កំពត ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨របស់ខ្លួន។ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក សារុន ឫទ្ធា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុផារ៉ា ទេសដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី សាវ៉េត អភិបាលរងខេត្តកំពត ព្រមទាំងអស់លោកជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជំនាញ ទូទាំងខេត្ត។តាមរបាយការណ៍របស់ លោកយិន វុឌ្ឍ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឲ្យដឹងថា សន្និបាតរបស់យើងនាពេលនេះ បានរៀបចំឡើងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាពពេញបរិបូរណ៍ មានសភាពការណ៍នយោបាយ សុវត្ថិភាព និសណ្តាប់ធ្នាប់សង្គមល្អប្រសើរនៅទូទាំងប្រទេស។ជាងនេះទៅទៀត កម្ពុជាក៏បាននិងកំពុងកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចមានសន្ទុះលឿននិងឆាប់រហ័ស ជាពិសេសការសម្រេចបាននូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលជាមនុញ្ញផលនៃការអនុវត្ត"យុទ្ធសាស្ត្រចតុកោណ"ដំណាក់កាលទី៣ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ជាក់ស្តែងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះកម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជនបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ថ្លែងក្នុងពិធីបើកសន្និបាតនាពេលនេះ លោក សារុន ឫទ្ធា បានលើកឡើងថា ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់សេវា គឺពឹងផ្អែកលើការបំពេញការងាររបស់មន្ត្រីរាជការ ដូច្នេះទើបរាជរដ្ឋាភិបាលធ្វើការកែទម្រង់សីុជម្រៅក្នុងការផ្តល់សេវាសាធារណៈ ជូនអ្នកប្រើប្រាស់សេវាឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព និងភាពឆ្លើយតប។ជាគោលការណ៍មន្ត្រីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈ ត្រូវមានឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការផ្តល់សេវាសាធារណៈបានល្អ មានប្រសិទ្ធភាព និងគុណភាព គឺជាការចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ដែលជាគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ដើម្បីសម្រេចបានគោលបំណងនេះ មន្ត្រីរាជការដាច់ខាតត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងការអនុវត្តភារកិច្ចតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេសច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ក្នុងឱកាសថ្លែងបិទសន្និបាត លោក លី សាវ៉េត អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា រាល់ការបំពេញការងាររបស់ថ្នាក់លើដែលបានប្រគល់តួនាទីភារកិច្ច ត្រូវមានភាពអធ្យាក្រិត្យ ហើយមិនអនុញ្ញាតឲ្យប្រើប្រាស់មុខតំណែងរបស់ខ្លួន និងទ្រព្យសម្បតិ្តរដ្ឋជាប្រយោជន៍ផ្ទាល់ខ្លួន ឬយកម៉ោងរដ្ឋទៅប្រកបមុខរបរផ្ទាល់ខ្លួន ឬយកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬសម្លុតគំរាមកំហែងបំពានសិទ្ធិប្រជាពលរដ្ឋឬប្រកបមុខរបរណាដែលនាំឲ្យប៉ះពាល់កិតិ្តយសនិងសេចក្តីថ្លៃរបស់មន្ត្រីរាជការឡើយ។លោកក៏បានដាស់តឿនដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការទៅតាមជំនាញរៀងៗខ្លួន ដាច់ខាតមិនត្រូវមើលបំណាំគ្នា ឬនិយាយដាក់បន្ទុកគ្នាទៅវិញទៅមកនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ