្រុមអ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ខណៈពេលមានពិធីបុណ្យជាតិផ្សេងៗ តែងតែនាំក្រុមគ្រួសារធ្វើដំណើរទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោ ដើម្បីសម្រាក លំហែ កម្សាន្ត មើលទេសភាព ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ ដោយមិនចេះជិនណាយ។អ្នកទេសចរណ៍ជាច្រើននាក់បានរៀបរាប់ប្រាប់ស្រដៀលគ្នាថា ការជ្រើសរើសដំណើរកម្សាន្តនាឱកាសចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ពួកគេបានផ្តោតការស្រមើស្រម៉ៃចង់មកលំហែនៅទីនេះដើម្បីបានមកបែរបន់សុំសេចក្តីសុខ សេចក្តីចម្រើន ពីលោកយាយម៉ៅ ដែលតាំងអាស្រមដ៏ធំនៅពាក់កណ្តាលភ្នំបូកគោ និងបានអុជធូបសុំពរជ័យនិងសុំសេចក្តីសុខពីវិហារអ្នកតាភ្នំ ហើយបង្ហួសទៅធ្វើពិធីសក្ការៈបូជានៅវត្តសំពៅ៥ផងដែរ។ក្រុមទេសចរណ៍បានលើកឡើងថា រមណីយដ្ឋានឋានសួគ៌បូកគោ ក្រៅពីមានកន្លែងកម្សាន្តស្ថិតចំណុចកាសីុណូចាស់-ថ្មី និងទីសក្ការៈបូជា ជាច្រើនកន្លែងនោះ ក៏មានកន្លែងសម្រាប់លំហែ កម្សាន្តផ្សេងទៀតប្រកបដោយសម្រស់ទាក់ទាញ ដូចជាតំបន់ទឹកធ្លាក់ ការទស្សនាសួនដំណាំ-សួនបន្លែ សួនចិញ្ចឹមជ្រូកព្រៃជាដើម។ដោយឡែកបើតាមការប្រាប់ឲ្យដឹងពីក្រុមសន្តិសុខប្រចាំនៅរមណីយដ្ឋានឋានសួគ៌បូកគោបាននិយាយថា ជាទូទៅតំបន់ទេសចរណ៍មួយនេះ មិនសំដៅតែលើពិធីបុណ្យជាតិធំៗនោះទេដែលមានភាពអ៊ូអរ សូម្បីតែថ្ងៃធម្មតាសោះក៏មានមនុស្សចេញចូលដូចស្រមោចដែរ ព្រោះនៅលើភ្នំបូកគោ ក្រៅពីមានកន្លែងផ្តល់សេវាទេសចរណ៍ប្រកបដោយទេសភាពគ្មានពីរ ក៏មានកាសីុណូមួយយ៉ាងធំស្កឹមស្កៃ ដោយបានទាក់ទាញជនបរទេសជាច្រើននាក់មកទស្សនាក្នុងបរិវេណនេះជារៀងរាល់ថ្ងៃមិនចេះដាច់។ជាមួយនេះដែរ លោក សយ សីុណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ជារួមតាមការកត់សម្គាល់គឺភ្ញៀវបានសម្រុកទៅលំហែ កម្សាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោ មានសន្ទុះខ្លាំងជាងបណ្តាឆ្នាំមុនៗ ដោយកំណើននេះមិនត្រឹមតែរមណីយដ្ឋានឋានសួគ៌បូកគោនោះទេ គឺកើនឡើងនៅគ្រប់តំបន់ទេសចរណ៍ទូទាំងខេត្តកំពតតែម្តង។លោកបានបញ្ជាក់ទៀតថា ដោយសារតែខេត្តកំពត មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ដ៏សំបូរបែប ហើយគាប់ជួនប្រទេសយើងមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបអាជីវកម្មនិងបង្កើនមុខរបរមានភាពលូតលាស់ រីកចម្រើន ទើបពួកគាត់មានឱកាសចំណាយធនធានធ្វើដំណើរកំសាន្តនៅគ្រប់ទិសទីតាមតំបន់ផ្សេងៗ ពិសេសរមណីយដ្ឋានដ្ឋានឋានសួគ៌បូកគោ ដែលជាគោលដៅមួយមានទេសភាពយ៉ាងប្រណិត ប្រកបដោយភាពទាក់ទាញ។សូមជម្រាបថា៖ ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន-វៀតណាម ដោយសារមានអ្នកទេសចរណ៍នាំគ្នាសម្រុកទៅលំហែរមណីយដ្ឋាននានាក្នុងក្រុងកំពតនោះ គេបានសង្កេតឃើញដងផ្លូវសំខាន់ៗមួយចំនួនត្រូវបានកកស្ទះជាច្រើនអន្លើ ដោយករណីនេះព្រោះតែរថយន្តភាគច្រើនបានសម្រុកប្រជ្រៀតឆ្លងស្ពានកំពង់បាយ(ស្ពានកំពតថ្មី) ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានឋានសួគ៌បូកគោជាដើម ហើយការកកស្ទះនេះដែរ ក៏ត្រូវធ្វើឲ្យក្រុមភ្ញៀវខ្លះបង្វែទិសទៅលំហែ កម្សាន្តនៅរមណីយដ្ឋានឆ្នេរកែបវិញផងដែរ។បើតាមសមត្ថកិច្ចដែលកំពុងមមាញឹកក្នុងពេលអន្តរាគមន៍នេះបានឲ្យដឹងថា ការស្ទះចរាចរគឺបានកើតឡើងតាំងពីម្សិលមិញ ខណៈកំណាត់ផ្លូវជាតិលេខ៣ឆ្ពោះសំដៅស្ពានកំពង់បាយកំពុងស្ថាបនា ដោយផ្លូវនេះចរាចរបានតែម្ខាងប៉ុណ្ណោះ គាប់ជួនថ្ងៃចូលឆ្នាំចិន-វៀតណាមមានរថយន្តច្រើនស្អេកស្កះដូចម្រាមដៃសម្រុកបន្តកន្ទុយគ្នាបំណងឆ្លងស្ពានទាំងអស់គ្នាទើបបង្កជាការកកស្ទះបែបនេះ ប៉ុន្តែបើស្ពានឥន្ធនូ(ស្ពានកំពតចាស់)បើកដំណើរការឲ្យរថយន្តតូចៗឆ្លងវិញប្រហែលជាមិនកកស្ទះបែបនេះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ